ភ្នំពេញ ៖ អ្នកនិពន្ធខ្មែរល្បីៗសម័យឧត្តុង្គមានដូចតទៅ ៖
(១) អ្នក ប៉ាង តាត គឺជាអ្នកនិពន្ធ ដែលសរសេរកំណាព្យ «ល្បើកអង្គរ» ជាបទព្រហ្មគីតិ បទកាកគតិ និងបទពំនោល ដែលអ្នកគ្រូ ពៅ សាវរស បានបកស្រាយតាមវិទ្យាសាស្ត្រនៃភាសាវិទ្យាថា សរសេរនៅឆ្នាំ១៦២០”។ កំណាព្យនេះ ដែលសរសេរឡើងនៅពេលដែលប្រជាជន កម្ពុជាមានជំនឿលើព្រះពុទ្ធសាសនាថេរវាទ បានឆ្លុះបញ្ចាំងពីលទ្ធិសុខដុម នីយកម្មរវាងសាសនាព្រាហ្មណ៍ និងសាសនាព្រះពុទ្ធ។
(២) ព្រះរាជសម្ភារ ដែលជារាជកវី ក្នុងស.វ.ទី១៧ (គ.ស.១៦០១-១៦៣១)។ ព្រះអង្គជាព្រះរាជបុត្រច្បងរបស់ព្រះបាទជ័យជេដ្ឋា និងអ្នក ម្នាងសុន ដែលមានព្រះនាមថា ព្រះអង្គតូ ក្រោយមកជាព្រះស្រីធម្មរាជា។ ដោយមានវិបត្តិស្នេហាជាមួយព្រះនាងអង្គវតី ដែលជាមហេសីរបស់ស្តេច មា ព្រះបាទឧទ័យ ព្រះអង្គបានភៀសព្រះកាយទៅខេត្តក្រចេះ ហើយត្រូវ បានទ័ពព័រទុយហ្គាល់បាញ់សុគត។ ស្នាព្រះហស្តរបស់ព្រះអង្គមាន ច្បាប់ រាជនីតិ កំណាព្យ«ច្បាប់រាជសម្ភារ» (ឆ្នាំ១៦២២) លិខិតផ្ញើទៅថ្វាយព្រះ ម៉ែយួរវត្តី ពាក្យកាព្យសរសេរលើចុងត្នោត មុនពេលសុគតដោយទាហាន ព័រទុយហ្គាល់បាញ់ កំណាព្យសរសើរហេមន្តមាស កំណាព្យ«កន្លង់មាស មង្គលថ្ងៃ» កំណាព្យ«ព្រលឹងមាសអើយ» ច្បាប់ក្រម និងច្បាប់ហៃសាធុជន ឬច្បាប់ត្រីនេត្រ ។
(៣) បណ្ឌិត ជ័យនន្ទ ជាកវី និងមន្ត្រីមួយរូប ដែលនិពន្ធកំណាព្យ (សិលាចារឹកទំនើបអង្គរវត្ត K-34, K-38 ចំនួនប្រមាណ៤០ផ្ទាំង) នៅឆ្នាំ ១៧០១ ចុងរាជ្យព្រះរាជសម្ភារ។ លោកបានតែងសិលាចារឹកមួយ ដែល ប្រកបដោយសម្ផស្សជើងកាព្យ ដែលអាចយកជាគំរូមេកាព្យបាន និងដែល អធិប្បាយជីវប្រវត្តិ និងសកម្មភាពរបស់ឧត្តមមន្ត្រីនៃព្រះមហាក្សត្រព្រះ បាទជ័យជេដ្ឋាទី៣។ (៤) ឧកញ៉ាកោសាធិបតី កៅ ជាកវីឯកក្នុងរជ្ជកាលព្រះបាទអង្គ ចន្ទទី២។ លោកត្រូវបានតែងតាំងជាចៅហ្វាយឃ្លាំងមណីរតន៍ក្នុងព្រះបរម រាជវាំង និងជាទីប្រឹក្សាច្បាប់របស់ព្រះមហាក្សត្រ។ លោកបានសរសេររឿង «ក្រុងសុភមិត្រ» នៅឆ្នាំ១៧៩៨។
