ខេត្តបាត់ដំបង៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃសៅរ៍ ៥រោច ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារក្រសួង រួមមាន លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ និងលោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង ចុះពិនិត្យលើសមទ្ធិផលរបស់កម្មវិធីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងធនធានទឹក និងឧតុនិយម ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសហហិរញ្ញប្បទានពីធនាគារវិនិយោគអឺរ៉ុប (EIB) ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងក្រុមការងារបានចុះពិនិត្យជាក់ស្តែង ចាប់ពីតំបន់ជម្រាលនៃខេត្តប៉ៃលិន និងផ្ទៃរងទឹកភ្លៀងទាំងអស់ រហូតមកដល់តំបន់បវេល តំបន់តាហែន តំបន់វាលទ្រា តំបន់គគីរ តំបន់ភាស តំបន់កំពីងពួយ តំបន់គាស់ក្រឡ តំបន់កង្ហត តំបន់មោងឫស្សី តំបន់ព្រែកជី តំបន់ស្វាយដូនកែវ និងតំបន់រាមគុណ។
លោករដ្ឋលេខាធិការបញ្ជាក់ថា ដំណើរចុះបេសកកម្មនេះ ដើម្បីពិនិត្យមើលលើផែនការការងារសហប្រតិបត្តិការរបស់ក្រសួងធនធានទឹក និងឧតុនិយម ជាមួយបណ្តាស្ថាប័នហិរញ្ញប្បទានកំពូលៗជាតិ និងអន្តរជាតិខាងលើ ដើម្បីបន្តធ្វើការអនុវត្តនាពេលខាងមុខដ៏ខ្លី៕ ដោយ៖តារា