រឿង ផ្សែងអ័ព្ទ (តចប់)

ចែករំលែក៖

ពេលវេលាចេះតែដើរទៅមុខ សភាពការណ៍នយោបាយក្នុងប្រទេសកាន់តែប្រែប្រួល។ នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យថ្នាក់ដឹកនាំចាប់ផ្ដើមមិនទុកចិត្តគ្នា។ អ្នកគ្រប់គ្រងតាមភូមិភាគមួយចំនួនត្រូវបានគេសម្លាប់ដូចជានៅភូមិភាគបូព៌ានេះជាដើម។ ខ្ញុំចេះតែមមៃគិតថា ប្រទេសជាតិនឹងអាចរួចផុតពីសោកនាដកម្មមួយនេះក្នុងពេលឆាប់ៗ។ ប្រសិនជាប្រទេសបានសន្តិភាពសេរីភាពវិញមែន ខ្ញុំប្រហែលជាមិនអាចសប្បាយចិត្តបានទេ ព្រោះថាប៉ារបស់ខ្ញុំក៏ត្រូវឃ្លាតឆ្ងាយបាត់ដំណឹងសូន្យឈឹងមិនដឹងថាគាត់ស្លាប់ឬរស់? ចំណែកឧត្តមវិញស្ងាត់ដំណឹងសូន្យឈឹងដូចគ្នា។ តើឱ្យខ្ញុំសប្បាយរីករាយម្ដេចនឹងកើត? ពិតជាដូចអ្វីដែលខ្ញុំថាមែនពេលនេះកម្លាំងរំដោះប្រទេសកំពុងតែព្យាយាមវាយរំដោះហើយ។
មកដល់ថ្ងៃទី ៣ ខែមករានេះកងទ័ពរំដោះនិងកងទ័ពវៀតណាម បានវាយរំដោះយកបានខេត្តស្វាយរៀង។ សភាពការណ៍មិនស្រួលអង្គការបានជម្លៀសប្រជាជនឲ្យចាកចេញពីខេត្តព្រៃវែងទៅកាន់ភូមិភាគដទៃ។ ពេលជម្លៀសខ្ញុំកាន់ដៃម៉ាក់របស់ខ្ញុំជាប់ ព្រោះខ្លាចត្រូវឃ្លាតឆ្ងាយពីគាត់ម្នាក់ទៀត។ ពេលល្ងាច យើងបានជម្លៀសទៅដល់ទន្លេត្របែក។ យើងត្រូវឆ្លងកាត់ទន្លេ ភ្លាមនោះកម្លាំងរំដោះបានវាយស្កាត់មុខកងទ័ពខ្មែរក្រហម។ ប្រជាជនទាំងអស់នាំគ្នារត់គេចយកតែរួចខ្លួន។ ខ្ញុំនិងម្ដាយរបស់ខ្ញុំបានរត់ទៅពួននៅក្នុងកម្ពោតព្រៃមួយ។ ពេលនោះស្រាប់តែខ្ញុំបានជួបនឹងសមមិត្តឧត្តម ។ ខ្ញុំរត់ទៅឱបគាត់យ៉ាងណែន ដោយសេចក្តីនឹករលឹក។ទឹកភ្នែករបស់ខ្ញុំហូរមុខច្រោកៗមិនអាចនឹងឃាត់ឃាំងបាន។ ខ្ញុំសប្បាយចិត្តយ៉ាងខ្លាំងនៅពេលដែលដឹងថា សមមិត្តឧត្តមនៅមានជីវិតនៅឡើយ។ ប្រជាជនមួយចំនួនធំនាំគ្នារត់គេចត្រឡប់មកផ្ទះសម្បែងវិញ ។ ទីបំផុតភូមិភាគបូព៌ាត្រូវបានរំដោះហើយយើងរស់នៅដោយភាពរីករាយ។
