សម្តេចមហាបវរធិបតី ប្រកាសឱ្យប្រជាពលរដ្ឋក្រីក្រដែលគ្មានដីពិតប្រាកដ អាចដាក់ពាក្យស្នើសុំដីបាន ចាប់ពីខែកុម្ភៈឆ្នាំ២០២៥តទៅ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសអំពីកម្មវិធី ផ្តល់ដីការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលកម្មវិធីនេះនឹងអនុវត្តទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

តាមរយៈសេចក្តីថ្លែងការពិសេស កាលពីយប់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ៖ តាមរយៈកម្មវិធីនេះប្រជាពលរដ្ឋខ្មែរដែលខ្វះដីពិតប្រាកដនឹងត្រូវរដ្ឋផ្តល់ដីជូន ជាមួយនូវការជួយរៀបចំជាភូមិករជូន ហើយប្រជាពលរដ្ឋខ្មែរដែលនឹងទៅរស់នៅទីនោះ អាចនឹងចងក្រជាសហគមន៍ដើម្បីជួយការពារព្រៃនិងដីនៅជុំវិញសហគមន៍ដែលខ្លួនរស់នៅ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បញ្ជាក់ថា ៖ « នៅក្នុងន័យនេះយើងអាចនិយាយបានថា នេះជាយុទ្ធសាស្ត្រព្រួញមួយបាញ់បានសត្វពីរ ៖
ទី១.គឺការផ្តល់ដីជូនប្រជាពលរដ្ឋខ្មែរ ដែលខ្វះដីពិតប្រាកដ ។
និងទី២ ប្រជាពលរដ្ឋខ្មែរ នឹងមានលទ្ធភាពចូលរួមផ្ទាល់ នៅក្នុងការពារដី និងព្រៃ នៅជុំវិញសហគមន៍ ដែលខ្លួនរស់នៅ។ ដើម្បីអនុវត្តន៍កម្មវិធីនេះឱ្យបានជោគជ័យរាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិដឹកនាំអនុវត្តន៍កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព ដែលហៅកាត់ថា ផ.ក.អ ដែលមានលេខាធិការដ្ឋានមួយធ្វើជាសេនាធិការ។ ចំពោះនីតិវិធីបែបបទនិងទីកន្លែងដាក់ពាក្យស្នើសុំនិងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីទទួលបានដី លេខាធិការដ្ឋាននិងចាប់ផ្តើមជូនដំណឹងជាបន្តបន្ទាប់ ហើយនឹងអាចចាប់ផ្តើមទទួលពាក្យស្នើសុំរបស់ប្រជាពលរដ្ឋ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៥នេះតទៅ»
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដើម្បីបន្តកិច្ចការដ៏ចាំបាច់ប្រកបដោយប្រវត្តិសាស្ត្រ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាននឹងកំពុងបន្តយកចិត្តទុកដាក់ លើកការលើកកម្ពស់ការយកចិត្តទុកដាក់ដីធ្លីរបស់ប្រជាពលរដ្ឋតាមរយៈការជំរុញ ការវាស់ វែង ការចុះបញ្ជីដីធ្លី និងការចេញប័ណ្ណកម្មសិទ្ធជនប្រជាពលរដ្ឋក៏ដូចជាការបន្តផ្តល់ដីសម្បទានសង្គមកិច្ចជូនអតីតកងកម្លាំងប្រដាប់អាវុធនិងគ្រួសារទ័ពនិងនគរបាលជាតិនៅតាមព្រំដែននិងប្រជាពលរដ្ឋក្រីក្រ។
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ក្រៅពីកង្វះដីធ្លី បញ្ហាមួយចំនួនពាក់ព័ន្ធនឹងការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជននិងការបំផ្លាញ ធនធានធម្មជាតិក៏នៅចោតជាបញ្ហាដែលរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ ។សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការដាក់ចេញនូវកម្មវិធី ផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព មិនត្រឹមតែបង្កើនសហថាមពលនៅក្នុងការដោះស្រាយដីជូនប្រជាពលរដ្ឋខ្មែរក្រីក្រដែលគ្មានដីពិតប្រាកដ ប៉ុន្តែថែមទាំងចូលរួមទប់ស្កាត់សកម្មភាពទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធឯកជន និងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងការការពារនិងអភិរក្សព្រៃឈើ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីសាវតានៃការដោះស្រាយផ្តល់ដីជូនប្រជាពលរដ្ឋ ក្រោយកម្ពុជាបញ្ចប់សង្គ្រាមស៊ីវិល ដែលក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់ រាជរដ្ឋាភិបាលកម្ពុជា របស់គណបក្សប្រជាជន គឺរាជរដ្ឋាភិបាល បានបែងចែកដីកសិកម្មលើកដំបូងជូនប្រជាពលរដ្ឋ នៅឆ្នាំ១៩៨៥ និងទទួលស្គាល់លើដីកម្មសិទ្ធិឯកជននៅឆ្នាំ១៩៨៩៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print