ទេសរដ្ឋមន្ត្រី គន់ គីមអញ្ជើញចុះពិនិត្យស្ថានភាពខ្វះខាតទឹកស្រោចស្របស្រូវរបស់កសិករនៅស្រុកគាស់ក្រឡ

ចែករំលែក៖

បាត់ដំបង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកគន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពកង្វះខាតទឹកសម្រាប់ស្រោចស្របដំណាំស្រូវ និងស្វែងរកដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះប្រមាណ ៥០០គ្រួសារ ស្មើ នឹង១,១១៦ហិកតា នៅឃុំធិបតី និងឃុំហប់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។

ទេសរដ្ឋមន្រ្តី បានពាំនាំនូវការសួរសុខទុក្ខពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ជូនបងប្អូនប្រជាកសិករ ពិសេសប្រជាកសិករកំពុងជួបប្រទះបញ្ហាការខ្វះទឹកស្រោចស្រពស្រែប្រាំងរបស់កសិករ។ 

ក្នុងឱកាសនោះ ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។ 

អំឡុងពេលនោះ ទេសរដ្ឋមន្រ្តី ពិនិត្យឃើញថា បញ្ហាកង្វះទឹកស្រោចស្រពនេះបណ្តាលមកពីបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះមានសំណូមពរចាំបាច់នូវផ្លូវសម្រាប់ធ្វើធ្វើដំណើរទៅមក ហើយរាជរដ្ឋាភិបាលតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបានសម្រេចស្ថាបនាផ្លូវថ្មីប្រវែង ១០ គីឡូម៉ែត្រដែលធ្វើឲ្យប៉ះពាល់ដល់ប្រឡាយនៅក្បែរនោះមិនអាចទទួលទឹក និងស្តុកទឹកបាន។

ក្នុងនោះ ទេសរដ្ឋមន្រ្តី ក្នុងនាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាសេនាធិការរបស់រាជរដ្ឋាភិបាល នឹងពិនិត្យសំណើនៃការខូចខាតស្រែប្រាំង ក៏ដូចជាការខ្វះស្បៀងធ្វើការរៀបចំផ្តល់ជូនវិញជាពូជស្រូវតាមរយៈកម្មវិធីស្បៀងបម្រុងរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ជាមួយនឹងសំណូមពរពីអាជ្ញាធរ និងប្រជាពលរដ្ឋទេសរដ្ឋមន្រ្តី នឹងលើកសំណើរបស់បងប្អូនប្រជាកសិករទៅក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យលទ្ធភាពលើកជាគម្រោងស្នើទៅរាជរដ្ឋាភិបាល។

សូមជម្រាបថា ក្នុងចំណោមផ្ទៃដីដាំដុះស្រូវប្រាំងប៉ះពាល់ក្នុងខេត្តបាត់ដំបងសរុបទំហំ៨,៩៣៣ហិកតា មានផ្ទៃដី ខូចខាតសរុបទំហំ ៣,៩៩៥ហិកតា និងត្រូវបានអាជ្ញាធរ មូលដ្ឋានខិតខំជួយសង្គ្រោះបាន ១,៩៩០ហិកតា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print