ភ្នំពេញ ៖ ប្រជាពលរដ្ឋ ឡើងមកប្រមូលផ្ដុំគ្នា បិទផ្លូវជាតិលេខ២ សុំឲ្យអាជ្ញាធរ ជួយរកដំណោះស្រាយ ដើម្បីយកទឹកដាក់ស្រូវ ដែលកំពុងខ្វះខាត នៅព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នៅមុខវត្តដីក្រហម ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ ។
ពាក់ព័ន្ធករណី នៅរសៀលថ្ងៃដដែល លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ៖ ក្រសួងកសិកម្មបានទទួលព័ត៌មានរួចហើយពីករណីបងប្អូនកសិករបានបិទផ្លូវដើម្បីស្នើសុំជួយដោះស្រាយបញ្ហាខ្វះខាតទឹកសម្រាប់បង្កបង្កើនផលស្រូវ នៅឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ បងប្អូនកសិករបានធ្វើការរំសាយគ្នាវិញអស់ហើយ ។
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ បានបន្តថា ៖ ស្របពេលដែលលោកទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ឌិត ទីណា និង លោករដ្ឋមន្ត្រីក្រសួងធនធានទឹក ថោ ជេដ្ឋា កំពុងធ្វើដំណើរទៅកាន់ទីតាំងជួបប្រទះបញ្ហានេះ ដើម្បីជួបជាមួយបងប្អូនកសិករដោយផ្ទាល់ផងដែរ។
លោកបន្តថា ៖ ក្រសួងនឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតនៅពេលក្រោយ ៕
ដោយ ៖ សិលា