ភ្នំពេញ ៖ នៅទីស្តីការគណៈរដ្ឋមន្រ្តី, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន (ក.រ.ម) ដើម្បីត្រៀមលក្ខណៈរៀបចំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដែលគ្រោងនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក សក់ សេដ្ឋា, លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត យូ ស៊ុនឡុង និងលោកស្រី សុងឡេង បូរ៉ា ព្រមទាំង លោក លោកស្រី ជាអនុប្រធាន និងសមាជិក សមាជិកានៃគណៈកម្មការរៀបចំសន្និបាត និងមន្រ្តីពាក់ព័ន្ធ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍បើកកិច្ចប្រជុំនេះថា យើងត្រូវត្រៀមរៀបចំការងារឱ្យបានល្អប្រសើរ និងមានគុណភាព ទាំងការងារខ្លឹមសារ ទាំងការងារឡូជីស្ទីក ដើម្បីឱ្យសន្និបាតប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះអាចប្រព្រឹត្តទៅដោយរលូន និងមានប្រយោជន៍។ លោកបានបន្តថា សន្និបាតនេះ គឺជាការបូកសរុបនិងវាយតម្លៃលើលទ្ធផលការងារក្នុងរយៈពេល១ឆ្នាំរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្នុងការបំពេញតួនាទីផ្តល់ការតម្រង់ទិស ការគាំទ្រ និងការជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ក៏ដូចជាការដោះស្រាយរាល់សំណូមពរ សេចក្តីត្រូវការ និងកង្វល់នានា ដោយរួមទាំងបញ្ហារ៉ាំរ៉ៃរាប់ឆ្នាំមួយចំនួនដែលពាក់ព័ន្ធផ្ទាល់នឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងសន្តិសុខ សណ្តាប់ធ្នាប់ សេវាសាធារណៈគ្រប់ប្រភេទ និងការប្រកបមុខរបរ ការងារ អាជីវកម្មផ្សេងៗជាដើម។ ម្យ៉ាងវិញទៀត រាជរដ្ឋាភិបាលក៏អាចទទួលបាននូវមតិយោបល់ត្រឡប់ (feedback) ពីប្រជាជនវិញ ពាក់ព័ន្ធនឹងប្រសិទ្ធភាពក្នុងការអនុវត្ត និងការសម្រេចបាននូវគោលដៅដែលបានដាក់ចេញ ព្រមទាំងកាន់តែស្គាល់បញ្ហាពិតប្រាកដរបស់ប្រជាជនផងដែរ ដើម្បីធ្វើការកែតម្រូវ និងខិតខំដោះស្រាយឱ្យចំបញ្ហា សំដៅទទួលបាននូវការពេញចិត្ត និងការគាំទ្របន្ថែមពីប្រជាជនជនគ្រប់ស្រទាប់។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានមានប្រសាសន៍លើកឡើងផងដែរថា ការរៀបចំ សន្និបាតប្រចាំឆ្នាំខាងលើនេះ ក៏ជាវេទិកាមួយដែលនឹងឆ្លុះបញ្ចាំងឱ្យឃើញអំពីលទ្ធផលការងារជាច្រើនរាប់មិនអស់ ដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបានជាបន្តបន្ទាប់ ចាប់តាំងពីដើមនីតិកាលមក ក៏ដូចជាការខិតខំប្រឹង ប្រែងមិនខ្លាចនឿយហត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្ត ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន ជាពិសេសការស្រលាញ់ ការពេញចិត្ត ការជឿជាក់ និងការគាំទ្ររបស់ប្រជាជនមកលើការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕
ដោយ ៖ សិលា