ភ្នំពេញៈ ស្ត្រីម្នាក់ជិះម៉ូតូជ្រុលទៅកៀរនិងសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលបោកក្បាលនិងផ្លូវស្លាប់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ខែកុម្ភៈឆ្នាំ ២០២៥ តាមបណ្តោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ចា សុខភាព ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរ សំអាងការ ស្នាក់នៅ ភូមិកណ្តាលសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីរងគ្រោះបានជិះម៉ូតូម៉ាកហុងដា ឌ្រីម សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1BR 5237 ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ទិសដៅពីជើងទៅត្បូង លុះមកដល់ចំនុចកើតហេតុ ស្រាប់តែរេចង្កូតជ្រុលទៅកៀរនិង យឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្តាលឲ្យដួលទាំងម៉ូតូនិងមនុស្ស អូសជាច្រើនម៉ែត្រ ដែលធ្វើអោយស្ត្រីរងគ្រោះបោកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃ អធិការដ្ឋាននគរបាលខណ្ឌដង្កោចុះមកធ្វើការវាស់វែងរួចប្រគល់សព ជនរងគ្រោះ និងម៉ូតូឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