រដ្ឋបាលខេត្តកំពង់ចាម ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការចុះពិនិត្យ វាយតម្លៃសំណង់ជួសជុលផ្លូវបេតុងអារម៉េ នៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការចុះពិនិត្យសំណង់ជួសជុលផ្លូវបេតុងអារម៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម

រដ្ឋបាលខេត្តកំពង់ចាម សូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបថា បន្ទាប់ពី ទទួលបានព័ត៌មាន លើកឡើងពីសំណង់ជួសជុលផ្លូវបេតុងអារម៉េ ដែលមានទីតាំងនៅភូមិបឹងបាសាក់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលជាគម្រោងរបស់រដ្ឋបាលខេត្តកំពង់ចាម ថាមានស្នាមប្រេះសាច់បេតុងអារម៉េ ដែលសំណង់ផ្លូវនេះទើបតែងសាងសង់ថ្មីៗ។ ភ្លាមៗ រដ្ឋបាលខេត្តបានចាត់ក្រុមការងារបច្ចេកទេសចុះពិនិត្យ និង វាយតម្លៃជាក់ស្តែង ទៅលើសំណង់ផ្លូវយ៉ាងយកចិត្តទុកដាក់។

ដូច្នេះ រដ្ឋបាលខេត្តកំពង់ចាម សូមបញ្ជាក់ជូនសាធារណជន និងអ្នកសារព័ត៌មាន អំពីលទ្ធផល នៃ ការចុះពិនិត្យ និងវាយតម្លៃលក្ខណៈបច្ចេកទេសនៃសំណង់ជួសជុលផ្លូវបេតុងអាមេ ដែលមានដូចខាងក្រោម៖

១. សំណង់ជួសជុលផ្លូវបេតុងអារម៉េនេះ មានប្រវែង ៤២០ម៉ែត្រ ទទឹង៥.៥ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ គឺត្រឹមត្រូវតាមកិច្ចសន្យា។ ផ្លូវបេតុងអារម៉េនេះ មានតំណរ ៦៤កំណាត់ ក្នុងនោះមានស្នាមប្រេះ (ផ្ទេរស្រមោច) ចំនួន ២០កំណាត់។ ស្នាមប្រេះនេះស្ថិតនៅសាច់លើនៃផ្ទៃបេតុង ជម្រៅប្រមាណ ១សង់ទីម៉ែត្រ។ តាមការពិនិត្យ ស្នាមប្រេះនេះបណ្តាលមកពី មួយផ្នែកក្នុងពេលដែលបេតុងកំពុងមានប្រតិកម្មពុំទាន់គ្រប់ពេលវេលានៃភាពរឹងមាំ (ទើបតែបាន២០ថ្ងៃ) ត្រូវបានប្រជាពលរដ្ឋបើករថយន្តឆ្លងកាត់ដោយដករបាំងការពារចេញនៅពេលយប់ និង មួយផ្នែកទៀត ស្នាមប្រេះផ្ទេរស្រមោចបែបនេះ គឺតែងតែកើតមានលើផ្ទៃសាច់បេតុង។ ជាការសន្និដ្ឋានបឋមរបស់ ក្រុមការងារបច្ចេកទេស សំណង់ផ្លូវបេតុងនេះ គឺពុំទាន់សន្មតថាសាង់សង់ខុសលក្ខណៈបច្ចេកទេសនោះឡើយ។

២. សំណង់ជួសជុលផ្លូវបេតុងអារម៉េនេះ ពុំទាន់ត្រូវបានសាងសង់បញ្ចប់គម្រោងនៅឡើយទេ ដោយ ក្រុមហ៊ុននៅបន្តចាក់បំពេញដីធ្វើស្មារផ្លូវសងខាង និងបន្តថែទាំ ជួសជុល កន្លែងដែលមានស្នាមប្រេះទាំងអស់។ ដូច្នេះក្រុមហ៊ុននៅបន្តមានទំនួលខុសត្រូវទាំងការជួសជុល ថែទាំ និងធានាគុណភាពសំណង់ ដែលមានរយៈ ពេលមួយឆ្នាំ ស្របតាមកិច្ចសន្យាផងដែរ។

រដ្ឋបាលខេត្តកំពង់ចាម សូមថ្លែងអំណរគុណដល់សាធារណជន និងអ្នកសារព័ត៌មាន ដែលបាន តាមដានករណីនេះ និងសូមស្នើកុំឱ្យមានការចែកចាយ ឬបកស្រាយព័ត៌មានដោយខ្វះប្រភព ឬខ្វះការពន្យល់ពីមន្ត្រី ជំនាញពាក់ព័ន្ធ ដែលអាចធ្វើឱ្យមានការភាន់ច្រឡំ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មាន មេត្តាជ្រាបជាព័ត៌មាន៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print