ភ្នំពេញ៖ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្ដីពី ការត្រៀមរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ “មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល” ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ។
ស្របតាមយុទ្ធសាស្ត្រឌីជីថលសម្រាប់សាលារៀន (Digital Education Strategy for Schools) ដែលដាក់ចេញនូវបរិវត្តកម្មឌីជីថលទាំងបួន (School -Teacher-Director-Curriculum) ដែលត្រូវអនុវត្ត ប្រកបដោយភាពប្រទាក់ក្រឡាគ្នា នាយកដ្ឋានគោល នយោបាយរួមជាមួយនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងរៀបចំ សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ មានលំនាំ តាម EdTech Asia Summit ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថាន បច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ ដែលនេះជាព្រឹត្តិការណ៍បច្ចេកវិទ្យាសម្រាប់ការអប់រំលើកទី១ និងធំបំផុត នៅកម្ពុជា មានសកម្មភាពចម្រុះ រួមមាន បទអន្តរាគមន៍ជាយុទ្ធសាស្ត្រពីអ្នកជំនាញជាតិ និងអន្តរជាតិ វេទិកា ពិភាក្សានិងចែករំលែកចំណេះដឹង ការតាំងពិព័រណ៍បច្ចេកវិទ្យាអប់រំ កម្មវិធីប្រកួតប្រជែងគ្រូបង្រៀនដែល ប្រើប្រាស់បច្ចេកវិទ្យាអប់រំប្រកបដោយភាពច្នៃប្រឌិតបំផុតរបស់កម្ពុជាប្រចាំឆ្នាំ២០២៥ និងការប្រកួតប្រជែង សមត្ថភាពឌីជីថលដែលអ្នកចូលរួមទាំងអស់អាចវាស់ស្ទង់សមត្ថភាព និងចំណេះដឹង ឌីជីថលរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ។
ថ្លែងក្នុងកិច្ចប្រជុំនេះ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគូសរំលេចអំពីគំនិតផ្ដួចផ្ដើម និងសារៈ សំខាន់ក្នុងការរៀបចំបង្កើតនូវសន្និសីទ និងពិព័រណ៍អប់រំលើកទី១នេះ ក្នុងគោលដៅប្រមូលផ្ដុំសហគមន៍ដែលមកពីស្ថាប័នចម្រុះរួមមាន អ្នកបង្កើតគោល នយោបាយ អ្នកឯកទេសអប់រំ អ្នកឯកទេសព័ត៌មានវិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យាអប់រំ អ្នកដឹកនាំផ្នែកឧស្សាហកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីជំរុញការចែករំលែក ចំណេះដឹង ការច្នៃប្រឌិត និងការសហការគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងចាប់យកឱកាសក្នុងការរួម បញ្ចូលបច្ចេកវិទ្យាទៅក្នុងប្រព័ន្ធអប់រំ ដើម្បីលើកកម្ពស់ និងធ្វើទំនើបកម្មអប់រំតាមរយៈបច្ចេកវិទ្យា។
តាងនាមក្រសួង អប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពរបស់ក្រុមការងាររៀបចំសន្និសីទ និងភាគីពាក់ព័ន្ធទាំងអស់ ដែលទទួលបានផ្លែផ្កាជា ច្រើន និងសូមឱ្យបន្តសហការគ្នាឱ្យបានកាន់តែសកម្មក្នុងការរៀបចំព្រឹត្តិការណ៍សន្និសីទនេះឱ្យដំណើរការទៅដោយរលូន និងជោគជ័យតាមការគ្រោងទុក និងបានផ្តល់អនុសាសន៍ ឱ្យក្រុមការងារត្រូវមានភាពជាម្ចាស់លើរាល់ដំណាក់កាលនៃកម្មវិធី ជាពិសេសសូមឱ្យរៀបចំជាការប្រកួតវីដេអូខ្លីស្តីពី ព្រឹត្តិការណ៍ពិព័រណ៍ EdTech រយៈពេល២ថ្ងៃនេះក្នុងចំណោមអ្នកចូលរួមឱ្យបានផុស ផុល ដើម្បីជំរុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងមានការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋាន៕