ក្រុមកាំភ្លើងធំ Arsenal បានឡើងទៅឈរលេខ២ ដោយតាមពីក្រោយក្រុមកំពូលតារាង Liverpool ៦ពិន្ទុនៅ Premier League ដោយយកឈ្នះ Manchester City ក្នុងលទ្ធផល ៥ទល់១ នៅកីឡដ្ឋាន Emirates កាលពីរាត្រីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៥។
ក្រុមកាំភ្លើងធំដែលទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់ ដើម្បីតាមពីក្រោយ Liverpool បានបានឈ្នះលើ Bournemouth កាលពីថ្ងៃសៅរ៍ បានឆ្លើយតបដោយការយកឈ្នះលើក្រុមម្ចាស់ជើងឯក Man City ដើម្បីកាត់បន្ថយគន្លាតនៅកំពូលតារាង។ Arsenal បានលេងច្រើនជាង Liverpool ១ប្រកួត ប៉ុន្តែការទទួលជ័យជម្នះពេលនេះ យ៉ាងហោចណាស់មានន័យថា ពួកគេនៅតែស្ថិតក្នុងចម្ងាយមិនឆ្ងាយជាមួយនឹងក្រុមរបស់លោក Arne Slot ។
Man City ដែលបានយកឈ្នះ Chelsea កាលពី៩ថ្ងៃមុន បានផ្តល់ឱកាសឱ្យគូប្រជែងរបស់ពួកគេនាំមុខមុន ហើយលើកនេះក្នុងរយៈពេលតែ២នាទីប៉ុណ្ណោះធ្វើឲ្យរបូតគ្រាប់បាល់១គ្រាប់ពីការស៊ុតបញ្ចូលទីរបស់ប្រធានក្រុម Arsenal Martin Odegaard បន្ទាប់មកបានបញ្ជាការបញ្ជូនរបស់ Kai Havertz ខណៈ១គ្រាប់នេះបានអូសបន្លាយរហូតដល់ចប់តង់ទី១។
ចូលដល់ការប្រកួតក្នុងតង់ទី២ ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបន្តមានឱកាសជាបន្តបន្ទាប់ ប៉ុន្តែនៅនាទីទី៥៥ ក្រុមភ្ញៀវ Man City រកបាន១គ្រាប់តាមស្មើវិញដោយខ្សែប្រយុទ្ធជួរមុខ Erling Haaland។ ភ្លាមៗពីការតាមស្មើនេះ Arsenal បានបន្តនាំមុខវិញនៅនាទីទី៥៦ ដែលជាការរកគ្រាប់បាល់ដោយកីឡាករ Thomas Partey ដោយសារឱកាសបាល់ ផ្លាតចេញពីអ្នកចាំទី Stefan Ortega ដែលសង្គ្រោះបាល់ពីការព្យាយាមស៊ុតចេញពី John Stones ។
ការនាំមុខ២ទល់១ហើយនៅមិនគ្រប់គ្រាន់សម្រាប់ Arsenal នោះទេ ដោយក្រុមនេះបានបន្ថែមគ្រាប់បាល់៣គ្រាប់ជាបន្តបន្ទាប់ទៀត ដែលគ្រាប់ទី៣រកបានដោយ Myles Lewis-Skelly វ័យ១៨ឆ្នាំបានស៊ុតបាល់បញ្ចូលទីនៅនាទីទី៦២ ពីការបញ្ជូនរបស់ Declan Rice ដែលជាគ្រាប់បាល់លើកដំបូងរបស់គាត់សម្រាប់ក្រុម Arsenal។
គ្រាប់ទី៤ ជាការបញ្ចប់ទីដោយខ្សែប្រយុទ្ធ Havertz នៅនាទីទី៧៦ ដើម្បីបង្កើតការនាំមុខបន្ថែមទៀតសម្រាប់ Arsenal ពីការបញ្ជូនបាល់យ៉ាងល្អពី Gabriel Martinelli ហើយខណៈម៉ោងបន្ថែមនាទីទី៩០+៣ កីឡាករវ័យក្មេងម្នាក់ទៀតគឺ Ethan Nwaneri វ័យ១៧ឆ្នាំបានរកគ្រាប់បាល់ទី៥ ពីការបញ្ជូនបាល់យ៉ាងល្អពីខ្សែបម្រើ Declan Rice ស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យ ។
ជ័យជម្នះនេះធ្វើឲ្យ Arsenal កំពុងដើរតួនាទីជាអ្នកប្រជែងក្នុងការដណ្តើមពាន Premier League រដូវកាលនេះ ខណៈដែលពួកគេព្យាយាមរក្សាលទ្ធផល ដោយ៥ប្រកួតចុងក្រោយនេះគឺមិនទាន់ស្គាល់រសជាតិចាញ់នៅឡើយទេ ។
ប្រសិនបើលទ្ធផលបែបនេះនៅតែបន្តនៅខែកុម្ភៈនេះ ប្រហែលជាជាហេតុផលដែល Arsenal អាចនឹងតាមទាន់ Liverpool ប្រសិនបើក្រុមកាំភ្លើងធំភ្លាត់ស្នៀតចាញ់ ឬស្មើក្រុមណាមួយនោះ។ ការឈ្នះនេះធ្វើឱ្យ Arsenal តាមពីក្រោយ៦ពិន្ទុពីក្រុម Liverpool ដែលមានក្នុងដៃ១ប្រកួតបន្ថែមទៀត។
ចំណែក Manchester City ក្រោយបរាជ័យធ្វើឲ្យពួកគេបន្តឈរចំណាត់ថ្នាក់លេខ៤ មាន៤១ពិន្ទុ។ ពួកគេប្រឈមមុខនឹងក្រុមម្ចាស់ជើងឯក Real Madrid ក្នុងការប្រកួតវគ្គ Play-off នៃក្របខ័ណ្ឌ Champions League សម្រាប់កន្លែងក្នុងវគ្គ១៦ក្រុមចុងក្រោយទៀត។
ដោយឡែកត្រកូល Manchester ដែរគឺ Man Utd ក៏បានរងបរាជ័យដូចគ្នាក្រោមថ្វីជើងក្រុមភ្ញៀវ Crystal Place ក្នុងលទ្ធផល២ទល់០ ដែលធ្វើឲ្យ Man Utd កាន់តែដុនដាប ពិបាកនឹងប្រជែងកៅអី Champions League រដូវកាលក្រោយណាស់ ពីព្រោះក្នុង២៤ប្រកួតកន្លងមកនេះពួកគេនៅតែបន្តឈរលេខ១៣ មានតែ២៩ពិន្ទុប៉ុណ្ណោះ ដោយចាញ់ក្រុមដែលស្ថិតក្នុងតំបន់ Top 4 រហូតដល់១២ពិន្ទុឯណោះ ៕ (រូបភាព ៖ BBC)