ខេត្តពោធិ៍សាត់ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ សហការជាមួយកម្លាំងបង្រ្កាបបទល្មើសនេសាទ បឹងទន្លេសាប អាវុធហត្ថ ចេញប្រតិបត្តិការ ត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ប្រទះឃើញកាណូតកំពុងធ្វើសកម្មភាពដឹកជញ្ជូនលៀសចំនួន០៣គ្រឿង បានទប់ស្កាត់ និងបង្រ្កាបភ្លាមៗ ។
នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានឲ្យដឹងនាព្រឹកថ្ងៃពុធ៨កើត ខែមាឃ ឆ្នាំរោង ឆស័ក ព-ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥នៅលើផ្នៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិកំពង់លើ ឃុំក្បាលត្រាច ស្រុកក្រគរខេត្តពោធិ៍សាត់ ។
លោក នាយខណ្ឌឲ្យដឹងទៀតថា លទ្ធផលបង្រ្កាបបាន១ករណី ទី-១ បាឡាសំបកឈើទំហំបណ្ដោយប្រវែង១២ម៉ត្រ គុណទទឹង១.៨ម៉ែត្រ ជម្រៅ១.២ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក សាំយ៉ុង កំលាំង០៥ម៉ាស៊ីនចំនួន០១គ្រឿង ទី-២ បាឡាសំបកស្មាច់ទំហំបណ្ដោយប្រវែង១០.៩ម៉ែត្រ គុណទទឹងប្រវែង១.៨ម៉ែត្រ ជម្រៅ០៨ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក ហុងដា ចំនួន០១គ្រឿង និងទី-៣ បាឡាសំបកស្មាច់ទំហំបណ្ដោយប្រវែង១០.៥៥ម៉ែត្រ គុណទទឹងប្រវែង១.២ម៉ែត្រ ជម្រៅ០.៨ម៉ែត្រ ភ្ជាប់ម៉ាស៊ីនម៉ាក TBC កំលាំង១៨សេះចំនួន០២គ្រឿងក្នុងនោះមានឈ្នងអូសលៀសចំនួន០២គ្រឿងផងដែរ កាណូតទាំងអស់មានផ្ទុកលៀសទម្ងន់ចំនួន១០តោន ។
លោក បញ្ជាក់ទៀតថា បញ្ហាវត្ថុតាងបានរាយការណ៍ព្រះរាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដោយលៀសទាំងអស់ចាក់លែងចូលទឹកបឹងទន្លេសាបវិញ ចំពោះកាណូតរក្សាទុកបណ្ដោះអាសន្ននៅទីបញ្ជាការ ក្រុមការកងកម្លាំងបង្រ្កាបបទល្មើសទេសាទ ក្នុងនោះធ្វើការអប់រំមនុស្សចំនួន១០នាក់ ដោយធ្វើកិច្ចសន្យាលាយល័កជាអក្សត្រឹមត្រូវ៕
ដោយៈ ប៉ឹម ពិន