យន្តហោះធុនតូចធ្លាក់លើដងផ្លូវនៅអាមេរិក បណ្តាលឱ្យឆេះផ្ទះនិងរថយន្ត

ចែករំលែក៖

យន្តហោះធុនតូចដឹកមនុស្សជាច្រើននាក់បានធ្លាក់នៅក្បែរមជ្ឈមណ្ឌលលក់ទំនិញមួយក្នុងទីក្រុង Philadelphia ភ្លាមៗបន្ទាប់ពីហោះឡើង។ ហេតុការណ៍ខាងលើបណ្តាលឲ្យឆេះផ្ទះនិងរថយន្ត តែមិនមានអ្នករងរបួសឡើយ។

យន្តហោះធុនតូច Learjet 55 បានធ្លាក់នៅម៉ោងប្រហែល 6:30 ល្ងាចថ្ងៃទី 31 ខែមករា (ម៉ោង 6:30 ព្រឹកនេះ ម៉ោងនៅទីក្រុងភ្នំពេញ) នៅជិតមជ្ឈមណ្ឌលផ្សារទំនើប Roosevelt ត្រង់ចំណុចប្រសព្វនៃ Roosevelt Avenue និង Cottman Avenue នៅ North East Philadelphia រដ្ឋ Pennsylvania ។
យន្តហោះ Learjet 55 បានហោះចេញពីអាកាសយានដ្ឋាន North East Philadelphia ដែលបម្រើយន្តហោះឯកជន នៅម៉ោង 6:06 ល្ងាច ហើយបានបាត់ពីរ៉ាដា 30 វិនាទី បន្ទាប់ពីឡើងដល់កម្ពស់ 1,500 ហ្វីត។
មូលហេតុនៃការធ្លាក់យន្តហោះនេះ មិនទាន់ដឹងនៅឡើយទេ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា នៅពេលកើតហេតុ អាកាសធាតុត្រជាក់ ភ្លៀង និងការមើលឃើញមានកម្រិត។
រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិកបាននិយាយថា មានមនុស្សពីរនាក់នៅលើយន្តហោះ ខណៈដែលរដ្ឋមន្ត្រីដឹកជញ្ជូនលោក Sean Duffy បានសរសេរនៅលើបណ្តាញសង្គមថា “មានប្រាំមួយនាក់” ។
ក្រុមហ៊ុនដែលប្រតិបត្តិការយន្តហោះនេះ Jet Rescue Air Ambulance បាននិយាយថា នេះជាជើងហោះហើរពេទ្យដែលដឹកមនុស្ស ៦ នាក់ រួមទាំងសមាជិកនាវិក ៤ នាក់ អ្នកជំងឺកុមារម្នាក់ ។ យន្តហោះកំពុងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានជាតិ Springfield-Branson ក្នុងរដ្ឋមីសសួរី។
ស្ថានភាពជនរងគ្រោះមិនទាន់ដឹងនៅឡើយទេ។ Jet Rescue Air Ambulance បាននិយាយថា ពួកគេមិនទាន់អាចកំណត់ថាតើមានអ្នកនៅរស់រានមានជីវិតឬអត់នោះទេ។
វីដេអូជាច្រើននៃកន្លែងកើតហេតុបង្ហាញពីយន្តហោះ Learjet 55 បានធ្លាក់ពីលើមេឃមកដី ហើយបានផ្ទុះភ្លាមៗ។ Philadelphia Inquirer បាននិយាយថា យ៉ាងហោចណាស់ផ្ទះមួយខ្នង និងរថយន្តជាច្រើនបានឆេះនៅក្នុងការធ្លាក់យន្តហោះ។
ឧបទ្ទវហេតុនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីឧប្បត្តិហេតុសោកនាដកម្មនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីល្ងាចថ្ងៃទី 29 ខែមករា។ យន្តហោះ PSA Airlines CRJ700 បានបុកជាមួយឧទ្ធម្ភាគចក្រ UH-60 របស់កងទ័ពអាមេរិក ខណៈដែលវាត្រៀមចុះចតនៅអាកាសយានដ្ឋានជាតិ Ronald Reagan Washington បន្ទាប់មកទាំងពីរបានធ្លាក់ចូលទៅក្នុងទន្លេ Potomac ។ CRJ700 ដឹកអ្នកដំណើរ និងសមាជិកនាវិក ៦៤នាក់ ខណៈឧទ្ធម្ភាគចក្រ UH-60 មានបុគ្គលិកយោធា៣នាក់។ មិនមានអ្នកនៅរស់នៅក្នុងឧបទ្ទវហេតុនោះទេ៕ ដោយធីរីណា

...

រូបថត​:AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print