ខេត្តបាត់ដំបង៖ កម្លាំងនគរបាលស្រុកមោងឫស្សី អនុវត្តដីកាចាប់ខ្លួនពិរុទ្ធជនម្នាក់ តាមអំណាចតុលាការ ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ នៅចំណុចក្រុមទី០៥ ភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការនោះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់ លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាលាស់ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គីមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១០២២ ត.ព្រ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ របស់លោក ថាន់ ឃុង ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តបាត់ដំបង ដែលបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន ពិរុទ្ធជនម្នាក់ឈ្មោះ ស្រេង ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិចុងប្រឡាយ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្នុងភូមិប្រឡាយស្ដៅ ឃុំតាលាស់ ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ តាមមាត្រា៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿង បទល្មើសដែលមានចែង និងផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា៤០ នៃច្បាប់ស្ដីពីការត្រួតពិនិត្យគ្រឿងញៀន ។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ បានបញ្ជូនខ្លួនពិរុទ្ធជនខាងលើ ទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធី៕អរុណរះ