ខេត្តបាត់ដំបង ៖ រដ្ឋបាលខេត្តបាត់ដំបង រៀបចំទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ក្រោមប្រធានបទ «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» ក្រោមអធិបតីភាព លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីមន្រ្តីរាជការ កងកម្លាំង យុវជន លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សជាច្រើននាក់ដែលពិធីនេះធ្វើឡើងនៅបរិវេណវិមានឯករាជ្យ ក្រុងបាត់ដំបង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោក កត បូរ៉ាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីបំផុសចលនាឱ្យសាធារណជន អង្គភាព វិស័យឯកជន សិស្សានុសិស្ស និងប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ចូលរួមធ្វើអនាម័យបរិស្ថានសំអាតលំនៅឋាន ទីកន្លែងធ្វើការ និងអាជីវកម្ម ដើម្បីការរួមចំណែកកែលម្អ សោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតង សំដៅកែប្រែផ្នត់គំនិតរបស់សាធារណជន អ្នកពាក់ព័ន្ធនានាគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះគ្រប់គ្រងសំណល់សំរាម និងចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានកាន់តែច្រើនឡើង។
លោក កត បូរ៉ាន ស្នើអាជ្ញាធរ និងអ្នកពាក់ព័ន្ធបន្តធ្វើការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងទុកដាក់សំរាមដោយការទទួលខុសត្រូវដែលមមិនបង្កផលប៉ះពាល់ដល់បរិស្ថានសង្គម សុខភាពសាធារណៈ និងការរស់នៅ។
លោក កត បូរ៉ាន ថ្លែងបន្ថែមថា បច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្តផ្តោតលើការងារអាទិភាពរបស់ក្រសួងបរិស្ថាន ដោយបាននិងកំពុងសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា និងរដ្ឋបាលក្រុង ស្រុកទាំង១៤ ចូលរួមអនុវត្តន៍យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកក្រោមប្រធានបទ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិក»អនុវត្តបាន១០០ភាគរយ,យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។
លោក សុខ លូ ថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវកម្មវិធីនយោបាយសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣- ២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ ការកែទម្រង់ការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាព របស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្តរួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន ពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុ ប្រកបដោយចីរភាព និងការលើកកម្ពស់ការទូតបៃតង។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង លោក សុខ លូ សង្ឃឹមយ៉ាងមុតមាំថា ស្មារតីនៃប្រារព្ធទិវាអនាម័យបរិស្ថានជាតិ២៣ វិច្ឆិកានឹងក្លាយជាចលករមួយជំរុញឱ្យមានការចាប់ផ្ដើមធ្វើសកម្មភាពមេត្រីបរិស្ថានដោយចេញពីបុគ្គលម្នាក់ៗហើយប្រែក្លាយជាចលនាបំផុសសកម្មភាព និងការផ្លាស់ប្ដូរទម្លាប់ចាស់មិនល្អចូលរួមធ្វើអនាម័យបរិស្ថានសម្អាតលំនៅឋាន ទីសាធារណៈ គ្រឹះស្ថានសិក្សា វត្តអារាម រដ្ឋបាលឃុំ សង្កាត់ ចេះស្រឡាញ់ ទទួលខុសត្រូវ មិនបន្តការបោះចោលសំរាមនៅទីសាធារណៈ ទីប្រជុំជន តាមដងផ្លូវ ក្នុងទឹកស្ទឹង អូរ ប្រឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់គុណភាពទឹក និងការបំពុលបរិយាកាស៕
ដោយ ៖ សិលា