ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និង ដឹកជញ្ជូន នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥ ថា ចក្ខុវិស័យសំខាន់ៗចំនួន ២ ដែលឆ្លើយតបទៅនឹង អាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នោះគឺ៖ ១/ ការលើកកម្ពស់សេវាដឹកជញ្ជូនតាមរយៈ ការអភិវឌ្ឍ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២/ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្លឹក និងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនឱ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។ឆ្លៀតក្នុងឱកាសនេះផងដែរ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអានុសាសន៍ ១១ចំណុច ជូនដល់ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានបន្ថែមក្នុងការជំរុញល្បឿនការងារ ឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្នរបស់កម្ពុជា ក៏ដូចជាចក្ខុវិស័យឆ្នាំ២០៥០ ដូចជា៖
១/ បន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការកែលម្អនិងបង្កើតកម្រងសេវាថ្មី ការធ្វើទំនើបកម្ម និងការប្រើប្រាស់ បច្ចេកវិទ្យាឌីជីថលថ្មីៗបន្ថែម និងការគិតគូរអំពីជម្រើសអាទិភាពផ្សេងៗនៃការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព រហ័ស ងាយស្រួល និងភាពជឿទុកចិត្ត ។
ទី២/ បន្តជំរុញការអភិវឌ្ឍ និង តភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងឡូជីស្លឹក ឱ្យកាន់តែមានភាពប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្តាល ភូមិភាគឦសាន និងភូមិភាគនិរតី និងជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន រួមទាំងការសាងសង់ស្ពានទន្លេរពៅ-សេឡាំផាវ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារ ជាមួយខេត្តចំប៉ាសាក់ និងផ្លូវតភ្ជាប់ផ្សេងទៀត ទៅកាន់តំបន់ក្រវាត់ព្រំដែន ។
ទី៣/ បន្តជំរុញការតាមដាន និងត្រួតពិនិត្យ លើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននានាដែលបានប្រកាសបើកការដ្ឋាន និងកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឱ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។ ជាមួយគ្នានេះ ក្រសួងក៏ត្រូវយកចិត្តទុកដាក់លើការងារជួសជុលថែទាំប្រចាំឱ្យមានប្រសិទ្ធភាព និងជំរុញការស្តារលើក កម្រិតផ្លូវជាតិ និងផ្លូវខេត្តឱ្យទៅជាផ្លូវក្រាលបេតុងកៅស៊ូ (AC) ដើម្បីប្រើប្រាស់បានយូរអង្វែង ។
ទី៤/ ជំរុញការអភិវឌ្ឍ បណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវសមុទ្រ, តាមរយៈ ការពិនិត្យលទ្ធភាព ធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយបណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ ។ លើសពីនេះ, ក្រសួងក៏ត្រូវបន្តជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំណង់កំពង់ផែ កុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និង មណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុទៅជាកំពង់ផែតំបន់ (Regional Port) និង មជ្ឈមណ្ឌលឡូជីស្លឹក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង ។
ទី៥/ ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុង ទម្រង់ភាពដៃគូរវាងរដ្ឋ និង ឯកជន (PPP) ដែលមានការចូលរួមពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យ ប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា ។
ទី៦/ ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រដល់វិនិយោគលើគម្រោងអាទិភាពនានា ដែលបានកំណត់ នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និង ភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ។ ចំពោះការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន ទារព្រំដែន នឹងការងារដឹកជពានឆ្លង និងការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, សូមក្រសួងបន្តពង្រឹង កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និង ដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍ និងកែលម្អឱ្យ កាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង នីតិវិធីផ្សេងៗនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហា ប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន, ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ព្រំដែន និងរួមចំណែក ការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងក្នុងតំបន់ ។
ទី៧/ បន្តជំរុញកិច្ចសហការជាមួយដៃគូ វិនិយោគ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្តគម្រោងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ នៃខេត្តគោលដៅសំខាន់ៗ ដូចជា៖ តំបន់ទីប្រជុំជន តំបន់ទេសចរណ៍ និងតំបន់មាត់សមុទ្រ ដែលកំពុងប្រឈមនឹង ការបង្ហូរចូលនូវទឹកកខ្វក់ និងកាកសំណល់ផ្សេងៗ ដើម្បីបញ្ចៀស និងគ្រប់គ្រងហានិភ័យនៃការជន់លិច ព្រមទាំង លើកកម្ពស់អនាម័យបរិស្ថាន និងសុខុមាលភាពសាធារណៈ។ ទន្ទឹមនេះ, ក្រសួងក៏ត្រូវគិតគូរលើការបញ្ជាបការយល់ដឹង ទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍នៃសេវាប្រើប្រាស់បណ្តាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និង ត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និង និរន្តរភាព នៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ដែលបានដាក់ឱ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
ទី៨/ បន្តពង្រឹងកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ ហើយសូមបន្តជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុ ប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឱ្យអនុវត្តកន្លងមក របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយ អត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឱ្យនៅកម្រិតអប្បបរមា។
ទី៩/ ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ សូមក្រសួង គិតគូរនូវយន្តការពង្រឹងការអនុវត្តឱ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឱ្យបានជាអតិបរមាសំដៅធានានូវការថែទាំ និង ការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង ។
ទី១០/ ជំរុញការផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យ សាធារណការ និង ដឹកជញ្ជូន ដូចជា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបង្កើន ការយល់ដឹងអំពីវិសាលភាព និង វិធានចាំបាច់មួយចំនួន ដែលត្រូវគោរពប្រតិបត្តិតាម ។ សូមក្រសួងបន្តជំរុញកិច្ចសហការ ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានា ក្នុងការគិតគូររៀបចំ និងធ្វើវិសោធនកម្មក្របខ័ណ្ឌច្បាប់ ដែលមានភាពចាំបាច់សម្រាប់វិស័យអាទិភាព របស់ក្រសួង ដូចជា ការធ្វើវិសោធនកម្មច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់, ការរៀបចំច្បាប់ស្តីពីការដឹកជញ្ជូនផ្លូវគោក និងច្បាប់ស្តីពីផ្លូវដែកជាដើម រួមទាំងការរៀបចំលិខិត បទដ្ឋានគតិយុត្ត ផែនការមេ និងគោលនយោបាយគាំទ្រវិស័យសាធារណការ និងដឹកជញ្ជូន ឱ្យបានគ្រប់ជ្រុងជ្រោយ ស្របតាមស្ថានភាព និងតម្រូវការនាពេលបច្ចុប្បន្ន និងអនាគត ។ និងទី១១/ បន្តអនុវត្តការងារកែទម្រង់រដ្ឋបាល សាធារណៈ ក្នុងការចូលរួមចំណែកលើការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មស្ថាប័នសាធារណៈ និង ការអភិវឌ្ឍ សមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព ។
សូមក្រសួងបន្ត យកចិត្តទុកដាក់ ក្នុងការពង្រឹងការអប់រំបណ្តុះបណ្តាលនិស្សិតនៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដើម្បីកសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និង ជំនាញបច្ចេកទេសច្បាស់លាស់សម្រាប់គាំទ្រដល់វិស័យ សាធារណការ និងដឹកជញ្ជូន ៕ ដោយ៖ស តារា