ភ្នំពេញ ៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាហុងគ្រី ដឹកនាំដោយ លោកស្រី ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភា នៃប្រទេសហុងគ្រី បានអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាប្រកបដោយសុវត្ថិភាព នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរដ្ឋសភានៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
អញ្ជើញទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមមាន លោកស្រី ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី និងលោក ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា និងជាអនុប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ហុងគ្រី ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា។
ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃប្រទេសហុងគ្រី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងអញ្ជើញមានជំនួបទ្វេភាគីជាមួយ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា ព្រមទាំងជួបពិភាក្សាការងារជាមួយលោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការ បរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា។
ក្រៅពីជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលនៃស្ថាប័ននីតិប្បញ្ញត្តិរបស់កម្ពុជា ហើយនោះ លោកស្រី ម៉ាតា ម៉ាត្រៃ និងគណៈប្រតិភូ ក៏មានគម្រោងធ្វើទស្សនកិច្ចនៅតាមទីតាំងសំខាន់ៗមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប ផងដែរ៕
ដោយ ៖ សិលា