Update ៖ ផ្ទះឈើមួយខ្នងដែលត្រូវអគ្គិភ័យឆាបឆេះកាលពីយប់មិញនៅសង្កាត់ចុងឃ្នៀសឆេះអស់ទាំងស្រុងសង្ស័យឆ្លងចរន្តអគ្គិសនី

ចែករំលែក៖

ខេត្តសៀមរាប ៖ ផ្ទះឈើមួយខ្នងត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅទាំងស្រុង បង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុក និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញទៅជួយអន្តរាគមន៍ពន្លត់ភ្លើងកុំឲ្យឆេះរាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៨យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅជើងភ្នំក្រោម ភូមិ២ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ផៃ វាសនា ហៅខ្នា មុខរបរ នេសាទ មានប្រពន្ធ និងកូន៣នាក់ ផ្ទះដែលឆេះសង់ពីឈើប្រក់ស័ង្កសី ទំហំ៧ម៉ែត្រx៩ម៉ែត្រ រងខូចខាតអស់ទាំងស្រុង អស់ទាំងទ្រព្យសម្បត្តិ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា ក្នុងដើមខែមករានេះ ក្នុងភូមិខាងលើ កើតមានអគ្គិភ័យឆេះផ្ទះចំនួន២ករណីហើយ លើកទី១ នៅវេលាម៉ោង៧យប់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អគ្គិភ័យឆេះផ្ទះ ម្ចាស់ឈ្មោះ ចាន់ សុផាណា និងប្រពន្ធឈ្មោះ ជិន លីណា ដើមហេតុដោយសារប្តីស្រវឹងស្រាដុតផ្ទះខ្លួនឯង លុះមកដល់វេលាម៉ោង៨យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ កើតមានអគ្គិភ័យឆេះផ្ទះឈើមួយខ្នង គ្រាដែលម្ចាស់នៅផ្ទះមួយទៀត ដែលពលរដ្ឋសង្ស័យមកពីឆ្លងចរន្តអគ្គិសនីឆេះពីលើដើមឈើ រាលចូលដល់ផ្ទះ បង្កឱ្យភ្ញាក់ផ្អើលអ្នកស្រុក សមត្ថកិច្ច រថយន្តពន្លត់អគ្គិភ័យ ជួយអន្តរាគមន៍ ។

ពលរដ្ឋបន្តទៀតថា មុនកើតហេតុ ម្ចាស់ផ្ទះជាប្តី ចេញទៅរាយមងរកត្រី នៅឯបឹងបាត់ហើយ ចំណែកប្រពន្ធ ជាប់រវល់នៅផ្ទះញាតិក្បែរខាង រីឯកូន៣នាក់ រវល់តែទៅដេកលេងនៅផ្ទះខាងដន្លង ក្នុងភូមិនោះដែរ ពោលផ្ទះពុំមានអ្នកនៅឡើយ ស្រាប់តែនៅម៉ោងកើតហេតុ ឃើញភ្លើងឆេះពីលើដើមឈើ រាលចូលដល់ផ្ទះ ផ្អើលដល់ប្រជាពលរដ្ឋជួយដងទឹកជះ តែមិនឈ្នះ ព្រោះផ្ទះឈើ ភ្លើងឆេះលឿន ស្របពេលដែលអាកាសធាតុ ស្ងួត ធ្លាក់ខ្យល់ផង ។

សមត្ថកិច្ចបានឲ្យដឹងថាគ្រោះអគ្គិភ័យខូចខាតផ្ទះអស់មួយខ្នងទាំងស្រុង ហើយចំពោះមូលហេតុសមត្ថកិច្ចយើងបានសន្និដ្ឋានជាជំហ៊ានដំបូងផ្តើមចេញពីករណីឆ្លងចរន្តអគ្គិសនី៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print