ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ មនុស្ស ៣នាក់ បានរងរបួស បន្ទាប់ពីមានកម្មវិធីបុណ្យ និងមានលេងល្ខោន ឪពុកម្ដាយ ឌុបដើលេង ហើយបាន ឡើងជិះកន្រ្តកវិល ចៃដន្យអាក្រក់ ដាច់ខ្ចៅធ្លាក់មក ដី បង្កការភ្ញាក់ផ្អើលតែម្ដង។
យោងតាម លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំបានឱ្យដឹងនារសៀល ថ្ងៃទី២៤ ខែមករាឆ្នាំ២០២៥ នេះថា ហេតុការណ៍នេះបានកើតឡើងនៅ វេលាម៉ោង៩យប់ ថ្ងៃទី២៣ ខែមករាឆ្នាំ២០២៥ ស្ថិតនៅ ភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ក្មេងស្រីរងគ្រោះទី១ មានឈ្មោះខន រស្មី ភេទស្រី អាយុ១៥ឆ្នាំ ទី២ មានឈ្មោះស៊ុត មករាភេទស្រី អាយុ១៥ឆ្នាំ និងទី៣ មានឈ្មោះឌុច ស្រីមុំភេទស្រី អាយុ១៤ឆ្នាំ ។
លោកបានបន្តថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៧.៣០នាទីព្រឹក ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដាច់កន្រ្តកវិល នៅភូមិត្រោកធំ ឃុំស្វាយធំ រួចហើយកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានស្តាប់បំភ្លឺពី ប្រជាពលរដ្ឋ។
សាក្សីបានឆ្លើយបំភ្លឺថា ពួកគាត់ទៅមើលកន្លែងគេដាក់តាំងកន្ត្រកវិល និង ម៉ូតូហោះ គប់ប៉េងប៉ោង កូនឡាន សំរាប់ជួលឱ្យក្មេងៗជិះលេង ពេលក្មេងកំពុងជិះក្នុងកន្រ្តកវិលចុះឡើងនោះ ស្រាប់តែដាច់ខ្ចៅធ្លាក់ពីលើមកដល់ដីបណ្តាលឱ្យមានរបួសស្នាមទាំង៣នាក់។
ក្រោយពីបានស្តាប់ការបំភ្លឺរួចហើយសមត្ថកិច្ច បានហៅឈ្មោះប៉ុល សាវឿនភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះហាំ ស្រីដើងអាយុ៣៩ឆ្នាំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះប៉ុល សាវឿន និងឈ្មោះហាំ ស្រីដើង បានឆ្លើយប្រាប់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥.០០នាទី ខ្លួន និងប្រពន្ធបានដឹងថានៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មានកម្មវិធីបុណ្យហើយមានល្ខោនលេងខ្លួនមិនបានសុំអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេ បានដឹកសម្ភារមានដូចជា កន្រ្តកវិល ម៉ូតូហោះ កូនឡានរត់តាមខ្មែរភ្លើង និងគុបប៉េងប៉ោង មកដាក់តាំង និងសំរាប់ជួលឱ្យក្មេងៗជិះលេង រហូតដល់យប់កើតហេតុ។
ក្រោយមកមានក្មេងស្រីចំនួន៣នាក់ ឪពុកម្តាយបានជូនកូនមកដើរលេង និងមកមើលកន្លែងទីតាំងខ្លួន ក៏ជួលកន្ត្រកវិលឱ្យយកូនស្រីខ្លួនជិះទាំង៣នាក់ក្នុង១នាក់៣០០០រៀល ពេលកន្រ្តកកំពុងវិលចុះឡើងស្រាប់តែដាច់ខ្ចៅធ្លាក់ពីលើមកដល់ដីបណ្តាលឱ្យមានរបួសស្នាមក្មេងស្រីទាំង៣នាក់នោះពិតមែន។
ក្រោយកើតហេតុ ក្មេងស្រីឈ្មោះខន រស្មី កំពុងដេកសំរាកព្យាបាលនៅមន្ទពេទ្យបង្អែកខេត្តស្វាយរៀង ចំពោះឈ្មោះស៊ុត មករា កំពុងដេកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ផងដែរ៕
ដោយ ៖ សុថាន