ថៃអាចនឹងបាត់បង់អ្នកទេសចរណ៍បរទេសយ៉ាងតិច ២សែននាក់ និងខាតបង់ទឹកប្រាក់យ៉ាងតិច ៣០០លានដុល្លារអាមេរិកក្រោយរងការវាយប្រហារគ្រាប់បែកជាច្រើនលើកនាពេលកន្លងមកនៅក្នុងតំបន់ទេសចរណ៍សំខាន់ៗរបស់ប្រទេសនេះ។
លោក Yuthasak Supasorn ប្រធានក្រសួងទេសចរណ៍ថៃបានឲ្យដឹងនៅថ្ងៃទី១៥ ខែសីហា ថា ប្រទេសនេះនឹងបាត់បងអ្នកទេសចរណ៍ប្រមាន ២សែននាក់ និងខាតបង់ប្រាក់ប្រមាណ ២៩៣លានដុល្លារអាមេរិកនៅក្នុងឆ្នាំនេះ។
កន្លងមកថៃរំពឹងថានឹងមានអ្នកទេសចរណ៍រហូតដល់ទៅ ៣២លាននាក់ អាចនាំមកនៅចំណូលជូនជាតិប្រមាណ៧០ពាន់លានដុល្លារ ។ ប៉ុន្តែសកម្មភាពវាយប្រហារភេរវកម្មជាបន្តបន្ទាប់បានធ្វើឲ្យបាតបង់ប្រាក់ចំណូលអ្នកទេសចរណ៍ថយចុះ។
កន្លងមកមានការបំផ្ទុះគ្រាប់បែកនៅក្នុងខេត្តចំនួន០៥ ស្ថិតប៉ែកខាងត្បូងដែលបណ្តាលឲ្យស្លាប់មនុស្ស ៤នាក់ និងរបួសជាច្រើននាក់មក ការស៊ើបអង្កេតស្វែងរកក្រុម និងជនដៃដល់បាននឹងកំពុងបន្តធ្វើយ៉ាងសកម្ម។ សន្តិសុខត្រូវបានពង្រឹងនៅទូទាំងប្រទេស ពិសេសនៅកន្លែងទេចរណ៍ និងកន្លែងសាធារណៈមួយចំនួន ដូចយ៉ាងនៅអាកាសយានដ្ឋាន និងនៅស្ថានីយ៍រថភ្លើង។ យ៉ាងណាក៏ដោយការវាយប្រហារនេះបាននឹងកំពុងជះឥទ្ធិពលយ៉ាងអាក្រក់ដល់វិស័យទេសចរណ៍។
រហូតដល់ពេលនេះនៅមិនទាន់មានក្រុម ឬចលនាណាមួយបានចេញមុខប្រកាសថា ជាស្នាដៃរបស់ខ្លួននៅឡើយទេ ហើយក្រុមអ្នកស៊ើបអង្កេតក៏កំពុងបន្តធ្វើការស្រាវជ្រាវដោយនៅមិនទាន់ហ៊ានសន្និដ្ឋានអ្វីទាំងអស់។ ក៏ប៉ុន្តែរបបសឹកហាក់បីដូចជាបានចាត់ទុកការវាយប្រហារនោះជាវិច្ឆេទកម្មក្នុងស្រុកជាជាងជាទង្វើភេរវកម្មអន្តរជាតិ។ មេប៉ូលិសរងថៃបានប្រកាសឲ្យដឹងនៅថ្ងៃសៅរ៍ទី១៣ ខែសីហា នេះថា កម្លាំងប៉ូលិសនឹងផ្តោតការយកចិត្តទុកដាក់ខ្លាំងលើព័ត៌មានសម្ងាត់ និងការឃ្លាំមើល ហើយថា ការសិក្សាលើ ADN ដែលស្រង់បានពីកន្លែងកើតហេតុកំពុងបន្តធ្វើយ៉ាងសកម្ម។
ដោយមិននិយាយចំៗលើពួកប្រឆាំងដែលគេស្គាល់ថា ជាពួកអាវក្រហម មេប៉ូលិសរងថៃរូបនេះដដែលបានព្យាយាមបញ្ជាក់ថា ព្រឹត្តិការណ៍បំផ្ទុះគ្រាប់បែកនោះមិនមែនជាការពង្រីកឥទ្ធិពលរបស់ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូងទេ និងថា កម្លាំងសន្តិសុខត្រូវបានពង្រឹងបន្ថែមនៅទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍នេះទេនៅតាមតំបន់ទេសចរណ៍ និងនៅតាមកន្លែងសាធារណៈ ដូចយ៉ាងនៅអាកាសយានដ្ឋាន និងស្ថានីយ៍រថភ្លើង។
ដោយឡែកអ្នកនាំពាក្យប៉ូលិសថៃបានបញ្ជាក់នៅថ្ងៃនេះថា ប៉ូលិសបានចោទសួរលើជនមួយចំនួននាថ្ងៃសុក្រ ទី១២ ខែសីហា តែមិនមានការឃាត់ខ្លួនជនណាម្នាក់ទេ។ អ្នកនាំពាក្យប៉ូលិសថៃរូបនេះដដែលមិនបានប្រាប់ពីអត្តសញ្ញាណលើជនចោទសួរទាំងអស់នោះទេ តែបានបញ្ជាក់ថា គ្រាប់បែកច្នៃទាំង ១១គ្រាប់ដែលបានផ្ទុះពីយប់ថ្ងៃព្រហស្បតិ៍ឆ្លងចូលថ្ងៃសុក្រទី១២ ខែសីហា ពិតជាស្នាដៃរបស់ក្រុមតែមួយ។
គួររំលឹកជូនថា ក្នុងចំណោមខេត្តទាំង០៥ ដែលរងការវាយប្រហារ ហួរហ៊ីន ជាខេត្តទេសចរណ៍មាត់សមុទ្រដែលរងគ្រោះធ្ងន់ជាងគេជាមួយនឹងការបំផ្ទុះចំនួន០២ដងដោយសម្លាប់មនុស្ស ២នាក់៕
ប្រែសម្រួល៖ ម៉ែវ សាធី