ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ការបើកសករាជថ្មី និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គមកម្ពុជា !

១-ការសម្រេចបាននូវសុខសន្តិភាពទូទាំងប្រទេស

លក្ខខណ្ឌសម្រាប់ការអភិវឌ្ឍនៅមិនទាន់មាន ៖ ក្នុងឆ្នាំ១៩៩៣-១៩៩៧ រាជរដ្ឋាភិបាលកម្ពុជានៅពុំទាន់អាចនាំមកនូវលក្ខខណ្ឌនយោបាយ និងសន្តិសុខ ដែលចាំបាច់សម្រាប់ឱ្យមានរដ្ឋាភិបាលបង្រួបបង្រួម និងមាន ស្ថិរភាពមួយនៅឡើយទេ។ កម្លាំងយោធាខ្មែរក្រហមនៅតែជាកម្លាំងសំខាន់ មួយ ដែលជាការគំរាមកំហែងយ៉ាងខ្លាំងមួយដល់សន្តិសុខរបស់ប្រទេស ចំណែករចនាសម្ព័ន្ធសង្គមរបស់ប្រទេសនៅមានភាពផុយស្រួយនៅឡើយ។ លើសពីនេះទៅទៀត ទោះបីជារាជរដ្ឋាភិបាលខិតខំយ៉ាងណាក៏ដោយ ក៏ កំណើនសេដ្ឋកិច្ចសម្រេចបានយ៉ាងទាប ក្នុងឆ្នាំ១៩៩៧-១៩៩៨ ដោយសារ តែព្រឹត្តិការណ៍នយោបាយក្នុងស្រុក និងវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ដែលផ្ទុះ ឡើងនៅក្នុងឆ្នាំ១៩៩៧។

ការបញ្ចប់ទាំងស្រុងការបែងចែកទឹកដី ៖ ក្រោយពីអនុវត្ត«នយោបាយ ឈ្នះ-ឈ្នះ» ដែលដាក់ចេញដោយសម្តេចហ៊ុន សែន បានដោយជោគជ័យក្នុងឆ្នាំ១៩៩៨រួចមក រាជរដ្ឋាភិបាលកម្ពុជាអាចរំលាយចោលអង្គការចាត់ តាំងយោធា និងនយោបាយរបស់ខ្មែរក្រហម និងនាំមកនូវការស្ថាបនាឡើង វិញនូវសុខសន្តិភាពទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការបង្រួប បង្រួមនយោបាយរបស់ប្រទេស។ សង្គ្រាម និងជម្លោះប្រដាប់អាវុធផ្ទៃក្នុង ត្រូវបានបញ្ចប់ទាំងស្រុង។ ប្រទេសកម្ពុជាត្រូវបានរួបរួមគ្នាជាលើកទី១ក្រោយ ពីការបែកបាក់គ្នាអស់ជាច្រើនសតវត្សមកហើយ។ នៅលើទឹកដីកម្ពុជា ជានិច្ចជាកាលតែងតែមានកងកម្លាំងប្រដាប់អាវុធ ដែលធ្វើទុក្ខបុកម្នេញ ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាល។ ជាពិសេសមុន ឆ្នាំ១៩៧០ ថ្វីត្បិតតែទឹកដីខ្មែរភាគច្រើនលើសលប់ កាន់កាប់ដោយរាជ រដ្ឋាភិបាលសង្គមរាស្ត្រនិយមក៏ដោយ ក៏តំបន់ជាយដែន និងដាច់ស្រយាល ខ្លះត្រូវបានកាន់កាប់ដោយខ្មែរក្រហម ដែលមានការគាំទ្រដោយកងទ័ព វៀតណាមខាងជើង តំបន់នៅជាប់ព្រំដែនថៃត្រូវបានកាន់កាប់ដោយពួក ឧទ្ទាមខ្មែរខៀវ ហើយតំបន់នៅជាប់ព្រំដែនវៀតណាម ត្រូវបានកាន់កាប់ ដោយពួកឧទ្ទាមខ្មែរស ដោយមានការឧបត្ថម្ភគាំទ្រពីបរទេស។ បន្ទាប់ពី រដ្ឋប្រហារទម្លាក់សម្តេចសីហនុ នៅខែមីនា ឆ្នាំ១៩៧០ ទឹកដីកម្ពុជាទាំងមូល ត្រូវបានបែងចែកជាពីរគឺ ៖ តំបន់ដែលរដ្ឋាភិបាលលន់ នល់គ្រប់គ្រង និង តំបន់រំដោះក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហម។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ទឹកដីកម្ពុជាត្រូវបានបែកចែកជាតំបន់ត្រួតត្រា៤គឺ តំបន់ដែល កាន់កាប់ដោយសាធារណរដ្ឋប្រជាមានិតកម្ពុជា និងតំបន់បីទៀតគ្រប់គ្រង ដោយភាគីនៃរដ្ឋាភិបាលត្រីភាគីគឺ តំបន់ត្រួតត្រាដោយ FUNCINPEC តំបន់ត្រួតត្រាដោយ KPNLF និងតំបន់ត្រួតត្រាដោយពួកខ្មែរក្រហម។ ក្រោយពីការបោះឆ្នោត ខែកក្កដា ឆ្នាំ១៩៩៣ កម្ពុជាត្រូវបានបែកចែកជាពីរគឺ តំបន់ដែលគ្រប់គ្រងដោយរាជរដ្ឋាភិបាលកម្ពុជា និងតំបន់ដែលត្រួតត្រា ដោយកងទ័ពខ្មែរក្រហម។ ដូច្នេះ «នយោបាយឈ្នះ-ឈ្នះ» បាននាំមកនូវ ការបង្រួបបង្រួមទឹកដី និងជាតិកម្ពុជាឱ្យវេញត្របាញ់ជាធ្លុងមួយ។ រដ្ឋាភិបាលអាចបោះជំហានពង្រឹងស្មារតីនៃការបង្រួបបង្រួមនិងផ្សះផ្សាជាតិ។

