ភ្នំពេញ ៖ ឆ្លើយតបទៅនឹងអត្ថបទចុះផ្សាយនៅព្រឹកថ្ងៃចន្ទ ទី២០ ខែមករា ឆ្នាំ២០២៥ របស់វិទ្យុអាស៊ីសេរី ស្តីពីការលើកឡើង ដោយភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មុនឃាត់ខ្លួនជាអ្នកកាប់គោលក់ ដែលត្រូវបានដាក់ឲ្យត្រួតពិនិត្យតាមផ្លូវតុលាការពីបទ “ញុះញង់បង្កឲ្យមានភាពវឹកវរដល់សន្តិសុខសង្គម” មណ្ឌលអប់រំ កែប្រែទី១ មានកិត្តិយសសូមបំភ្លឺជូនសាធារណជន មេត្តាជ្រាប ដូចខាងក្រោម៖
ជនជាប់ឃុំខាងលើកំពុងស្ថិតក្នុងនីតិវិធីតុលាការដែលជាប្រភេទជនជាប់ឃុំមានចំណាត់ថ្នាក់សន្តិសុខកម្រិតខ្ពស់(A1)។
-គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នេះ ឈ្មោះ សាន សិទ្ធ ត្រូវបានឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ បានរយៈ ពេលជិត ៦ខែ តែមានការអនុញ្ញាតឲ្យជួបគ្រួសារសរុបចំនួន ២២លើក ដូច្នេះជាមធ្យម មណ្ឌលអនុញ្ញាតឲ្យជួបបាន ១ដង ក្នុង១សប្តាហ៍ គឺស្របតាមចំនួនកំណត់ដូចជនជាប់ឃុំទូទៅ។
-ចំពោះការទាមទារឲ្យយកបញ្ញើចូលពីខាងក្រៅតាមអំពើចិត្តជាទង្វើបំពានគោលការណ៍ សន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ ដែលមណ្ឌលបានដាក់ចេញ។
-ក្រៅពីអនុញ្ញាតឲ្យជួបគ្រួសារ និងបញ្ញើតាមគោលការណ៍កំណត់ដោយច្បាប់ និងបទបញ្ជាផ្ទៃក្នុង មណ្ឌលក៏ពុំបាន បំពានសិទ្ធិទទួលបានជំនួយផ្នែកច្បាប់ពីជនជាប់ឃុំនោះដែរ ជាក់ស្តែងរូបគាត់មានមេធាវីការពារក្តីដល់ទៅបីនាក់។
-បន្ទាប់ពីបានសួរនាំសាម៉ីខ្លួន និងសាកសួរយ៉ាងល្អិតល្អន់ជាមួយមន្ត្រីអនុរក្ស មណ្ឌលយល់ឃើញថា ការលើកឡើង ដោយស្ត្រីជាភរិយារបស់ជនជាប់ឃុំឈ្មោះ សាន សិទ្ធ និងការបន្ថែមល្បាយពីអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ ដែលកំពុង ទទួលប្រាក់ខែពីបរទេស មានចេតនាលាបពណ៌ បំភ្លៃការពិតទាំងស្រុង ក្នុងចេតនាវាយប្រហារប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ នៅកម្ពុជា ដើម្បីចំណេញហេតុផលនយោបាយជ្រុលនិយមរបស់ខ្លួនតែប៉ុណ្ណោះ។
-សកម្មភាពបំភ្លៃការពិត ផលិតព័ត៌មានក្លែងក្លាយរបស់វិទ្យុអាស៊ីសេរី ជាការមាក់ងាយយ៉ាងធ្ងន់ធ្ងរមកលើកិច្ច ខិតខំប្រឹងប្រែងរបស់មន្ត្រីពន្ធនាគារ នៅមណ្ឌលអប់រំកែប្រែទី១ ដែលកំពុងខិតខំពង្រឹងតួនាទីជាមណ្ឌលអប់រំកែប្រែ សម្រាប់បងប្អូនទណ្ឌិតដែលប្តេជ្ញាកែខ្លួនជាពលរដ្ឋល្អ។ ទង្វើញុះញង់នោះទៀតសោតក៏មិនបានជួយអ្វី ដល់សកម្មជន នយោបាយ ដែលកំពុងទទួលរងទណ្ឌកម្មច្បាប់នៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី ខេត្ត ក្រៅពីបោកបញ្ឆោត ពួកគេធ្វើជាឈ្នាន់នយោបាយដ៏ខ្មៅកខ្វក់របស់ខ្លួន និងក្រុមខ្លួនតែប៉ុណ្ណោះ។
សេចក្តីដូចបានបកស្រាយជូនខាងលើរួមជាមួយព័ត៌មានបន្ថែមជូនភ្ជាប់ សូមសាធារណជន មេត្តាទទួលជ្រាប ដោយសុភវិនិច្ឆ័យ៕
ដោយ ៖ សិលា