ថ្ងៃនេះគ្រាន់តែឮចម្រៀងបទ” ឱភ្នំពេញអើយ! ” ភ្លាមខ្ញុំក៏ដើរទៅយកវិទ្យុមកមួលបន្ថែមសំឡេងឲ្យឮកាន់តែខ្លាំងឡើង ព្រោះអីខ្ញុំស្រឡាញ់បទនេះខ្លាំងណាស់។កាលខ្ញុំនៅពីក្មេង ឲ្យតែពេលយប់ឡើងរៀបនឹងចូលគេងម៉ែរបស់ខ្ញុំតែងច្រៀងចម្រៀងបទនេះឲ្យខ្ញុំស្ដាប់ ហើយវាជាបទចម្រៀងដែលម្ដាយរបស់ខ្ញុំចូលចិត្តណាស់ ។
* កាលពី១៣ ឆ្នាំមុន :
យប់មួយនោះ មិនដឹងជាម៉ែកើតអ្វីទេ គាត់កំពុងតែច្រៀងសុខៗ ស្រាប់តែស្ងាត់លែងឮសំឡេងរបស់គាត់ច្រៀងទៀត។ ខ្ញុំនឹកស្មានតែគាត់សម្រាន្តផ្ទុយទៅវិញ ម៉ែរបស់ខ្ញុំកំពុងតែជូតសម្បោរខ្សឺតៗ។ ម៉ែកើតអី? ខ្ញុំសួរទៅគាត់ទាំងដឹងហើយថា គាត់យំ។ គ្មានអីទេកូន! ម៉ែនិយាយបណ្ដើរ យកដៃជូតទឹកភ្នែកចេញពីថ្ពាល់បណ្ដើរ ដោយភ្ជាប់ជាមួយស្នាមញញឹមស្ងួតមករកខ្ញុំ។
ខ្ញុំដឹងថាម៉ែច្បាស់ជានឹកឃើញដល់រឿងរ៉ាវចាស់ៗដែលគាត់ធ្លាប់ឆ្លងកាត់នៅក្នុងរបបខ្មែរក្រហមពេលស្ដាប់ចម្រៀងបទ ឱភ្នំពេញអើយ ! នេះ។ ឃើញដូច្នោះខ្ញុំរឹតតែចង់ដឹងថាគាត់បានជួបនឹងអ្វីខ្លះបានជាធ្វើឲ្យគាត់រំជួលចិត្តយ៉ាងដូច្នេះ។ ខ្ញុំបានទទូចសុំឲ្យម៉ែរបស់ខ្ញុំនិយាយរឿងរបស់គាត់ប្រាប់ខ្ញុំហើយម៉ែក៏យល់ព្រម។ខាងក្រោមនេះជាការរៀបរាប់របស់ម្ដាយខ្ញុំពីរឿងរ៉ាវរបស់គាត់និងក្រុមគ្រួសារចាប់តាំងពីឆ្នាំ ១៩៧៤ ÷
* ក្នុងឆ្នាំ ១៩៧៤
ចុងឆ្នាំ ១៩៧៤ គ្រួសាររបស់ខ្ញុំចាប់ផ្ដើមបែកគ្នាជារៀងៗខ្លួន។ឪពុករបស់ខ្ញុំត្រូវចាកចេញទៅធ្វើជាលេខាបកប្រែភាសានៅប្រទេសថៃជាមួយនឹងចៅហ្វាយរបស់គាត់ដែលជាអតីតទាហានក្នុងរបបលន់ នល់ ។ ឪពុករបស់ខ្ញុំចេះនិយាយ និងសរសេរភាសាថៃបានយ៉ាងស្ទាត់ជំនាញ។ កាលនោះខ្ញុំមានអាយុត្រឹមតែ ១១ ឆ្នាំ ហើយកំពុងតែរៀនថ្នាក់ទី ៨ ។ ដោយសារតែឪពុករបស់ខ្ញុំមិនទុកចិត្តនឹងសភាពការណ៍ក្នុងស្រុកគាត់បានយកខ្ញុំនិងម្ដាយរបស់ខ្ញុំទៅផ្ញើ និងញាតិសាច់ឆ្ងាយនៅឯខេត្តសៀមរាប។ ពេលនោះបងប្រុសទី១និងទី ២ របស់ខ្ញុំកំពុងបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅទីក្រុងភ្នំពេញឯណោះ។ចំណែកឯបងប្រុសទី ៣ របស់ខ្ញុំ ត្រូវប្រឡងឌីប្លូមនៅក្នុងស្រុកក្រឡាញ់ ហើយម្ដាយរបស់ខ្ញុំជាអ្នកមើលការខុសត្រូវ។
