ខេត្តបាត់ដំបង ៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលខិតជិតមកដល់បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម ប្រពលរដ្ឋមួយចំនួន ដែលកាត់ខ្សែចិនវៀតណាម និងគោរពទំនៀមទម្លាប់ប្រពៃណីនេះ កំពុងរូតរះទិញប្រដាប់ប្រដា ត្រៀមសែន និងតែងលម្អផ្ទះរបស់ពួកគេ។ ក្រឡេកមើល នៅតាមទីផ្សារ និងតាមដងស្ទឹងសង្កែ សង្កេតឃើញមានការលក់ដូរ គ្រឿងសម្ភារៈលម្អផ្ទះ ប្រដាប់ប្រដាសែន ជាពិសេសអ្វីដែលមិនអាចចោលបានគឺផ្កាអង្គាសីល។ ផ្កាអង្គាសីល ឬ ដើមផ្កាអង្គាលឿង ជាដើមដែលមានផ្កាពណ៌លឿងក្លិនក្រអូប ប៉ុន្តែក្រអូបស្រាល។
អាជីវករមួយចំនួន ជាអ្នកលក់ដើមផ្កាអង្គាសីលតាមដងស្ទឹងសង្កែបានប្រាប់ថា÷ អង្គាសីលដើមនេះវាចេញផ្កាក្នុងកាលដែលរង្គោះស្លឹកអស់ហើយ លាស់សាជាថ្មី នៅខែចេត្រ និងខែពិសាខ។ ខ្មែរកាត់ចិនច្រើនតែយកដើមនេះ ទៅត្រាំជាមួយទឹក ដោយពួកគេគិតថា ការត្រាំដើមនេះក្នុងទឹក វាងាយនឹងចេញត្រួយ និងផ្កាបានយូរថ្ងៃ ដើម្បីជាគ្រឿងតាំងលម្អផ្ទះនៅថ្ងៃចូលឆ្នាំចិន ដើម្បីលើករាសី និងនាំសំណាងមកក្រុមគ្រួសារខ្លួន។ ម្យ៉ាងវិញទៀត នៅលើដើមផ្កានេះ គេច្រើនតែព្យួរ
អាំងប៉ាវ ដោយគេជឿថា ការព្យូរនេះនឹងជួយឲ្យគេរកស៊ីមានបានផងដែរ។ អង្គារសីលមានដុះនៅលើភ្នំព្រៃក្រាស់ៗ ហើយតម្លៃលក់ឆ្នាំនេះ មានលក់ជាដើមជាគុម្ព ចាប់២ម៉ឺនរៀលឡើងទៅតាមសមាភាពដើមស្អាតឬមិនស្អាត។
បុណ្យចូលឆ្នាំប្រពៃណីចិនវៀតណាម គឺចូលមកដល់នៅថ្ងៃទី២៨ មករា ២០២៥ខាងមុខនេះ ហើយបងប្អូនប្រជាពលរដ្ឋមួយចំនួន ដែលមានឈាមជ័រជាកូនចៅកាត់ចិនវៀតណាមជាទម្លាប់ តែងតែចូលរួមអបអរសាទរថ្ងៃបុណ្យចូលចិនវៀតណាមនេះ ហើយមុនថ្ងៃសែនមួយថ្ងៃ បាននាំគ្នាទៅទិញឥវ៉ាន់ ដើម្បីត្រៀមសែនថ្ងៃចូលឆ្នាំចិនវៀតណាម៕
ប្រភព ៖ មន្ទីរព័ត៌មានខេត្តបាត់ដំបង