ប៉ារបស់ខ្ញុំបានធ្វើដំណើរចេញទៅតាំងពីព្រលឹមស្រាងៗ ខ្ញុំនិងម៉ាក់របស់ខ្ញុំបានត្រឹមតែតាមមើលគាត់បររទេះចេញទៅទាំងអាល័យ និងក្តីបារម្ភ។ បន្ទាប់មកខ្ញុំទៅច្រូតកាត់ដូចសព្វដង។ កន្លងទៅប្រហែល ៣ ថ្ងៃ ខ្ញុំសែននឹករលឹកដល់ប៉ារបស់ខ្ញុំណាស់ មិនដឹងថាគាត់ទៅជាយ៉ាងណាទេ ហើយក៏មិនដឹងថា ពេលណាគាត់ត្រឡប់មកវិញដែរ។ ចាប់តាំងពីប៉ារបស់ខ្ញុំចាកចេញទៅឆ្ងាយមានរឿងរ៉ាវមិនស្រួលចេះតែកើតមានឡើងជាហូរហែ។ អ្វីដែលធ្វើឲ្យខ្ញុំមិនស្រួលចិត្តនោះ គឺសមមិត្តកនដែលជាមេកង ចេះតែមកឆាឆៅខ្ញុំ និយាយសំដីលែបខាយ និងនិយាយបញ្ឆិតបញ្ឆៀងធ្វើឲ្យខ្ញុំស្អប់ណាស់។ ទោះបីខ្ញុំមិនចូលចិត្តសមមិត្ត កន ខ្ញុំសុខចិត្តមិនតបតគ្រាន់តែញញឹមតិចៗតែប៉ុណ្ណោះ។រដូវច្រូតបានបញ្ចប់ជាងកន្លះខែទៅហើយបាត់ដំណឹងប៉ារបស់ខ្ញុំសូន្យឈឹង។ ខ្ញុំកើតទុក្ខរីងរៃគ្មានពេលស្រាកស្រាន្ត ព្រោះមិនដឹងថា ប៉ារបស់ខ្ញុំបានសុខឬទុក្ខយ៉ាងណានោះទេ។ ពេលល្ងាច ក្រោយងូតទឹករួច ខ្ញុំបានអង្គុយជុំគ្នាជាមួយអ៊ំ សែម អ៊ំយ៉ាន បងយ៉ារីយ៉ាដា និងម៉ាក់របស់ខ្ញុំ។ ខ្ញុំបាននិយាយពីក្តីបារម្ភរបស់ខ្ញុំប្រាប់ទៅគាត់។ អ៊ំសែម បាននិយាយលួងលោមខ្ញុំថា មិនអីទេក្មួយ កុំបារម្ភខ្លាំងពេក ពីរបីថ្ងៃទៀតពុកក្មួយនឹងមកដល់ជាក់ជាមិនខានត្បិតអី ភូមិភាគនិរតីផ្លូវឆ្ងាយ ដូច្នេះទាំងទៅ ទាំងមក ត្រូវប្រើពេលយូរកុំ គិតច្រើនពេកអ៊ំថាមិនអី គឺមិនអីហើយ។ ខ្ញុំញញឹមទទួលយកពាក្យលួងលោមរបស់ អ៊ំសែម។
ភ្លាមនោះ បងយ៉ារីនិយាយទាំងសស្លើតសស្លក់ថា និយាយអ៊ីចឹងខ្ញុំមានរឿងមួយចង់និយាយដែរថា កាលពីថ្ងៃមុនខ្ញុំបានឮសមមិត្ត កនដែលជាមេកងសហករណ៍យើងនេះចង់ស្នើទៅខាងអង្គការសុំរៀបការជាមួយ សុភីនាថ ខ្ញុំឮនិយាយផ្ទាល់ត្រចៀក។ អ៊ំសែមដកដង្ហើមធំនិយាយទាំងមុខស្រពាប់ស្រពោនថា រឿងនេះពិតជាពិបាកប្រកែកតវ៉ាជាមួយខ្លាំងណាស់ ព្រោះជាមេកងបើយើងប្រកែកតវ៉ាជាមួយខ្លាចក្រែងតែមានលទ្ធផលមិនល្អ អ៊ំមិនដឹងថាជួយក្មួយយ៉ាងម៉េចទេបើរឿងនេះវាជាការពិតមែន។ បញ្ហានេះយើងពិតជាពុំអាចប្រឆាំងតវ៉ានឹងគេបានទេ បើប្រឆាំងដូចយកពងមាន់ទៅជល់នឹងថ្មអ៊ីចឹង។
