ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បានថ្លែងថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ហើយទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។
នាឱកាសអញ្ជើញជាអធិបតីពិធីបើកព្រឹត្តិការណ៍ប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ លោកអភិសន្តិបណ្ឌិត ស សុខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំរៀបចំព្រឹត្តិការណ៍បាល់ទាត់ខាងលើ ក៏ដូចជា ការខិតខំរៀបចំក្រុមដើម្បីចូលរួមប្រកួត ក្នុងស្មារតីលេងកីឡា ដើម្បីសុខភាព មិត្តភាព សាមគ្គីភាព ក៏ដូចជាបង្កើន និងពង្រឹងទំនាក់ទំនងល្អ រវាងកីឡាករ និងក្រុម ដែលជាតំណាងអង្គភាពចំណុះក្រសួងមហាផ្ទៃទាំងអស់ ដែលបានចូលរួមការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ នេះ។
លោកអភិសន្តិបណ្ឌិត ស សុខា មានប្រសាសន៍ថា «យើងបានដឹកហើយថា វិស័យកីឡា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការពង្រឹងទំនាក់ទំនង និងការបង្កើតសាមគ្គីភាព និងការលើកកម្ពស់សុខុមាលភាពសង្គម ដែលទាំងនេះ គឺជាចលករដ៏មានសារៈសំខាន់ ក្នុងការជំរុញ និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ ការចូលរួមប្រកួតកីឡា បានបង្កើតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ឱ្យកាន់តែស្និទ្ធស្នាល រវាងកីឡាករ កីឡាការិនី ក៏ដូចជារវាងអង្គភាពនានា ចំណុះឱ្យក្រសួងមហាផ្ទៃ»។
លោកអភិសន្តិបណ្ឌិត បន្ដថា លើសពីនេះ កីឡា ក៏បានចូលរួមចំណែកកាត់បន្ថយនូវភាពតានតឹងតឹងផ្លូវចិត្ដ បញ្ជៀសនូវការប្រព្រឹត្តអំពើអបាយមុខ និងអំពើខុសច្បាប់នានាក្នុងសង្គម រួមមានជាអាទិ៍៖ ការប្រើប្រាស់គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ អំពើហិង្សាក្នុងគ្រួសារជាដើម។ ផ្ទុយទៅវិញ កីឡាបាននាំមកនូវកាយសម្បទារឹងមាំ សុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ដ ដែលប្រជាពលរដ្ឋចង់បាន និងចង់ឃើញនៅក្នុងសង្គមជាតិរបស់ខ្លួន ស្របតាមការយកចិត្តទុកដាក់ និងខិតខំប្រឹងប្រែងលើកស្ទួយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ប្រធានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក៏បានផ្ដាំផ្ញើដល់កីឡាករទាំងអស់ ដែលបានចូលរួមក្នុងការប្រកួត «ពានរង្វាន់កីឡាបាល់ទាត់ក្រសួងមហាផ្ទៃ» លើកទី២ ឆ្នាំ២០២៥នេះ ត្រូវបន្ដរក្សាឱ្យបាននូវការប្រកួតប្របដោយស្មារតីយោគយល់អធ្យាស្រ័យគ្នា ដោយឈរលើគោលការណ៍ Fair-Play សាមគ្គីភាព គោរពវិន័យ និងការអនុវត្តតាមបទបញ្ជាការប្រកួតផងដែរ៕
ដោយ ៖ សិលា