នគរបាលព្រហ្មទណ្ឌ ដឹកនាំបង្ក្រាបករណីឃាតកម្មនៅក្រុងព្រះសីហនុ, ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្ត សៀមរាប

ចែករំលែក៖

ខេត្តសៀមរាប÷កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅវេលាម៉ោង១៖៣០នាទីរំលងអធ្រាត្រមានករណីមនុស្សស្លាប់ នៅចំណុចផ្ទះសំណាក់ សុវណ្ណារីសត ស្ថិតក្នុងភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដែលបង្ក ឡើងដោយជនសង្ស័យឈ្មោះ ពន្លឺ ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ ជាកម្មករផ្ទះសំណាក់ខាងលើ។ ជនរង គ្រោះមានឈ្មោះ ថ្លាង ម៉េងលី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាមេការនៅផ្ទះសំណាក់ខាងលើ។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តសៀមរាប ធ្វើការស្រាវជ្រាវតាមនីតិវិធីយ៉ាងយកចិត្តទុកដាក់ រហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ។

លុះនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៣ និង៣៥នាទី កម្លាំងជំនាញបន្តដឹកនាំសហការដោយឃាត់ខ្លួនបានជនសង្ស័យខាងលើ មានឈ្មោះ លុន ភាពន្លឺ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ត្រង់ចំណុចផ្ទះសំណាក់ ប៊ុនសាយ មណ្ឌល៣ សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ជនសង្ស័យខាងលើបានឆ្លើយសារភាពថា កាលពីថ្ងៃ កើតហេតុខ្លួន និងជនរងគ្រោះបានឈ្លោះប្រកែកគ្នា ពីបញ្ហារឿងរៀបចំការងារក្នុងផ្ទះសំណាក់។ បន្ទាប់មកពេលដែលជនរងគ្រោះបែរខ្នងចេញ ខ្លួនក៏បានទាញញញួរវាយចំក្បាលផ្នែកខាងក្រោយបណ្តាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

 បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាំខ្លួនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុជាម្ចាស់ករណី កសាងសំណុំរឿងតាមនីតិវិធីបន្ត៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print