សម្តេចតេជោ ហ៊ុន សែន ៖ តើពួក «ជ្រុលនិយម» មួយចំនួនតូច ព្យាយាមធ្វើអ្វីខ្លះដើម្បីគម្រាមកំហែងដល់ «សន្តិភាព»?

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាយើងមានសន្តិភាពពេញលេញ២៦ឆ្នាំមកហើយក្តី ក៏សន្តិភាពនៅតែជាបញ្ហាបច្ចុប្បន្នភាពក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនយើង ក្នុងពេលដែលនៅតែមានពួកជ្រុលនិយមមួយចំនួនតូច ព្យាយាមសាបព្រោះឥតឈប់ឈរនូវនយោបាយសតិអារម្មណ៍ជ្រុលនិយមមកលើសង្គមជាតិយើង សំដៅអុជអាល ញុះញង់ បំផុសប្រជាជន កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការឱ្យធ្វើការប្រឆាំងនឹងរាជរដ្ឋាភិបាលស្របច្បាប់ដែលនោះ គឺជាការគម្រាមកំហែងពិតដល់សន្តិភាព។

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាយើងបានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃជាច្រើនទសវត្ស ដូចនេះយើងដឹងច្បាស់ណាស់អំពីសារៈសំខាន់ដែលពុំអាចកាត់ថ្លៃបាននៃសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នៅពេលដែលគ្មានសន្តិភាព យើងមិនអាចនិយាយដល់សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ឬការអភិវឌ្ឍបានឡើយ អាស្រ័យហេតុនេះ យើងត្រូវពង្រឹងស្មារតីស្រឡាញ់សន្តិភាព និងការពារសន្តិភាពដែលរកបានមកដោយលំបាក បំផុតនេះ ឱ្យគង់វង្សជារៀងដរាបលើទឹកដីមាតុភូមិដ៏កម្សត់របស់យើងហើយមិនអនុញ្ញាតដាច់ ខាតឱ្យជនណាឬកម្លាំងណាមកបំផ្លាញសន្តិភាពនេះបានឡើយ។

លើលពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ជាថ្មីថា ដល់ពេលដែលត្រូវកសាងច្បាប់ដែលនឹងកំណត់ចំពោះជនណា ឬក្រុមណាដែលមានគម្រោងការ ឬអំពើឃុបឃិតបង្កើត ចលនាប្រឆាំងជ្រុលនិយម បង្កភាពវឹកវរ អសន្តិសុខក្នុងសង្គម បង្កឱ្យមានជម្លោះជាមួយរដ្ឋដទៃ និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ គឺជា «ភេរវករ» ដែលត្រូវតែនាំខ្លួនយកមកវិនិច្ឆ័យទោសដើម្បីការពារសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការគោរពចំពោះទឹកចិត្តស្នេហាជាតិដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋគ្រប់ទិសទី ទាំងក្នុង និងក្រៅប្រទេស ដែលបានធ្វើសកម្មភាពរួមគ្នាក្នុងមហាចលនាជាតិ ផ្តល់ការគាំទ្រពេញទំហឹង ដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ៊្វូណនតេជោ, ការដកខ្លួនពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ CLV-DTA និងការបង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន ដែលបានធ្វើឱ្យបរាជ័យនូវ ឧបាយកលរបស់ពួកជ្រុលនិយម និងមជ្ឈដ្ឋានអគតិមួយចំនួនដែលប៉ុនប៉ងប្រើប្រាស់បញ្ហាទាំងនេះ ដើម្បី បង្កអស្ថិរភាពនយោបាយ និងការបែកបាក់ជាតិ។
សម្ដេចតេជោ ហ៊ុន សែន៖ ក្នុងស្មារតី និងជំហរទទួលខុសត្រូវខ្ពស់ បច្ចុប្បន្នរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា កំពុងបំពេញ បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ ឆ្ពោះទៅសម្រេចចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print