ភ្នំពេញ៖ នារីម្នាក់បានរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈបើកម៉ូតូចេញពីកម្មវិធីបងប្អូនត្រឡប់ទៅផ្ទះវិញត្រូវរថយន្តមួយគ្រឿងបើកបុកពេញទំហឹងរួចបន្តល្បឿនបើករត់ តែត្រូវសមត្ថកិច្ចតាមឃាត់បាន។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង៩:៣០នាទីយប់ ថ្ងៃទី២៨ខែមករា ឆ្នាំ២០២៥ ស្ថិតនៅលើផ្លូវបេតុង ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ នារីរងគ្រោះជិះម៉ូតូម្នាក់ឯងម៉ាកស្កុបពីពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ1KZ-7209 ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពី លិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុ ស្រាប់តែគេឃើញមានរថយន្តម៉ាក កូរ៉ូឡាពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2Y-7728 បេីកបេីកបរដោយបុរសម្នាក់ធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នាពីកើតមកលិចក្នុងល្បឿនលឿនរួចក៏បានរ៉េចង្កូតទៅបុកម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឲ្យជនរងគ្រោះខ្ទាតមកចិញ្ចើមផ្លូវម្ខាងសន្លប់ស្ដូកស្ដឹង ចំណែកម៉ូតូជាប់ខាងមុខរថយន្តអូសទៅមុខជាច្រើនមែត្រទេីបរបូតចេញ
រីឯរថយន្តបង្កបានព្យាយាមបេីករត់គេចខ្លួនពីកន្លែងកើតហេតុរត់ឆ្ពោះទៅផ្លូវជាតិលេខ៤ទាំងបែកកង់ប្រជាពលរដ្ឋឃើញនាំគ្នាប្រដេញតាមពីក្រោយទៅឃាត់ខ្លួនបាននៅសង្កាត់កំបូលខណ្ឌកំបូលរាជធានីភ្នំពេញបន្ទាប់មកក៏ប្រគល់ឲ្យទៅសមត្ថកិច្ចផ្នែកជំនាញចរាចរណ៍ភ្លាមៗ ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកវាស់វែងយកម៉ូតូ និងរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