ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិតំណាងលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយការងារទូទៅរបស់ក្រុមការងារ HOTLINE SCAM ២៤/៧ នៃអគ្គស្នងការនគរបាលជាតិ។ កិច្ចប្រជុំនេះដែរ បានធ្វេីឡេីងនៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃចន្ទ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក៏មានការអញ្ជើញចូលរួមលោកស្នងការរង នៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ជាច្រើនរូបទៀតផងដែរ។
បន្ទាប់ពីស្តាប់សេចក្តីរាយការណ៍លទ្ធផលការងារស្តីពីវឌ្ឍនភាព បញ្ហាប្រឈម សំណូមពរ របស់បណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពាក់ព័ន្ធបទល្មើសឆបោក បទល្មើសឆបោកបច្ចេកវិទ្យា និងវិធីសាស្រ្តឆបោក ផលប៉ះពាល់នៃការឆបោកបច្ចេកវិទ្យាចំណុចសម្គាល់នៃការឆបោកបច្ចេកវិទ្យា និងវិធីសាស្រ្តក្នុងការទប់ស្កាត់ពីការឆបោក រួចមក។ លោកឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរងនគរបាលជាតិ ក៏បានធ្វើបទបង្ហាញ ស្តីពីការវិវត្តន៍ នៃបច្ចេកវិទ្យាថ្មីៗនាពេលបច្ចុប្បន្នចំនួន៣ចំណុចដូចខាងក្រោម៖
១-បដិវត្តឧស្សាហកម្ម និងនវានុវត្តន៍បច្ចេកវិទ្យា
២-បញ្ញាសិប្បនិមិ្មត AI
៣-ការវិវត្តន៍ នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ ក៏បានសង្កត់ធ្ងន់ដល់ក្រុមការងារ HOTLINE SCAM ២៤/៧ ត្រូវសហការត្រួតពិនិត្យ ជំរុញ តាមដាន សម្របសម្រួល និងសហការក្នុងការអនុវត្តន៍ការងារទាក់ទងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទ ដើម្បីមានវិធានការស្រាវជ្រាវ និងបង្ក្រាបឲ្យបានទាន់ពេលវេលា។ ជាពិសេសត្រូវសហការជាមួយស្ថាប័ន អង្គភាព អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ ត្រួតពិនិត្យ ក្តាប់ ព័ត៌មាន និងសុំគោលការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ ស្របតាមនីតិវិធីក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕
ដោយ៖តារា