យប់នោះ ខ្ញុំគេងមិនលក់សោះចេះតែរសាប់រសល់ក្នុងចិត្ត ណាមួយប៉ាត្រូវឃ្លាតឆ្ងាយ មួយទៀតឮថាសមមិត្ត កន ស្នើអង្គការសុំរៀបការជាមួយខ្ញុំទៀត។ បើថារៀបការជាមួយមិត្ត កន ខ្ញុំសុខចិត្តស្លាប់ល្អជាង ព្រោះខ្ញុំមិនចង់រួមវាសនាជីវិតជាមួយមនុស្សអាក្រក់ដូចគេឡើយ។ ហ៊ឺ! ទុក្ខជាន់លើទុក្ខតែម្ដង រឿងមួយមិនទាន់បានធូរស្រាលផង ត្រូវជួបរឿងមួយទៀត នេះទេវតាមិនជួយមនុស្សល្អផងទេឬ ? ។
លុះព្រឹកឡើង ខ្ញុំបានជួបនឹងសមមិត្ត ឧត្តម ។ ខ្ញុំបាននិយាយរឿងរ៉ាវរបស់សមមិត្តកនចង់ស្នើអង្គការសុំរៀបការជាមួយខ្ញុំប្រាប់ដល់គាត់។ គាត់ប្រែប្រួលទឹកមុខទៅជាក្រៀមក្រំភ្លាមៗចំពោះខ្ញុំ រួចគាត់ងាកមកនិយាយថា ខ្ញុំសុំសួរមិត្តដោយត្រង់ តើមិត្តស្ម័គ្រចិត្តព្រមរៀបការជាមួយសមមិត្តកនឬទេ? ខ្ញុំឆ្លើយតបភ្លាមថា ខ្ញុំមិនចង់រៀបការជាមួយគេទេ ខ្ញុំស្អប់គេដល់ឆ្អឹង។ សមមិត្តឧត្តមលើកដៃចង្អុលបាំងមាត់របស់គាត់ជាសញ្ញាបញ្ជាក់ថា កុំឲ្យនិយាយឮពេក រួចខ្ញុំក៏លែងហ៊ាននិយាយ។សមមិត្តឧត្តមបន្តទៀតថា ខ្ញុំមានវិធីមួយអាចជួយមិត្តបានតែមិនដឹងថា មិត្តព្រមឲ្យខ្ញុំជួយឬអត់ ? រួចមិត្តឧត្តមមកឈរក្បែរខ្ញុំហើយនិយាយខ្សឹបៗដាក់ត្រចៀកខ្ញុំថា ” ខ្ញុំគិតថានឹងស្នើអង្គការសុំរៀបការជាមួយមិត្តឯងឲ្យបានមុនសមមិត្តកន ហើយយើងរៀបការជាមួយគ្នាគ្រាន់តែជាការសម្ដែងប៉ុណ្ណោះ តើមិត្តយល់យ៉ាងណាដែរ? ខ្ញុំយល់ព្រមជាមួយនឹងសមមិត្តឧត្តមធ្វើយ៉ាងណាយករួចខ្លួនឲ្យបានមួយគ្រាសិន។
ថ្ងៃរៀបការក៏បានមកដល់ វាពិតជាចម្លែកខ្លាំងណាស់ ព្រោះថាការរៀបការថ្ងៃនេះគឺមានរហូតដល់ទៅ ២០ គូឯណោះ។ ខ្ញុំក៏មិនដែលធ្លាប់ជួបប្រទះដែរទើបតែពេលនេះ។ ចំណែកឯចាស់ទុំនិងអ្នកចូលរួមក៏គ្មាន គឺមានតែម៉ែឪកូនក្រមុំ កូនកំលោះ និងអង្គការពីរបីនាក់តែប៉ុណ្ណោះ។ ខ្ញុំមានតែម្ដាយមកចូលរួម ចំណែកឯសមមិត្ត ឧត្តម វិញគ្មាននរណាមកចូលរួមទេ។ ឪពុកម្ដាយរបស់គាត់ស្លាប់ចោលទាំងអស់ រស់នៅកំព្រាតែម្នាក់ឯង។
