ឯកឧត្ដម ឃួង ស្រេង ចុះពិនិត្យ ដើម្បីពន្លឿនការងារការដ្ឋានសាងសង់ប្រឡាយនិងស្ថានីយ៍បូមទឹក អូរអាគុជ នៅក្នុងខណ្ឌសែនសុខ និងឫស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ដ្រី ជំនាញ ពាក់ព័ន្ធ ពិសេសមន្ទីរសាធា រណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌសែនសុខ ,ខណ្ឌប្ញស្សីកែវ ចុះពិនិត្យ ទីតាំងប្រឡាយអូរអាគុជ ដើម្បីពន្លឿនការដ្ឋានការងារសាងសង់ប្រឡាយ និងស្ថានីយ៏មួយចំនួន ក្នុងមូលដ្ឋានខណ្ឌសែនសុខ ហើយបន្តរហូតដល់ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រ ខណ្ឌឬស្សីកែវ ខណៈ ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩នេះ បាននិងកំពុងសាងសង់ជិតរួចរាល់ហើយនោះ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ។
ក្នុងដំណើរចុះពិនិត្យមើលស្ថានភាពប្រឡាយជាច្រើននៅក្នុងមូលដ្ឋានខណ្ឌសែន សុខនិងខណ្ឌឬស្សីកែវ នេះឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនិងមន្ត្រីជំនាញរដ្ឋបាលរាជធានីធ្វើយ៉ាងណាដើម្បីរិះរកគ្រប់មធ្យោបាយរំដោះទឹកចេញក្រៅក្រុងដោះស្រាយឱ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនារដូវវស្សាខាងមុខនេះ។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យមន្ទីរជំនាញពង្រីក និងស្តារប្រឡាយអូរអាគុជ រហូតដល់ប្រឡាយមេខាងជើងរាជធានី ធ្វើការដាក់លូជ្រុងទំហំ៤ម៉ែត្រ កាត់ផ្លូវលេខ១០០៧ ក្នុងខណ្ឌសែនសុខ ដើម្បីរំដោះទឹកភ្លៀងនៅផ្លូវ១៩៨៦ និងតំបន់មួយចំនួនក្នុងសង្កាត់ភ្នំពេញថ្មី ដោយសារតំបន់នេះឧស្សាហ៍ទទួលរងការលិចលង់នៅពេលភ្លៀងខ្លាំងម្តងៗ។
ឯកឧត្ដម ឃួង ស្រេង នូវបានណែនាំឱ្យមន្ទីរសាធារណ ការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ស្តារប្រឡាយពោងពាយ ប្រឡាយអូរវែង ដល់ប្រឡាយមេខាងជើង។ ដាក់លូទំហំ១ ម៉ែត្រកន្លះ កាត់ផ្លូវលេខ១០០៣ ដាក់លូជ្រុងនៅផ្លូវK2 ដើម្បីដោះស្រាយការលិចលង់នៅលើផ្លូវហាណូយ ធ្វើយ៉ាងណាអាចនាំទឹកហូរចូលទៅប្រឡាយពោងពាយ បន្តទៅស្ថានីយបូមទឹកកប់ស្រូវ និងស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ។
បន្ថែមពីនេះទៀត ឯកឧត្ដម ឃួង ស្រេង បានណែនាំឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញសិក្សាឱ្យបានលំអិតបន្ថែមទៀត ដើម្បីរំដោះទឹកភ្លៀងចេញពីផ្លូវលេខ៥៩២ នៅតំបន់សាលារៀនបឋមសិក្សាទួលគោក ក្នុងភូមិសាស្ត្រខណ្ឌទួលគោកនិងបានជំរុញឱ្យ អាជ្ញាធរខណ្ឌធ្វើការណែនាំឱ្យប្រជាពលរដ្ឋ កុំបោះសំរាម ចូលក្នុងឡាយទឹក។សូមបងប្អូនប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីកាត់បន្ថយបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀង៕

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print