ភ្នំពេញ ៖ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិនលោក ឯក សំអុល ក្នុងពេលផ្តល់កិច្ចសម្ភាសន៍ផ្តាច់មុខ ដល់វិទ្យុមិត្តភាពកម្ពុជា-ចិន កាលពីពេលថ្មីៗនេះ បានមានប្រសាសន៍ថា ចិនមានតួនាទីសំខាន់ណាស់ ដែលពិភពលោក មិនអាចខ្វះបាន នាពេលបច្ចុប្បន្ន ក្នុងការដោះស្រាយទំនាស់ លើពិភពលោក ក្នុងតំបន់ គឺ ត្រូវតែមានការចូលរួម តួនាទីរបស់ចិន។ ក្រៅពីនេះ វិស័យបច្ចេកវិទ្យា និងការវិនិយោគរបស់ចិន រឹតតែសំខាន់។
«កិច្ចព្រមព្រៀងសន្តិភាពនៅកម្ពុជា ចិនក៏មានតួនាទីសំខាន់ណាស់ ហើយ សព្វថ្ងៃ មានសង្គ្រាម នៅតាមតំបន់មជ្ឈិមបូព៌ា អ៊ុយក្រែន និងការតានតឹងផ្សេងៗទៀត ដែលប្រទេសមួយចំនួនបង្កឡើង សុទ្ធតែមានប្រទេសចិន ចូលរួម ជាសរសរទ្រូង ដើម្បីដោះស្រាយ ជាបង្គោលនៃសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ និង នៅលើពិភពលោក ដូច្នេះ អ្វីក៏ដោយ ត្រូវតែមានការចូលរួម ពីប្រទេសចិន»។
លោក ឯក សំអុល បញ្ជាក់បន្ថែមថា «យើងដឹងហើយថា ពិភពលោកកំពុងច្របូកច្របល់ ដោយសារការឡើងកាន់អំណាច លើកទី២ របស់លោក ត្រាំ ប្រធានាធិបតីអាមេរិក សូម្បីតែសម្ព័ន្ធមិត្តអាមេរិកចាស់ ក៏ព្រួយបារម្ភ ទាំងអឺរ៉ុប អាមេរិកឡានទីន តែសម្រាប់ ខ្ញុំ ត្រូវតែការពារសន្តិភាពពិភពលោកឲ្យបាន កុំមានសង្គ្រាម លោកលើកទី៣»។
លោក ឯក សំអុល បានមានប្រសាសន៍លើកឡើង ពីភាពរីចកម្រើន ដ៏មានសក្តានុពល ខាងវិទ្យាសាស្ត្រ បច្ចេកវិទ្យាចិនផងដែរ ដូចជា បញ្ញាសិប្បនិម្មិត បានលើកឡើងប្រទេសចិនបានឈរក្នុងលំដាប់ខ្ពស់បំផុត ដូចជា វិស័យរុករកក្នុងអវកាស ប្រទេសចិនសង់ស្ថានីយ៍អវកាសម្នាក់ឯង ដោយឯករាជ្យ ហើយប្រទេសចិន នៅតែបន្តរុករកលំហអវកាស រីឯបច្ចេកវិទ្យាវិញ ប្រទេសណាក៏ត្រូវការបច្ចេកវិទ្យាចិនដែរ អាស្រ័យហេតុនេះហើយ បណ្តាប្រទេសនានា ចង់ឲ្យចិន ទៅវិនិយោគ ក្នុងប្រទេសរបស់ខ្លួន មិនថា អាស៊ី អាហ្វ្រិក អឺរ៉ុប អាមេរិក នោះទេ ដែលសុទ្ធតែនាំមកនូវការងារ និង ភាពរីកចម្រើននៃបច្ចេកវិទ្យា៕
ដោយ ៖ សិលា