ម្ដាយរបស់ខ្ញុំមានដីស្រែបួនប្លង់ទុកសម្រាប់ធ្វើខ្លួនឯងខ្លះ និងជួលឲ្យគេធ្វើខ្លះ។ ក្រុមគ្រួសាររបស់ខ្ញុំមានអ្នកស្គាល់ច្រើនណាស់ ព្រោះឪពុករបស់ខ្ញុំធ្វើជាទាហាន ហើយម្ដាយរបស់ខ្ញុំរកស៊ីជួញដូរ។ ជីវភាពរបស់យើងធូរធារគ្រាន់បើដែរ។
មុនពេលឪពុករបស់ខ្ញុំឡើងយន្តហោះ គាត់បានផ្ដាំផ្ញើយ៉ាងច្រើន។ គាត់ផ្ដែផ្ដាំម្ដាយរបស់ខ្ញុំឲ្យជួយមើលថែកូនៗឲ្យបានល្អ ព្រោះអីគាត់ទៅយូរណាស់កន្លះឆ្នាំអីទើបបានមកម្ដង។ ឪពុករបស់ខ្ញុំបារម្ភដល់កូនដែលនៅភ្នំពេញណាស់ ព្រោះពេលនោះបញ្ហានយោបាយក្នុងប្រទេសកំពុងមានភាពល្អក់កករផង ហើយបញ្ហាអសន្តិសុខទៀតទៀត។ ផ្ដាំផ្ញើរួចស្រេចឪពុករបស់ខ្ញុំក៏ឡើងយន្តហោះចេញដំណើរទៅបាត់។ ម្ដាយខ្ញុំបែរជាហូរទឹកភ្នែកសស្រាក់ហាក់ដូចជាមានប្រផ្នូលថា គាត់នឹងមិនអាចមានឱកាសជួបគ្នាវិញទៀតទេ។
*ឆ្នាំ១៩៧៥ ចូលមកដល់
ប្រហែលពីរខែកន្លងផុតទៅ ខ្ទង់ពាក់កណ្ដាលខែមករាឆ្នាំ ១៩៧៥ ម្ដាយរបស់ខ្ញុំបានទទួលសំបុត្រពីឪពុករបស់ខ្ញុំតាមរយៈទាហានដែលទៅថៃជាមួយគ្នា។ នៅក្នុងសំបុត្រនោះបានផ្ដាំថា ឲ្យនាំកូនទាំងពីរនាក់ទៅលេងថៃ ហើយឪពុករបស់ខ្ញុំនឹងមកនៅចាំទទួលនូវអារញ្ញ។ ម្ដាយរបស់ខ្ញុំរូតរះម្នីម្នារៀបចំអីវ៉ាន់ល្មមគួរសមសម្រាប់ធ្វើដំណើរ ដ្បិតខ្លាចមានសភាពការណ៍ណាមួយមិនប្រក្រតីនឹងអាចធ្វើឲ្យខកពេលវេលានេះ។
ការធ្វើដំណើរទៅប្រទេសថៃតាមផ្លូវគោកពិតជាមិនងាយស្រួលទេ ព្រោះនៅអំឡុងឆ្នាំ ១៩៧៥ ប្រទេសខ្មែរបានធ្លាក់ចូលក្នុងសង្គ្រាមហែកហួរគ្នាជាបណ្ដើរៗទៅហើយ។ នៅតាមផ្លូវពិបាកធ្វើដំណើរណាស់ ដ្បិតពេលនោះមានកងកម្លាំងដែលខ្ញុំមិនច្បាស់ថាកម្លាំងខាងណានោះទេ បានបង្កប់គ្រាប់មីននៅតាមផ្លូវហើយផ្ទះមួយចំនួនបានខូចខាតដោយសារការទម្លាក់បែកនិងការបាញ់គ្រាប់ផ្លោង។ ពេលមកដល់ស្រុកក្រឡាញ់ស្ពានផ្លូវត្រូវដាច់ខូចខាតជាច្រើនកន្លែងធ្វើឱ្យយើងមិនអាចធ្វើដំណើរទៅមុខទៀតបានទេ។ យើងត្រូវឈប់សម្រាកជាច្រើនថ្ងៃនៅទីនោះ។ ដោយមិនអាចនៅរង់ចាំបានឪពុករបស់ខ្ញុំ បានផ្ញើសំបុត្រមួយច្បាប់ ថ្នាំលេប និងលុយមួយចំនួនមកឲ្យពួកយើងដែលនៅសំចតតាមផ្លូវ ឱ្យធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ព្រោះគាត់បានទទួលដំណឹងតាមរយៈអង្គភាពរបស់គាត់ថា នៅតាមព្រំដែនចាប់ផ្ដើមតឹងរឹង និងពុំមានសុវត្ថិភាពសម្រាប់ប្រពន្ធនិងកូនរបស់គាត់ឡើយ។ យើងបាននាំគ្នាត្រឡប់មកស្រុកកំណើតរង់ចាំស្ដាប់សភាពការណ៍បន្តទៅទៀត។
លុះចូលមកដល់ខែមេសាឆ្នាំ ១៩៧៥ ឪពុករបស់ខ្ញុំបានផ្ញើសំបុត្រឱ្យយើងធ្វើដំណើរទៅប្រទេសថៃម្ដងទៀត ត្បិតគាត់បានទទួលដំណឹងថាសង្គ្រាមចាប់ផ្ដើមផ្ទុះឡើងនៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា។ ម្តាយរបស់ខ្ញុំបានរៀបចំអីវ៉ាន់ហើយធ្វើដំណើរពីខេត្តសៀមរាបដើម្បីមកយកបងទី ៣ របស់ខ្ញុំនៅស្រុកក្រឡាញ់ឲ្យទៅជាមួយគ្នា។ យើងទើបតែមកដល់ឃុំសសរស្ដម្ភ ស្រាប់តែប្រទះនឹងការប្រយុទ្ធគ្នាទ្រង់ទ្រាយតូចរវាងទាហានលន់ នល់ និងកងទ័ពខ្មែរក្រហមដែលទើបតែបញ្ចប់ថ្មីៗ។ ហេតុដូចនេះហើយយើងសម្រេចចិត្ត វិលត្រឡប់មកសៀមរាបវិញព្រោះខ្លាចថា បើយើងធ្វើដំណើរទៅមុខទៀតនឹងជួបកងទ័ពខ្មែរក្រហម។
ម្ដាយរបស់ខ្ញុំមានការបារម្ភណាស់ ព្រោះគាត់ទទួលបានដំណឹងថាខ្មែរក្រហមបានវាយរំដោះទីក្រុងភ្នំពេញហើយចាប់ផ្ដើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ។ គាត់មានការតក់ស្លុតយ៉ាងខ្លាំង ព្រោះគាត់មិនដែលបានទទួលបានដំណឹងពីកូនប្រុសស្រីទាំងពីរនាក់ដែលរស់នៅភ្នំពេញទៀតសោះតាំងពីដើមខែមេសាមក។
រាល់ពេលចូលឆ្នាំថ្មី ក្រុមគ្រួសាររបស់ខ្ញុំតែងតែជួបជុំគ្នាទិញសម្លៀកបំពាក់ថ្មីៗ ហូបអាហារជុំគ្នា និងជួបជុំគ្នានិយាយលេងសើចក្អាកក្អាយ។ប៉ុន្តែឆ្នាំនេះ យើងមិនបានជុំគ្នាទៀតទេ។ បងៗទាំងពីររបស់ខ្ញុំដែលរស់នៅក្រុងភ្នំពេញបាត់ដំណឹងសូន្យឈឹង។ បងទី៣ ក៏មិនអាចឡើងមកសៀមរាបជួបពួកយើងបាន ព្រោះមានកងទ័ពនៅរាយគ្នាតាមផ្លូវឥតដាច់។(នៅមានត)