ធ្មេចបើកៗរយៈពេល២ខែបានកន្លងផុតទៅ ពេលវេលាហាក់ដើរលឿនពេកហើយ។ ចាប់តាំងពីគូសង្សារទាំងពីរបែកគ្នាដោយម្នាក់នៅភ្នំពេញ និងម្នាក់នៅក្រុងព្រះសីហនុពេលណាមក ធ្វើឱ្យពួកគេឃ្លាតកាយ តែស្រមោលរូបរាងនិងសំឡេងឆ្លើយឆ្លងគ្នាមិនឃ្លាតឆ្ងាយនោះទេ ព្រោះក្នុងមួយថ្ងៃៗ គេទាំងពីរនាក់បានទូរស័ព្ទនិងឆាតឆ្លើយឆ្លងតាមហ្វេសប៊ុកមើលមុខគ្នាដូចនៅជាមួយគ្នាជាប់ជានិច្ច។
– អាឡូ! អាឡូ!…(វិសាលទូរស័ព្ទទៅកាន់ភាវី)…យីអូន ភាវី ទៅណាអីចេះ ថ្ងៃនេះទូរស័ព្ទចូលច្រើនលើកហើយនៅតែមិនឃើញទទួលអ៊ីចឹង ? ដោយមិនអស់ចិត្តវិសាលនៅតែបន្តចុចទូរស័ព្ទទៅកាន់ភាវីច្រើនលើកដដែល។ ម្ដងនេះទូរស័ព្ទររោទិ៍បានតែបន្តិច ភាវី ក៏លើកទូរស័ព្ទនិយាយទៅកាន់វិសាលដោយសម្តីកំបុត.
– អូនកំពុងរវល់…បងមានការអីចង់និយាយ …និយាយមក !
វិសាល ហាក់ធ្លាក់ថ្លើមក្តុកកាលបើសង្សារឆ្លើយមកកាន់រូបគេនូវសម្តីខុសប្លែកពីថ្ងៃធម្មតា។
– បងចង់ប្រាប់ដំណឹងមួយឲ្យអូនដឹង…
– ដំណឹងអី និយាយម៉ោ!
– យប់មិញ សោមា ចូលក្លឹបរាំច្រៀងជាមួយក្រុមក្មេងស្ទាវមួយក្រុមហើយបង្កជម្លោះវាយតប់គ្នា ផ្អើលគេទាំងយប់ ឥឡូវនេះត្រូវប៉ូលិសចាប់ដាក់ប៉ុស្តិ៍ហើយ!
– បើអ៊ីចឹងមែនឱ្យវានៅក្នុងគុកហ្នឹងទៅកុំទៅខ្វល់ (ភាវីឆ្លើយទាំងកំហឹង ហាក់គ្មានការឈឺឆ្អាលនឹងប្អូនស្រី)
– ម៉េចអូននិយាយអ៊ីចឹង ? សោមាជាប្អូនរបស់អូនណា៎មិនឱ្យបងខ្វល់យ៉ាងម៉េច!…អាឡូ…អាឡូ…! និយាយមិនទាន់ចប់ចុងដើមផងទូរស័ព្ទរបស់ភាវីត្រូវបានបិទហើយវិសាលក៏ទាក់ទងលែងបាន។ មាណពយើងជ្រួញចិញ្ចើមយកដៃញីថ្ងាសមានចម្ងល់យ៉ាងខ្លាំងទៅនឹងសម្ដីសង្សារដែលនិយាយមកកាន់គេខុសប្លែកពីធម្មតា។ យ៉ាងណាដំណឹងដែលប៉ូលិសចាប់ក្រុមក្មេងស្ទាវរួមនឹងសោមាចូលប៉ុស្តិ៍ផងដែរនេះ មិនទាន់ឮដល់ឪពុកម្ដាយសោមានៅឡើយទេ ព្រោះវិសាលទើបតែទទួលបានពីមិត្តភក្កិរបស់គេដែលដើរលេងយប់ហើយជួបព្រឹត្តិការណ៍បែបនេះតែប៉ុណ្ណោះ។ វិសាលចង់ប្រាប់ដំណឹងនេះឲ្យ ភាវីបានដឹងជាមុនទើបទូរស័ព្ទទៅប្រាប់នាង ប៉ុន្តែហាក់បីដូចជាមិនបានការ ព្រោះសង្សារមិនយកចិត្តទុកដាក់និងដំណឹងនេះព្រមទាំងមានសម្តីកាំបុតៗមកកាន់រូបគេទៀត។ អារម្មណ៍មិនល្អបានចាប់ផ្ដើមចាក់ស្រេះក្នុងខួរក្បាលវិសាលជាថ្មីម្ដងទៀត ធ្វើឱ្យគេគិតម្ដងហើយម្ដងទៀតនឹងមិនយល់ទាល់តែសោះចំពោះអាកប្បកិរិយារបស់សង្សារដែលមើលទៅហាក់ប្រែប្រួលរហ័សពេក។ ថ្ងៃនេះគេមិនបានទៅរៀនទេ ដោយយកពេលវេលានេះមកគិតនិងចង់ទៅដោះស្រាយរឿង សោមា កំពុងជាប់ឃុំនៅប៉ុស្តិ៍ប៉ូលិស។ ទីបំផុតគេក៏សម្រេចចិត្តទូរស័ព្ទប្រាប់ដំណឹងគួរឱ្យហួសចិត្តនេះទៅឪពុកសោមាបានដឹង