ខេត្តកណ្ដាល៖ ពាក្យចាស់លោកពោលថា «កុកភ្លេច ជុងមិនភ្លេចកុក» យ៉ាងណាមិញមនុស្សប្រព្រឹត្ដអំពើអាក្រក់រមែងគេចមិនផុតពីសំណាញ់ច្បាប់ ។ ជាក់ស្ដែងបុរសម្នាក់នេះបានធ្វើសកម្មភាពវាយគូរទំនាស់ បណ្ដាលឲ្យរងរបួសរួចគេចខ្លួនចេញពីលំនៅដ្ឋានអស់រយៈពេលជាច្រើនឆ្នាំ ពេលត្រឡប់មកវិញក៏ត្រូវសមត្ថកិច្ចនគរបាលក្របួចចាប់ខ្លួន ដោយអនុវត្ដតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបួងខេត្ដកណ្ដាល ។
ប្រតិបត្ដិការបង្រ្កាបឃាត់ខ្លួនជនត្រូវចោទខាងលើនេះ ធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ចំណុចលំនៅដ្ឋានជនត្រូវចោទ ស្ថិតក្នុងភូមិជៃធំ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនត្រូវចោទឈ្មោះ រិន រ៉េត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជៃធំ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល ត្រូវបានសមត្ថកិច្ចប៉ូលិសចុះអនុវត្ដដីកាបង្គាប់ឲ្យចាប់ខ្លួននៅលំនៅដ្ឋាន ។
ដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៨៩១ ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ដកណ្ដាល ។ លោក ផូង វណ្ណ បានសម្រេចចោទប្រកាន់ឈ្មោះ រិន រ៉េត ពីបទបង្ករបួសស្នាមដោយចេតនា ដែលបានប្រព្រឹត្ដនៅភូមិជៃធំ ឃុំជៃធំ ស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ ។
ប្រភពដដែលបានរំឮកថា កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៨ កន្លងទៅជាងរយៈពេល៨ឆ្នាំ ជនត្រូវចោទខាងលើនេះបានធ្វើសកម្មភាពវាយគូរទំនាស់ក្នុងជំលោះពាក្យសំដី បណ្ដាលឲ្យជនរងគ្រោះរងរបួសលើរាងកាយ ។ ក្រោយពីធ្វើសកម្មភាពរួចជននេះបានគេចខ្លួនចេញពីលំនៅដ្ឋានដោយពុំដឹងថា ទៅទីណានោះទេ រហូតអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះទើបជនត្រូវចោទត្រឡប់ចូលលំនៅដ្ឋានវិញ ខណៈដែលសមត្ថកិច្ចមានដីកាបង្គាប់ឲ្យចាប់ខ្លួននៅដៃក៏ចុះអនុវត្ដចាប់ខ្លួនជនត្រូវចោទខាងលើនេះតែម្ដង ៕
ដោយ៖ ស្អាងជ័យ