នៅដើមខែកុម្ភៈនេះ! ខេត្តសៀមរាប​ នឹងរៀបចំពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីឡើងមាឃរបស់អ្នកស្រុកប្រាសាទបាគង

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បើតាមការបញ្ជាក់ពីលោក សូរ ប្លាតុង​ អភិបាលស្រុកប្រាសាទបាគង​ បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នាសម្រាប់ធ្វើពិធីបុណ្យឡើងមាឃរបស់អ្នកស្រុកបាគង ដែលជាទំនៀមទម្លាប់មួយតាំងពូបុរាណមក រៀបចំឡើងនៅថ្ងៃអាទិត្យ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខនេះ ស្ថិតក្នុងបឹងនៃភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សូមជម្រាបជូនថា​ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃគឺជាប្រពៃណីទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់ភ្ជាប់មកយ៉ាងខ្ជាប់ខ្ជួន ហើយតែងតែរួមគ្នាប្រារព្ធធ្វើនៅក្នុងខែមាឃ ជារៀងរាល់ឆ្នាំ តាំងពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ក្មេង ប្រុសស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នាដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញា។

គួរបញ្ជាក់ថា​ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុសម្រាស់មួយកន្លែងក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួមយកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឃនៅក្នុងពិធីឡើងមាឃ។

ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋអាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រីពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេងអាចមានសិទ្ធិមករកត្រីនៅបឹងនេះនៅថ្ងៃបន្ទាប់បាន៕ដោយ​៖តារា​

...

រូប​ភាព​៖​AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print