(៥) ឧកញ៉ាព្រះឃ្លាំង នង ជាប្អូនបង្កើតរបស់ព្រះមាតានៃព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម។ លោកបានបួសរៀន និងបានធ្វើជាចៅអធិការ នៅវត្តចតុទិសនៃក្រុងឧដុង្គដោយបានទទួលសមណសក្តិជាមហាព្រហ្មមុនី។ ឧកញ៉ាព្រះឃ្លាំង នង ជាកវីឯកនៅក្នុងរាជ្យព្រះបាទអង្គអេង និងព្រះបាទ អង្គចន្ទ។ លោកបានសរសេរស្នាដៃខាងអក្សរសាស្ត្រជាច្រើនរហូតដល់ បានឡើងងារជាឧកញ៉ាព្រះឃ្លាំង ជាងារចាងហ្វាងក្រុមព្រះរាជបណ្ឌិត និងជាព្រះរាជនិពន្ធរបស់ព្រះរាជាទៀតផង។ ស្នាដៃរបស់លោកមាន ៖ ច្បាប់សុភាសិត (១៧៩០) លោកនយបករណ៍ (១៧៩៤) បុញ្ញសារសិរសា (១៧៩៧) រឿង«ភោគកុលកុមារ» (១៨០៤) វរនុជវរនេត្រ(១៨០៦) ព្រះ សមុទ្រ(១៨០៨) និងពង្សាវតារ(១៨១៨)។
នៅមានកវីបណ្ឌិតជាច្រើនទៀត ដែលបាននិពន្ធស្នាដៃនៅក្នុងស.វ. ទី១៨-១៩ តែមិនបានដាក់ឈ្មោះនៅលើស្នាដៃអក្សរសិល្ប៍របស់ខ្លួន ដូចជា រឿងពុទ្ធិសែន ព្រះសុធន ទិព្វសង្វារ ហង្សយន្ត រាជកុល រតនាវង្ស សង្ខ សិល្ប៍ជ័យជាដើម។
នៅពេលដែលស្ថានភាពនយោបាយនៅកម្ពុជាកាន់តែអាក្រក់ទៅ កវីនិពន្ធនៅក្នុងសម័យឧដុង្គបានបង្កើតអក្សរសិល្ប៍ពុទ្ធនិយម គឺជាប្រភេទ អក្សរសិល្ប៍ដែលតែងជាពាក្យកាព្យ តាមលំនាំសាច់រឿងនៃទសជាតក និង បញ្ញាសជាតកនៅក្នុងអំឡុងសតវត្សរ៍ទី១៨-១៩។ អក្សរសិល្ប៍កំណាព្យខ្មែរ ជាពិសេសអក្សរសិល្ប៍ពុទ្ធនិយមសម័យក្រោយអង្គរ ពិតជាកំណប់វិជ្ជា មហាសាលរបស់ខ្មែរពិតមែន។ ការវិវត្តនៃអក្សរសិល្ប៍កំណាព្យខ្មែរឆ្លុះបញ្ចាំង ពីការវិវត្តនៃអក្សរសាស្ត្រខ្មែរជារួម ពីការសរសេរជាភាសាបាលី សំស្ក្រឹត និងខ្មែរបុរាណ និងខ្មែរកណ្តាលមកសរសេរជាភាសាខ្មែរក្នុងចុងសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ទាំងការវិវត្តខាងផ្នែកក្បួនវេយ្យាករណ៍ ការសរសេរ ពាក្យដ៏សម្បូរណ៍បែប ដែលអាចចាត់ទុកជាបេតិកភណ្ឌអរូបីនៃជាតិខ្មែរ យើង ការតែងកំណាព្យជាបទដ៏ច្រើនសន្ធឹកសន្ធាប់ ដែលឆ្លុះបញ្ចាំងពីភាព រស់រវើក និងការចេះច្នៃប្រឌិតរបស់កវីនិពន្ធខ្មែរ ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន