ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ក្រុមការងារព័ត៌មានទីផ្សារការងារ, ក្រុមការងារ ប.ស.ស. និងក្រុមការងារនៃវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ដឹកនាំដោយ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់, អត្ថប្រយោជន៍ទទួលបានពីបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) និងការផ្សព្វផ្សាយអំពីឱកាសការងារជាង៦ម៉ឺនកន្លែងរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ទៅដល់បងប្អូនកម្មករនិយោជិតនៃរោងចក្រ SUN SHUI SHING INDUSTRIAL (CAMBODIA) CO LTD ខេត្តកំពង់ស្ពឺ។
នៅក្នុងការធ្វើបទបង្ហាញ លោកអនុរដ្ឋលេខាធិការ បានស្នើដល់បងប្អូនកម្មករនិយោជិតជួយបន្តចែករំលែកព័ត៌មានឱ្យបានទូលំទូលាយដល់កម្មករផ្សេងទៀត និងបានស្នើដល់រដ្ឋបាលរោងចក្រ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមសហការគាំទ្រកម្មវិធី ១,៥លាននាក់ និងផ្សព្វផ្សាយជំរុញលើកទឹកចិត្តទៅដល់ក្រុមគោលដៅនៅតាមភូមិ/ឃុំ/ស្រុកកំណើតផងដែរ។
ទន្ទឹមនឹងនេះលោកអនុរដ្ឋលេខាធិការ និងក្រុមការងារក៏បានផ្តល់ជូននូវ QR-Code សម្រាប់ទាញយកឯកសារសៀវភៅមេរៀនទាំង៤៥មុខជំនាញនៃកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ និងបានផ្តល់ជូននូវឯកសារចងក្រងទាក់ទងនឹងប្រសាសន៍របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំ និងបទចម្រៀងស្តីពីកម្មវិធី ១,៥ លាននាក់ ជូនដល់រដ្ឋបាលរោងចក្រ ដើម្បីចាក់ផ្សព្វផ្សាយជូនបងប្អូនកម្មករនៅពេលម៉ោងសម្រាកអាហារថ្ងៃត្រង់៕