ដើម្បីមានគំនិតរួមគ្នាយកសោមា ចេញពីប៉ុស្តិ៍ប៉ូលិសឲ្យបាន។ ដំណឹងនេះបានឮដល់ពូ ពុធនិងមីង ចាន់នី ត្រូវជាឪពុកម្តាយ ភាវី និងសោមា ។ អ្នកមានគុណទាំងពីរបានស្រងាកចិត្តយ៉ាងខ្លាំងដោយមិននឹកស្មានថាកូនពៅស្រីរបស់ពួកគាត់ធ្លាប់មានអត្តចរិតស្លូតបូតសមរម្យសោះ មិនគួរណាទៅសេពគប់មិត្តភក្កិមិនល្អប្រព្រឹត្តអំពើដែលសង្គមស្អប់ខ្ពើមរហូតធ្វើឲ្យប៉ូលិសចាប់ខ្លួនដាក់ប៉ុស្តិ៍យ៉ាងដូច្នេះ។ ពូ ពុធ តប់ប្រមល់ក្នុងចិត្តយ៉ាងខ្លាំងដោយសារពេលនេះគាត់កំពុងជួបការលំបាកត្រួតលើទុក្ខ ព្រោះពីរថ្ងៃមកហើយគាត់ទៅរត់ម៉ូតូកង់បីជួបគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូកង់បីរបស់គាត់បុកគេឲ្យរបួសយ៉ាងខ្លាំង។ ម៉ូតូកង់បីត្រូវបានប៉ូលិសឃាត់យកទៅទុកនៅអធិការដ្ឋាននគរបាលខណ្ឌកំបូល និងមិនទាន់ដោះស្រាយជាមួយជនរងគ្រោះចប់ផង ឥឡូវមកជួបបញ្ហាកូនស្រីត្រូវប៉ូលិសចាប់ដាក់ប៉ុស្តិ៍ទៀត។ ក្តីកង្វល់របស់គាត់នៅពេលនេះគ្មានអ្វីក្រៅពីទូរស័ព្ទទៅកាន់ ភាវីកូនច្បងនៅឯក្រុងព្រះសីហនុខណៈដែលគាត់សង្ឃឹមថា កូនច្បងម្នាក់នេះអាចនឹងមានលទ្ធភាពរកលុយមកដោះស្រាយវិបត្តិទាំងនេះបាន។
ពូ ពុធ ចុចទូរស័ព្ទទៅកាន់កូនស្រីម្ដងហើយម្ដងទៀតតែមិនចូល រឹតតែធ្វើឱ្យគាត់តប់ប្រមល់កាន់តែខ្លាំងឡើងៗ។
– យី! ម៉ែវា ថ្ងៃនេះម៉េចតេ(ទូរស័ព្ទ)ទៅកាន់ភាវីមិនចូលអ៊ីចឹង? ម្សិលមិញតេចូលសោះហេតុអីថ្ងៃនេះតេមិនចូល?(ពូពុធនិយាយទៅកាន់មីង ចាន់នី)
– អើ.ឯងខំតេម្ដងទៀតទៅមើលក្រែងលោហ៍កូនជាប់រវល់ឬទូរស័ព្ទវាអស់ថ្មទេដឹង?
– ខ្ញុំ បានព្យាយាមតេ ៥ ទៅ៦ ដងហើយ នៅតែមិនចូលសោះ សង្ស័យមានបញ្ហាអីទេដឹង?
– អាចមានបញ្ហាអ្វីមួយហើយប៉ាវា ព្រោះវាមិនដែលអ៊ីចឹង? (មីងចាន់នីបន្ថែម)
– មិនកើតទេ..មានតែទូរស័ព្ទទៅក្មួយវិសាលឱ្យជួយជូនទៅប៉ុស្តិ៍ប៉ូលិសដើម្បីដោះស្រាយបញ្ហានេះទើបបាន បើរង់ចាំភាវីខ្លាចហួសពេលប៉ូលិសបញ្ជូនសោមាទៅថ្នាក់លើទៀតនាំតែពិបាកដោះស្រាយ…
និយាយរួច ពូ ពុធ ចុចទូរស័ព្ទទៅកាន់វិសាលដើម្បីសុំឲ្យវិសាលទៅជាមួយគាត់ជួយដោះស្រាយឲ្យសោមា បានចេញពីការឃុំឃាំងរបស់ប៉ូលិស។
– អាឡូ! ក្មួយវិសាលមែនទេ?
– បាទលោកពូ គឺក្មួយហ្នឹងហើយវិសាល!
– ស្រួលហើយអ៊ីចឹង ក្មួយទំនេរទេ ពូពឹងក្មួយទៅប៉ុស្តិ៍ប៉ូលិសជាមួយពូដើម្បីដោះស្រាយយកសោមាចេញពីប៉ុស្តិ៍ប៉ូលិសបានទេ?
– បាទលោកពូថ្ងៃនេះក្មួយមិនបានទៅរៀនទេសម្រាកមួយថ្ងៃ ក្មួយទំនេរអាចជូនលោកពូទៅប៉ុស្តិ៍ប៉ូលិសបាន! សូមពូចាំខ្ញុំនៅផ្ទះនោះចុះ បន្តិចទៀតក្មួយទៅដល់ហើយ។(វិសាលឆ្លើយ)