ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ផ្តល់គោលការណ៍ណែនាំដល់រដ្ឋបាលខេត្តកំពង់ស្ពឺ បន្តកិច្ចការអាទិភាពសំខាន់ៗ ចំនួន១១ ចំណុច

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷ដើម្បីចូលរួមទទួលខុសត្រូវក្នុងការអនុវត្តឱ្យសម្រេចបានជោគជ័យ និងពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ និងការដ្ឋានកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានផ្តល់គោលការណ៍ណែនាំលើកិច្ចការអាទិភាពសំខាន់ៗ ចំនួន ១១ចំណុច រួមមាន៖ (១) ការការពារសន្តិភាព និងការពង្រឹងខឿនសន្តិសុខជាតិ (២) ការរក្សាស្ថិរភាព សន្តិសុខផ្ទៃក្នុង (៣) បន្តជំរុញចលនាក្នុងការអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” (៤) ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក (៥) ពង្រឹង និងលើកកម្ពស់ការគ្រប់គ្រងពន្ធនាគារ (៦) លើកកម្ពស់ការផ្តល់សេវាសាធារណៈ (៧) ពង្រឹងការអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ (៨) ការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្ត (៩) ការគ្រប់គ្រងធនធានធម្មជាតិ និងការចុះបញ្ជីដីធ្លី (១០) ការចូលរួមអនុវត្តកម្មវិធីគោលនយោបាយនានា របស់រាជរដ្ឋាភិបាល និង (១១) ការពង្រឹងរបៀបរបបការងារ។

ការ​ណែនាំ​នេះ ក្នុង​ឱកាស លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀល​ថ្ងៃ​ទី២៧ ខែមករា ឆ្នាំ ២០២៥។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បន្ថែមថា អង្គសន្និបាតនាពេលនេះ គឺជាព្រឹត្តិការណ៍មួយ ដែលគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ បានមកជួបជុំ និងរួមគ្នា ពិនិត្យ និងវាយតម្លៃអំពីសមិទ្ធផលលើគ្រប់វិស័យដែលរដ្ឋបាលខេត្តកំពង់ស្ពឺ សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងទៅ ក៏ដូចជាដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ ដំណោះ ស្រាយ និងកាលានុវត្តភាព ព្រមទាំងដាក់ចេញនូវទិសដៅការ ងារសម្រាប់ឆ្នាំ២០២៥ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយនានា  និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាពខ្ពស់។

បន្ថែមលើនេះឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ឱ្យមានការចូលរួមអនុវត្តកម្មវិធីនយោបាយ និងការងារកែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់ លាស់ និងវែងឆ្ងាយក្នុងការដឹកនាំកម្ពុជា ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀត។ 

ឆ្លៀតក្នុងឱកាសនេះឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ និងស្នើដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងមន្ទីរ អង្គភាពពាក់ព័ន្ធ ត្រូវពង្រឹងភាពជាម្ចាស់ក្នុងការអនុវត្តមុខងារដែលថ្នាក់ជាតិបានផ្ទេរ ស្របតាមគោលការណ៍ណែនាំដែលបានកំណត់ឱ្យសម្រេចបានលទ្ធផលល្អតាមការរំពឹងទុក។ ក្នុងករណីមានបញ្ហាប្រឈម ឬតម្រូវការចាំបាច់ណាមួយ សូមធ្វើសេចក្តីរាយការណ៍លម្អិតជូនក្រសួងមហាផ្ទៃ លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីថ្នាក់ជាតិ ផ្តល់ការគាំទ្រ និងមានវិធានការដោះស្រាយទៅតាមករណីជាក់ស្តែងឱ្យបានទាន់ពេលវេលា។ 

សូមជម្រាបជូនដែរថា ពិធីបិទសន្និបាតនេះ មានការឡើងថ្លែងមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលសន្និបាត ដោយបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានពិធីបំពាក់គ្រឿងឥស្សរិយយស ជូនមន្ត្រីរាជការដែលមានស្នាដៃចំនួន ៦១រូបផងដែរ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print