ការផ្សះផ្សាជាតិ ៖ ការអនុវត្ត«នយោបាយឈ្នះ-ឈ្នះ» បាននាំមក នូវការផ្សះផ្សាដំបៅកម្ពុជា ដែលបំផ្លាញកោសិកាជាតិអស់រយៈពេលជាង បីទសវត្សរ៍ចុងក្រោយនេះ។ ក្រោយរបបប៉ុល ពត ជនជាតិកម្ពុជាកើតជំងឺ ភ័យខ្លាច មិនទុកចិត្តគ្នា លាបពណ៌គ្នា ដែលធ្វើឱ្យមូលធនសង្គមខ្មែរបាត់-បង់។ ការបែកបាក់ជាតិ គឺជាផលវិបាកដ៏ធំ ដែលរារាំងកម្ពុជាមិនអាចដើរ ទៅមុខយ៉ាងស្វាហាប់បាន។

ការផ្ទុះអាវុធនៅទីក្រុងភ្នំពេញនៅឆ្នាំ១៩៩៧ ៖ ការចុះចូលនៃមេដឹក នាំកងពលខ្មែរក្រហមជាមួយសម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីទី២នៃរាជ រដ្ឋាភិបាលកម្ពុជាបានបង្កើតនូវការប្រណាំងប្រជែងរវាងគណបក្សទាំងពីរ ក្នុងរាជរដ្ឋាភិបាលកម្ពុជាគឺ គណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុន ស៊ីនបិច។ កងទ័ពដែលស្មោះត្រង់នឹងសម្តេចនរោត្តម រណឫទ្ធិបាននាំយក កម្លាំងខ្មែរក្រហមចូលក្នុងទីក្រុងភ្នំពេញ ហើយការប្រណាំងប្រជែងនេះ បានក្លាយទៅជាជម្លោះប្រដាប់អាវុធ នៅថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ នៅកណ្តាលក្រុងភ្នំពេញ៕
(នៅមានត)

...

ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print