សហគមន៍ចាប៉ីអមតៈតាំងបង្ហាញពីឧបករណ៍ភ្លេងបុរាណខ្មែរក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំចិន

ចែករំលែក៖

ភ្នំពេញ៖ ឧបករណ៍ភ្លេងបុរាណខ្មែរត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសបុណ្យចូលឆ្នាំចិនដើម្បីជាការផ្លាស់ប្ដូរវប្បធម៌ និងផ្សព្វផ្សាយកាន់តែទូលំទូលាយដល់ប្រជាពលរដ្ឋទូទៅ និងជនបរទេស ជាពិសេសប្រជាជនចិនរស់នៅកម្ពុជា។

លោក ពេជ្រ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ បានបង្ហាញការសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងប្រជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិនក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន ជាពិសេសចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ។ លោកបានយកឧបករណ៍ភ្លេងបុរាណខ្មែរយើងជាច្រើនប្រភេទដាក់តាំងបង្ហាញនៅផ្សារទំនើបជីពប៉ុង២៧១មេកាម៉ល កាលពីពេលថ្មីៗនេះ ។
លោកបញ្ជាក់បែបនេះថា ៖ « ខ្ញុំបានលើកយកផលិតផលក៏ដូចជាស្នាដៃរបស់ខ្មែរយើងដែលបានផលិតយ៉ាងសម្រិតសម្រាំងពីជំនាន់មួយទៅជំនាន់មួយ។ ឧបករណ៍ដែលតាំងបង្ហាញនេះ មានដូចជាចាប៉ីដែលជាសម្បត្តិវប្បធម៌ខ្មែរ មានស្គរដៃ ខ្លុយ មានឈឹង គង សៀវភៅដើម្បីរៀនចាប៉ីដងវែង។ ក្រៅពីនេះ ក៏មានឧបករណ៍អនុស្សាវរីយ៍ដែលផលិតដោយដៃកូនខ្មែរជាច្រើនទៀតដើម្បីភ្ញៀវអាចទិញយកទៅដាក់តាំងលម្អផ្ទះផងដែរ។ »
សូមបញ្ជាក់ថា ភ្លេងបុរាណខ្មែរបានរក្សាទុកនៅនិរន្តរភាពរបស់ខ្លូនអាចឱ្យគេចងចាំតាមរយៈឧបករណ៍ ៤ ប្រភេទ ដែលគេប្រើខ្សែសម្រាប់ដេញ កេះ កូត និងឧបករណ៍សម្រាប់ផ្លុំ ឧបករណ៍សម្រាប់ វាយបង្កើតស្នូរ។ ឧបករណ៍ទាំងនោះមានដូចជា ស្គរ ឈឹង រនាត ទ្រ ទ្រសោ ទ្រអ៊ូ តាខេ ខ្លុយ ឃឹម ឆាប គង គែន ណៃ មួង ស្រឡៃ ចាប៉ី គងវង់តូច គងវង់ធំ ឃ្មោះ ប៉ាន់ ប៉ីអ។ល។ ឧបករណ៍ប៉ុន្មានប្រភេទទាំងនេះហើយដែលធ្វើឱ្យ អន្តរជាតិស្គាល់ខ្មែរតាមរយ:ឧបករណ៍ភ្លេងខ្មែរ ជាមួយនិងឧបករណ៍ដដែលនេះត្រូវបានយកមកបង្ហាញពីប្រពៃណីរបស់ ខ្លួនដែលប្រើក្នុងពិធីបែបសាសនាដូចជាពិធីបុណ្យកឋិនទាន បុណ្យផ្កា បុណ្យចូលឆ្នាំថ្មី បុណ្យកាន់បិណ្ឌ ភ្ជំុបិណ្ឌ និងការសំដែងសិល្បៈសម័យជាដើម៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print