ខេត្តក្រចេះ÷ បុរសជាប្ដីម្នាក់ខឹងប្រពន្ធរបស់ខ្លួនព្រោះតែប្រច័ណ្ឌគ្មានសមហេតុផល បានលើកដៃសម្លាប់ប្រពន្ធរបស់ខ្លួនគួរឲ្យសង្វេក។ ហេតុការណ៍អំពើឃាតកម្ម (ប្តីអាករប្រពន្ធនិងកូនកាំបិត)កើតឡើងនៅវេលាម៉ោង១១ ព្រឹកថ្ងៃទី០៩ខែមករាឆ្នាំ ២០២៥ នៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបងឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ បន្ទាប់ ពីធ្វើសកម្មភាពព្រៃផ្សៃនេះរួចបុរសជាប្ដីបានជិះម៉ូតូរត់នគេចខ្លួន។ ក្រោមបញ្ជាពីលោកអធិការនគរបាលស្រុក ឆ្លូងក៏ដូចជាស្នងការនគរបាលខេត្តក្រចេះបានឲ្យកម្លាំងជាច្រើននាក់ ចេញប្រតិបត្តិការតាមរុករកឃាតករជាប្ដី ទីបំផុតដោយខ្លាចសមត្ថកិច្ចចាប់ខ្លួនជនជាឃាតករសម្រេចជីវិតគិតខ្លីចងកធ្វើអត្តឃាត។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងអំពើឃាតកម្មនេះឈ្មោះ ទេស ម៉ានីន ភេទស្រី អាយុ ៣១ ឆ្នាំ មុខរបរ ចុងភៅ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្រកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្ត ក្រចេះ (ប្រពន្ធ) ។ ចំណែកជនសង្ស័យឈ្មោះ ខ្នា និត ភេទប្រុស អាយុ៣១ ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ (ប្តី) ។
តាមការបំភ្លឺពីឈ្មោះ ប៉ុល ណាង ភេទ ស្រី អាយុ ៧២ ឆ្នាំ មានទីលំនៅចំណុចអន្លង់ក្រវែន ភូមិច្ររកដំបង ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ (ម្តាយជនរងគ្រោះ) បានឲ្យដឹងថា កូនស្រីរបស់ខ្លួន (ជនរងគ្រោះ) បានទៅធ្វើការជាចុងភៅ នៅក្រុងបាវិត ខេត្តស្វាយរៀង បានរយះពេល ២ឆ្នាំ រស់នៅជាមួយគ្នា នៅភូមិឃុំកើតហេតុ ខាងលើ។ លុះថ្ងៃទី ០៤ ខែមករា ឆ្នាំ ២០២៥ កូនប្រសារ របស់ខ្លួនទៅធ្វើសំណង់ នៅឃុំ ត្រពាំងថ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ហើយនៅថ្ងៃទី ០៨ ខែមករា ឆ្នាំ២០២៥ កូនស្រីរបស់ខ្លួនបានមកលេងខ្លួន រហូតដល់ថ្ងៃទី ០៩ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ និង ៣០នាទី ខ្លួនទៅជញ្ជាត់ត្រីនៅចំហៀងផ្ទះមានចម្ងាយប្រហែល ៣០ម៉ែត្រពីផ្ទះ។
ស្ត្រីជាម្ដាយបានឲ្យដឹងថា លុះដល់វេលាម៉ោង ១១ ព្រឹក ខ្លួនបានឮសំលេងចៅៗស្រែកយំ ខ្លួនក៏រត់មកមើលស្រាប់តែឃើញចៅស្រែកយំនៅមុខបន្ទប់ក្រោមផ្ទះ ខ្លួនបើកបន្ទប់មើលឃើញកូនស្រីរបស់ខ្លួនដេកស្លាប់បាត់ទៅហើយ រួចខ្លួន និងកូនប្រុស ឈ្មោះ ទៀង សារ៉េត បានមកជួយលើកសាកសពកូនស្រី ដាក់លើគ្រែមុខផ្ទះ ហើយពេលនោះខ្លួនបានឃើញកូន ប្រសារ របស់ខ្លួនមិនដឹងមកផ្ទះតាំងពីពេលណាទេ ជិះម៉ូតូចេញពីផ្ទះពាក់អាវពណ៌ផ្ទៃមេឃ ដៃខ្លីប្រលាក់ដោយឈាម ជិះចេញទៅបាត់ ។
ក្រោយធ្វើសកម្មភាពរួចជនសង្ស័យបានជិះម៉ូតូចេញបានចម្ងាយ ប្រហែល ៤០០ម៉ែត្រពីផ្ទះកើតហេតុ បានដោះអាវចេញ រួចជិះចូលទៅចម្ការស្វាយចន្ទីរបស់ខ្លួន ដែលមានចម្ងាយ ប្រហែល ៥គីឡូម៉ែត្រ ពីផ្ទះកើតហេតុ ហើយធ្វើអត្ដឃាតចងក សម្លាប់ខ្លួន ។
គួរបញ្ជាក់ថា ក្រោយអំពើឃាតកម្មនេះកើតឡើងលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបានបញ្ជាឲ្យកម្លាំងជំនាញព្រហ្មទណ្ឌខេត្តរួមទាំងស្រុកសហការគ្នាតាមរុក រកបុរសឃាតករជាប្ដីដោយបានស្វែងរកគ្រប់ច្រកល្ហកតែមិនឃើញទាល់តែសោះ ទីបំផុតឃាតករដែលជាប្ដីបានរត់ទៅចងកធ្វើអត្តឃាតបញ្ចប់ជីវិតតាមក្រោយ។
ក្រោយទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកឆ្លូង សហការមួយកម្លាំងជំនាញខេត្ត និងប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ចុះពិនិត្យស្រាវជ្រាវដល់កន្លែងកើតហេតុ ។
តាមការពិនិត្យកន្លែងកើតហេតុ និងប្រមូលព័ត៌មានជំវិញកន្លែងកើតសមត្ថកិច្ចសន្ឋិដ្ឋានថាករណី ឃាតកម្មខាងលើ និងធ្វើអត្ដឃាត ចងក សម្លាប់ខ្លួនមកពីការប្រច័ណ្ឌប្រពន្ធតែមិនបានសំដៅទៅលើបុគ្គលណាម្នាក់ឲ្យបានច្បាស់លាស់នោះទេ។ កម្លាំងជំនាញបច្ចេកទេសស្រុកឆ្លូង និងកម្លាំងជំនាញបច្ចេកទេសខេត្ត ប៉ុស្តិ៍រដ្ឋបាលកំពង់ដំរី ពេទ្យមណ្ឌលសុខភាពកំពង់ដំរី និងលោកមេភូមិច្រកដំបង បានពិនិត្យសាកសពឈ្មោះ ទេន ម៉ានីន ពិតជាស្លាប់ដោយអំពើឃាតកម្ម និងសពឈ្មោះ ខ្នា និត ពិតជាស្លាប់ដោយធ្វើអត្ដឃាត(ចងក) ពិតប្រាកដមែន ។
បច្ចុប្បន្នសាកសព ទាំងពីរបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីក្រោមសំឡេងទួញសោកអាណិតអាឡោះអាល័យជាទីបំផុត៕