រហូតដល់ថ្ងៃទី ៧ មករាឆ្នាំ ១៩៧៩ កងកម្លាំងរំដោះបានវាយរំដោះបានទីក្រុងភ្នំពេញនៅវេលាម៉ោង ១២និង៣០នាទី ក្នុងរយៈពេលប្រមាណតែ៣។ សប្តាហ៍ប៉ុណ្ណោះ។ កងកម្លាំងរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពវៀតណាមបានវាយរំដោះប្រទេសជាតិបានស្ទើរទាំងស្រុងពីរបបប្រល័យពូជសាសន៍នេះ។ ប្រជាជនគ្រប់គ្នាដូចបានរស់រានមានជីវិតសាជាថ្មីត្រេកអររកអ្វីប្រៀបផ្ទឹមពុំបាន។ពេលនេះបានសុខសន្តិភាពហើយ បានរួចផុតពីរយុគអន្ធការគុកឥតជញ្ជាំង និងនឹមដែកអម្រែកទុក្ខហើយ។ ប្រជាជនមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ខ្លួនវិញ។ ប្រជាជនខ្លះទៀតសម្រេចចិត្តមិនត្រឡប់ទៅស្រុកកំណើត ហើយសុខចិត្តរស់នៅតំបន់ថ្មីនេះកសាងជីវិតគ្រួសាររបស់ខ្លួនសាជាថ្មី។ចំណែកខ្ញុំនិងម៉ាក់របស់ខ្ញុំនឹងរស់នៅលើទឹកដីខេត្តព្រៃវែងបន្តទៀតព្រោះយើងមានអនុស្សាវរីយ៍នៅទីនេះច្រើនណាស់ ណាមួយខ្ញុំក៏បានកសាងជីវិតគ្រួសារជាមួយបងឧត្តមដែរ។
ការគិតរបស់យើងស្រាប់តែផ្ទុយស្រឡះអ្វីដែលមិនគួរឲ្យជឿបានកើតមានឡើង។ ប៉ារបស់ខ្ញុំបានត្រឡប់មកដល់ផ្ទះវិញដែលមានឯកសណ្ឋានជាកងទ័ព។ ខ្ញុំត្រេកអរខ្លាំងភ្លឹកភ្លាំងអស់ស្មារតី។ ខ្ញុំរត់ទៅឱបបា៉របស់ខ្ញុំយ៉ាងណែន។ ម៉ាក់របស់ខ្ញុំក៏រត់មកឱបខ្ញុំនិងប៉ាដែរ។ យើងទាំងបីនាក់សប្បាយចិត្តជាពន់ពេករកអ្វីប្រៀបផ្ទឹមមិនបានឡើយ។បន្ទាប់មក ខ្ញុំបានប្រាប់រឿងរ៉ាវរបស់ខ្ញុំជាមួយនឹងឧត្តមឲ្យគាត់ស្ដាប់។ ប៉ារបស់ខ្ញុំញញឹមហើយគាត់ក៏បានរៀបរាប់រឿងរ៉ាវដែលគាត់បានរត់ទៅធ្វើទ័ពតស៊ូរំដោះប្រទេស រួចនិយាយថា” ឥឡូវស្រុកទេសរបស់យើងទទួលបានសន្តិភាពវិញហើយ ពុកនឹងនាំក្រុមគ្រួសាររបស់យើងទៅរស់នៅទីក្រុងភ្នំពេញវិញ។ ម្យ៉ាងទៀតពុកត្រូវទទួលដំណែងជាមន្ត្រីរាជការវិញដដែល។ យើងនឹងរស់នៅប្រកបដោយសុភមង្គលជាមិនខាន។
យើងទាំងអស់គ្នាសើចក្អាកក្អាយសប្បាយក្នុងចិត្តឥតឧបមា ព្រោះពេលនេះយើងបានស្គាល់សុភមង្គលជីវិតសាជាថ្មី ក្រោយពីបានឆ្លងកាត់ទុក្ខលំបាកអស់រយៈពេលជិតបួនឆ្នាំ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print