នៅថ្ងៃរៀបការ អង្គការបានឡើងធ្វើចំណាប់អារម្មណ៍ហើយប្រកាសទទួលស្គាល់កូនកំលោះ កូនក្រមុំទាំង ២០ គូនេះជាប្ដីប្រពន្ធ ដោយត្រូវចាត់ទុកថា អង្គការជាម្ដាយឪពុក ព្រមទាំងខិតខំបំពេញការងារជូនអង្គការតរៀងទៅ។ កម្មវិធីត្រូវបានបញ្ចប់ មនុស្សម្នាទាំងឡាយក៏ទះដៃអបអរសាទររួចក៏នាំគ្នាទៅធ្វើការរៀងៗខ្លួន។ ចាប់ពីពេលនេះទៅខ្ញុំត្រូវរស់នៅជាមួយនឹងសមមិត្តឧត្តម ដែលជាប្ដីក្លែងក្លាយរបស់ខ្ញុំ។ ខ្ញុំសែនអាណិតដល់សមមិត្ត ឧត្តម ដែលត្រូវចូលខ្លួនមកពាក់ព័ន្ធក្នុងរឿងរបស់ខ្ញុំ។ ពេលដែលខ្ញុំរៀបការជាមួយនឹងសមមិត្ត ឧត្តម សមមិត្តកនខឹងខ្លាំងណាស់ ហើយព្យាយាមបំបែកបំបាក់យើងទាំងពីរនាក់។ ខ្ញុំរៀបការបានតែប៉ុន្មានថ្ងៃសមមិត្តកន បានស្នើទៅអង្គការបញ្ជាឲ្យសមមិត្តឧត្តមទៅជីកប្រឡាយនៅបឹងកន្ទឹប។ ពេលនេះ ខ្ញុំនិងសមមិត្តឧត្តមត្រូវរស់នៅឆ្ងាយពីគ្នាហើយ ព្រោះគាត់ត្រូវអង្គការចាត់តាំងឲ្យទៅរស់នៅឃុំថ្កូវមួយរយៈពេលសិន ដើម្បីជួយលើកទំនប់ប្រឡាយឲ្យទាន់តាមផែនការដែលអង្គការបានកំណត់ទុក។ យូរៗម្ដង ទើបអង្គការអនុញ្ញាតឲ្យខ្ញុំបានជួបនឹងសមមិត្តឧត្តមម្ដង។ ខ្ញុំនឹកអាណិតគាត់ជាពន់ពេកដែលត្រូវទទួលរងនូវការលំបាកដោយសារតែខ្ញុំ។ពេលខ្ញុំបានជួបគាត់ អារម្មណ៍របស់ខ្ញុំហាក់បីដូចជាប្រពន្ធ
និងប្ដីដែលនឹករលឹកគ្នា។ ខ្ញុំរត់ទៅឱបគាត់។ ទឹកភ្នែកខ្ញុំហូរកាត់ថ្ពាល់មិនឈប់ឈរ។ សមមិត្តឧត្តមយកក្រមាជូតទឹកភ្នែកឲ្យខ្ញុំ ប៉ុន្តែពេលវេលាមិនអនុគ្រោះឲ្យយើងទាំងពីរនាក់ឡើយ។ យើងបានជួបគ្នាបានតែមួយភ្លែតក៏ត្រូវបែកគ្នាទៅវិញ។ ចំណែកឯនៅពេលយប់ខ្ញុំចាប់ផ្ដើមនឹកមមៃដល់សមមិត្តឧត្តម។ ខ្ញុំចាប់ផ្ដើមមានចិត្តស្រឡាញ់ចំពោះគាត់ហើយ។(នៅមានត)