ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជាអធិបតីភាពចូលរូមបិទសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់យើងទៅហើយ ខណៈបរិវត្តកម្មឌីជីថល គឺជាការឆ្ពោះទៅរកកាលានុវត្តភាពថ្មីៗ តាមយរៈការប្រែប្រួលនៃប្រព័ន្ធឌីជីថល។
-សម្ដេចធិបតី ថ្លែងអបអរសាទរ និងកោតសរសើរដល់កូនខ្មែរជាច្រើនដែលអាចបង្កើតកម្មវិធីទូរស័ព្ទ និងកម្មវិធីអេហ្វជាច្រើន ដើម្បីផ្ដល់សេវា និងព័ត៌មានលឿន រហ័សទៅដល់ប្រជាពលរដ្ឋ។
-សម្ដេចធិបតី ថ្លែងថា ទំនើបកម្មនៃបច្ចេកវិទ្យាឌីជីថលបានជំរុញល្បឿនការងារទាំងក្នុងវិស័យរាជរដ្ឋាភិបាល និងវិស័យឯកជន ខណៈនៅកម្ពុជាវិស័យបច្ចេកវិទ្យាឌីជីថល កំពុងបន្តរីកលូតលាស់យ៉ាងលឿនក្នុងរយៈពេលប្រមាណ១០ឆ្នាំចុងក្រោយនេះ។
-សម្ដេចធិបតី ថ្លែងថា ប្រជាពលរដ្ឋកម្ពុជាកំពុងទទួលផលយ៉ាងច្រើនពីបច្ចេកវិទ្យាឌីជីថល ជាពិសេសលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម និងការផ្ដល់សេវាតាមអនឡាញនានា បានលឿន រហ័ស។
-សម្ដេចធិបតី ថ្លែងថា ថវិការបស់រាជរដ្ឋាភិបាលមានគ្រប់គ្រាន់ សម្រាប់បើកជូនមន្រ្ដីរាជការ និងគ្រប់គ្រាន់សម្រាប់ការដំឡើងប្រាក់បៀវត្សប្រចាំឆ្នាំដល់មន្រ្ដីរាជការផងដែរ។
-សម្តេចធិបតី ថ្លែងថា រដ្ឋមានថវិកាគ្រប់គ្រាន់សម្រាប់បើក ប្រាក់បៀវត្សជូនមន្រ្តីរាជការ ដោយក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះរដ្ឋបានដំឡើងប្រាក់ខែជូនដល់ មន្រ្តីគ្រប់ៗគ្នាផងដែរ។
-សម្ដេចធិបតី ថ្លែងថា កម្ពុជាមិនត្រឹមតែធានាបាននូវស្ថិរភាពសេដ្ឋកិច្ចចំណូលពន្ធ និងប្រាក់រៀលប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងបានដំឡើងប្រាក់ខែជូនមន្ត្រីរាជការទាំងអស់ជារៀងរាល់ឆ្នាំថែមទៀត។
-សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ នឹងបន្តពង្រឹងលើការអនុវត្តសមត្ថភាពលើវិស័យឌីជីថលនេះបន្ថែមទៀត ជាពិសេសលើគោលនយោបាយរដ្ឋាភិបាលឌីជីល និងពលរដ្ឋឌីជីថល។
-សម្ដេចធិបតី ថ្លែងរម្លឹកឡើងថា បច្ចេកវិទ្យា ឌីជីថលបានចូលរួមដោះស្រាយបញ្ហាបានយ៉ាងច្រើនក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ដូចជាការទិញទំនិញតាមអេហ្វ និងការបើកកិច្ចប្រជុំ និងរៀនសូត្រតាមអនឡាញជាដើម។
-សម្ដេចធិបតី ថ្លែងស្នើដល់ស្ថាប័ន និងជំនាញពាក់ព័ន្ធសូមជួយពន្លឿនធ្វើយ៉ាងណា ដើម្បីឱ្យច្បាប់ប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត(Cyber Crime)ចេញឱ្យបានឆាប់។
-សម្ដេចធិបតី ថ្លែងណែនាំដល់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ពន្លឿនការរៀបចំដាក់ឱ្យដំណើការសេវាទូរស័ព្ទចល័ត 5G នាពេលខាងមុខ។
