ខេត្តបន្ទាយមានជ័យ: ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចបញ្ជាក់ថាៈនៅវេលាម៉ោង០៩ និង០០នាទីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះ ណា រុំ ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីបាត់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1A-8827 កាលពីវេលាម៉ោង០៦និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ បន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះខាងលើរួច កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះទៅដល់ទីតាំងកើតហេតុ ហើយធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាបាន រហូតដល់វេលាម៉ោង២២ និង០០នាទី ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ទើបឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះចែម វាសនា ភេទប្រុស អាយុ៣៧ឆ្នាំ នៅចំណុចផ្សារត្រី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួមទាំងដកហូតវត្ថុតាងម៉ូតូជនរងគ្រោះមកវិញ សូមបញ្ជាក់ថា ជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសួរនាំតាមនីតិវិធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លេីយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះពិតប្រាកដមែន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនផងដែរ ហេីយធ្លាប់ជាប់នៅមណ្ឌលកែប្រែភ្នំបាក់ ក្នុងក្រុងសិរីសោភ័ណ ចំនួន០៤លើកផងដែរ។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។ ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជនរងគ្រោះវិញហេីយ៕វណ្ណា