ខេត្តសៀមរាប៖ មន្ទីរព័ត៌មានខេត្តសៀមរាប មានកិត្តិយសសូមជម្រាបជូនដំណឹងដល់សាធារណជនមេត្តាជ្រាបថា ក្រោមការ ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ក្រសួងព័ត៌មាន ក្នុងការធ្វើឲ្យប្រសើរឡើងនូវការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយទំនុកចិត្ត និងទំនួលខុសត្រូវលើវិជ្ជាជីវៈ ដែលជាគុណតម្លៃ នៃការលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា។ ជាមួយនឹងឆន្ទៈកំណែទម្រង់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរដ្ឋសភានីតិកាលទី៧ ក្រសួងព័ត៌មាន បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ដែលជាវិធាន សម្រាប់តម្រង់ទិសលើក្រមសីលធម៌ទាំងអ្នកប្រកបអាជីពសារព័ត៌មានគ្រប់ជំនាញ និងមិនមែនជាអ្នកសារព័ត៌មាន អាជីពនៅកម្ពុជា។
ក្នុងន័យនេះ មន្ទីរព័ត៌មានខេត្ត សូមអំពាវនាវដល់សាធារណជនទាំងអស់ ចូលរួមទប់ស្កាត់ជនក្លែងបន្លំ ជាអ្នកសារព័ត៌មាន ឬ ជនឆ្លៀតឱកាសជ្រកក្រោមអង្គភាពសារព័ត៌មាន ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន តាមរូបភាពផ្សេងៗដូចជា គំរាមកំហែង កំហែងទារប្រាក់កាសជាដើម ។ល។ ដែលសកម្មភាពនេះ ប្រាសចាកទៅនឹង ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើវិស័យព័ត៌មាននៅកម្ពុជា។
ក្នុងករណី សាធារណជន ទទួលរងនូវការរំលោភសិទ្ធសេរីភាព ឯកជនភាព ឬ កិត្តិយសរបស់ខ្លួន ពីសំណាក់ជនខិលខូច ខាងលើ សូមរាយការណ៍ទៅកាន់ក្រសួងព័ត៌មាន តាមរយៈលេខទូរស័ព្ទ ០១៥ ៤៨៣ ២៨៣ / ០១២ ៤៨៨ ១៥៦ ឬ ដាក់ពាក្យបណ្តឹងដោយផ្ទាល់ទៅក្រសួងព័ត៌មាន ឬតាមរយៈមន្ទីរព័ត៌មានខេត្ត ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណ មណ្ឌលរដ្ឋបាលមន្ទីរ ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដើម្បីក្រសួងចាត់វិធានការតាមនីតិវិធីច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាប និងចូលរួមសហការឲ្យមាន ប្រសិទ្ធភាពខ្ពស់៕ដោយ៖តារា