ភ្នំពេញ ៖រថយន្ត FORD RAPTOR មួយគ្រឿងកំពុងតែធ្វើដំណើរសុខៗស្រាប់តែឆ្លងចរន្ដអគ្គីសនីឆាប់ឆេះរថយន្ដយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលរថយន្ដពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៥០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលស្ថិតចំណុចផ្លូវ៥៩៨ មុខច្រកចូលបុរី វិមានភ្នំពេញ ក្រុម៤ ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពត៌មានពីកន្លែងកើតហេតុបាននិយាយប្រាប់ថានៅមុន ពេលកើតហេតុគេឃើញរថយន្តម៉ាក FORDRAPTORពណ៌ខ្មៅមួយ គ្រឿងពាក់ផ្លាកលេខ កម្ពុជា X-6789-X បើកបរតាមបណ្តោយ ផ្លូវ៥៩៨ ក្នុងទិសដៅកើតជើងទៅត្បូងក្នុងល្បឿនមធ្យម លុះបើកដល់ចំណុចកើតហេតុខាងលើឆាប់លឺសំលេង ទុស្សលាន់ចេញពីម៉ាស៊ីនរថយន្តហើយមានផ្សែងនឹងអណ្តាតភ្លើងឆាប់ឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកក៏ឃើញមនុស្សប្រុសស្រី៣នាក់ចេញពីរថយន្ដទាន់ ។
ក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០១គ្រឿង ប្រើប្រាស់ទឹក អស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប ។
ចំពោះរថយន្ដដែលឆេះខូចខាតផ្នែកខាងមុខនៃរថយន្តអស់ប្រហែល ៥០%។ ចំពោះគ្រោះអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ់ធ្វើការបាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង ១១និង៣០នាទីយប់នាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះនគរបាលបានធ្វើការស្រាវជ្រាវរកឃេីញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គិសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ៕
ដោយ ៖ ភារ៉ា ដង្កោ