រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា «ឡដុតសំណល់ឆ្លងរោគ នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាពសុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា»

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក UENO Atsushi (អ៊ូ អ៊ី ណូ អាត់ ស៊ូ ស៊ី) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា អមដោយ លោក សាណុយ កាហ្សូម៉ាស្សា (SANUI Kazumasa) ប្រធានតំណាងការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំប្រទេសកម្ពុជា និងក្រុមការងារ កាលពីថ្ងៃទី​២២​ ខែមករា​ ឆ្នាំ​២០២៥​ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ឡដុតសំណល់ឆ្លងរោគ ចំនួន២៩ ក្រោមគម្រោងកែលម្អការគ្រប់គ្រងសំណល់ឆ្លងរោគនៅកម្ពុជា ជូនក្រសួងសុខាភិបាល ដែលជាអំណោយរបស់ប្រជាជន និងរដ្ឋាភិបាលជប៉ុន ។

ស្ថិតក្នុងបរិយាកាសដ៏ឱឡារិកនេះ លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះការរួមចំណែកដ៏ធំធេងរបស់រដ្ឋាភិបាលជប៉ុន ជូនប្រជាជន និងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលអំណោយដ៏ថ្លៃថ្លានេះមានសារៈសំខាន់ ស្របទៅនឹងតម្រូវការចាំបាច់របស់វិស័យសុខាភិបាល ក្នុងការពង្រឹងមូលដ្ឋានសុខាភិបាល និងធ្វើឱ្យប្រសើរឡើងនូវស្ថេរភាពបរិស្ថានក្នុងមន្ទីរពេទ្យ។

ឡដុតសំណល់ឆ្លងរោគទំនើបទាំង២៩ ដែលជាជំនួយឥតសំណងនេះ បានបំពាក់នូវបច្ចេកវិទ្យាទំនើបរបស់ជប៉ុន ដែលមានសមត្ថភាពធ្វើប្រព្រឹត្តកម្មសំណល់រហូតដល់ ១៤៥២គីឡូក្រាម ក្នុង១ថ្ងៃ នៅតាមមន្ទីរពេទ្យក្នុងខេត្តគោលដៅចំនួន១០ រួមមាន៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពងចាម កំពត កណ្តាល ក្រចេះ ព្រៃវែង សៀមរាប និងខេត្តស្វាយរៀង។ ឡដុតនេះ មានប្រសិទ្ធភាពប្រព្រឹត្តកម្មលើ៖ (1) សំណល់ឆ្លងរោគ (2) សំណល់សរីរាង្គកាយ (3)សំណល់វត្ថុមុតស្រួច និង(4)សំណល់ឱសថ (បរិមាណតិចតួច)។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ដល់មន្ត្រីសុខាភិបាល ទទួលបន្ទុកផ្នែកសំណល់ឆ្លងរោគ ត្រូវថែទាំ ឡតាមគោលការណ៍ណែនាំឱ្យបានត្រឹមត្រូវ ខិតខំអនុវត្តការងារតាមនីតិវិធីប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាបាននូវការប្រើប្រាស់ឡដុត ក្នុងរយៈពេលយូរប្រកបដោយសុវត្ថិភាពចំពោះបរិស្ថាន និងត្រូវសហការគាំទ្រមណ្ឌលសុខភាពធ្វើប្រព្រឹត្តកម្មសំណល់ឆ្លងរោគ ដើម្បីធានាសុវត្ថិភាព។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏វិសាលភាពធំធេង ដែលនឹងចូលរួមជួយកាត់បន្ថយការចម្លងរោគក្នុងមន្ទីរពេទ្យ ធ្វើឱ្យប្រសិទ្ធិភាពនៃការព្យាបាលមានការកើនឡើង កាត់បន្ថយនូវមេរោគស៊ាំថ្នាំ កាត់បន្ថយរយៈពេលស្នាក់នៅរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ ព្រមទាំងបានសង្កត់ធ្ងន់ថា គម្រោងនេះបង្ហាញពីការបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរដ្ឋាភិបាលជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជា។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ប្រជាជន និងរដ្ឋាភិបាលជប៉ុន តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនបានលើកកំពស់កិច្ចសហប្រតិបត្តិការ ក្នុងការអភិវឌ្ឍប្រព័ន្ធសុខាភិបាល ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។

...

ឆ្លៀតពេលពិធីបានបញ្ចប់ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានយកឱកាសនេះណែនាំដល់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ជាពិសេសមន្ទីរពេទ្យខេត្ត ស្រុក សូមចូលរួមជួយថែរក្សា និងប្រើប្រាស់ឡដុតនេះឱ្យមានប្រសិទ្ធភាព អនុលោមតាមគោលការណ៍ណែនាំស្តីពីការប្រើប្រាស់ឡ ឱ្យបានត្រឹមត្រូវ ដើម្បីធានាឱ្យបាននូវការប្រើប្រាស់ក្នុងរយៈពេលយូរ និងប្រកបដោយសុវត្ថិភាព៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print