-សម្ដេចធិបតី ថ្លែងណែនាំដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ត្រូវបន្តគិតគូរ ពិនិត្យមើលនៅតាមបុរីដែលមានបញ្ហាខ្សោយសេវាទូរស័ព្ទហើយត្រូវដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋឱ្យបានទាន់ពេល។
-សម្ដេចធិបតី ថ្លែងអំពាវនាវដល់សាធារណជនទាំងអស់សូមកុំមានការព្រួយបារម្ភចំពោះផលប៉ះពាល់ពីឥទ្ធិពលរបស់អង់តែនទូរសព្ទនោះអី។
-សម្ដេចធិបតី ថ្លែងបញ្ជាក់បន្ថែមថា តាមការស្រាវជ្រាវរបស់អង្គការសុខភាពពិភពលោក(WHO)បានឱ្យដឹងថា មិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបង្ហាញឱ្យឃើញថា ការប្រើប្រាស់ទូរសព្ទ និងបង្គោលអង់តែនទូរសព្ទ បានបង្កផលប៉ះពាល់ដល់សុខភាពមនុស្សនោះឡើយ។
-សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិតនិងបង្កើតឲ្យមានកម្មវិធីការប្រកួតប្រជែងឌីជីថលតាមក្រសួងផ្សេងៗនិងលើកទឹកចិត្តឲ្យក្រសួងជួយបណ្ដុះបណ្ដាលឌីជីថលដល់មន្ត្រីរាជការនៅតាមក្រសួងផ្សេងៗដែលមិនទាន់បានរៀបចំ។
-សម្ដេចធិបតី ថ្លែងថា ការប្រើប្រាស់បច្ចេកវិទ្យាមានមុខពីរ ទីមួយវាបានជួយយើង ប៉ុន្ដែវាក៏បង្កហានិភ័យដល់យើងផងដែរ ដូច្នេះទាមទារឱ្យអ្នកប្រើត្រូវរៀនស្វែងយល់ និងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។
-សម្ដេចធិបតី ថ្លែងថា ទិសដៅនៅពេលខាងមុខ គឺយើងត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់យើង ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យដាក់ក្នុងប្រទេស ដើម្បីការពារសុវត្ថិភាពប្រព័ន្ធទិន្នន័យរបស់ប្រទេសយើង និងងាយនៅក្នុងការទាញយកមកប្រើប្រាស់។
-សម្ដេចធិបតី ថ្លែងណែនាំដល់ក្រសួងស្ថាប័នផ្សេងៗសហការជាមួយក្រសួងប្រៃសណីយ៍និងទុរគមនាគមន៍រៀបចំប្រព័ន្ធទិន្នន័យដោយខ្លួនឯងឲ្យប្រទាក់ក្រឡាគ្នាដើម្បីធានាសុវត្ថិភាពនិងចីរភាព។
-សម្ដេចធិបតី ថ្លែងប្រកាសជាសាធារណៈថា មិនមានការផ្លាស់ប្ដូររដ្ឋមន្ត្រីនៅតាមក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលបន្ថែមនោះឡើយ។
-សម្ដេចធិបតី ថ្លែងថា សម្ដេចក្នុងនាមជានាយករដ្ឋមន្រ្ដី មិនបានដឹងថាមានការផ្លាស់ប្ដូររដ្ឋមន្រ្ដីរូបណាទៀតនោះទេ ពីព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងខិតខំបន្តដំណើរអនុវត្តគោលនយោបាយ និងទិសដៅការងាររបស់ខ្លួន។
-សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យពន្លត់ពាក្យចចាមអារ៉ាមពាក់ព័ន្ធព័ត៌មានមិនពិតនេះ។
-សម្ដេចធិបតី ថ្លែងថា ការជឿលើជំនឿអ្វីមួយ ជាសិទ្ធិរបស់បុគ្គលផ្ទាល់ខ្លួន តែមិនត្រូវធ្វើឱ្យប៉ះពាល់ដល់តម្លៃមរតកវប្បធម៌ដូនតាខ្មែរ និងមិនត្រូវធ្វើឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃនោះឡើយ។ សម្ដេចធិបតីបញ្ជាក់បន្ថែមថា រាល់ជំនឿទាំងអស់មិនត្រូវបំផ្លាញសិទ្ធិរួមរបស់ជាតិនោះឡើយ។
-សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យរួមគ្នាការពារវប្បធម៌ ដូនតាខ្មែរយើង ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដើម្បីតែបានអ្នកចូលមើលច្រើន ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីជាតិខ្មែរ ជាពិសេសក្រុមអ្នកបង្កើតមានតិកាផ្សេងៗ។
-សម្ដេចធិបតី ក៏បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវអនុវត្ត ពិនិត្យឱ្យបានសកម្មលើរឿងនេះ។
-សម្ដេចធិបតី ថ្លែងណែនាំឱ្យក្រសួង ស្ថាប័ន និងកងកម្លាំងទាំងអស់ ត្រៀមខ្លួនជានិច្ចក្នុងការទប់ស្កាត់បទល្មើសបច្ចេកវិទ្យា និងបទល្មើសល្បែងអនឡាញ។
គួរជម្រាបថា បើតាមការបញ្ជាក់ពីលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា មានការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតមកលើប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជាក្នុងមួយឆ្នាំៗរាប់ពាន់លានដង ប៉ុន្តែត្រូវបានអ្នកជំនាញរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ទប់ស្កាត់បានទាំងអស់។ ចំពោះស្ថាប័នដែលមិនបានភ្ជាប់ ជាមួយក្រសួង គឺក្រសួងមិនទទួលបានទិន្នន័យពីការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតលើស្ថាប័នទាំងនោះនោះឡើយ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានគោរពស្នើសុំសម្ដេចធិបតីនាយករដ្ឋមន្ត្រី ជួយជំរុញការអនុម័តច្បាប់ស្ដីពីសន្តិសុខសាយប័រ (Law on Cybersecurity)ឱ្យបានលឿន ដោយសារកម្ពុជាមានការខាតបង់យ៉ាងតិចបីពាន់លានដុល្លារក្នុងមួយឆ្នាំ ដែល កើតមានដោយសារការលួចទិន្នន័យពីប្រព័ន្ធអ៊ីនធឺណិត។
សូមជម្រាបជូនថា បរិវត្តកម្មឌីជីថលមិនគ្រាន់តែជាការតភ្ជាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្តល់ឱកាស និងប្រសិទ្ធភាពដល់ការអភិវឌ្ឍវិស័យសំខាន់ៗដូចជា វិស័យសុខាភិបាល, កសិកម្ម និងអប់រំ ដែលតាមរយៈបច្ចេកវិទ្យាឌីជីថល អាចតភ្ជាប់គម្លាតនៃការថែទាំសុខភាពរវាងតំបន់ទីក្រុង និងតំបន់ដាច់ស្រយាល ឬតាមរយៈឧបករណ៍ឌីជីថល អាចឱ្យកសិករចាប់យកវិធីសាស្ត្រអនុវត្តកម្មឆ្លាតវៃ, បង្កើនផលិតភាព និងចូលទីផ្សារដោយផ្ទាល់យ៉ាងឆាប់រហ័ស។
រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដែលមានអាទិភាពគន្លឹះចំនួន ៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ជាពិសេស «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី ៤ ដោយបានកំណត់យកការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ក្នុងបញ្ចកោណទី ៥ ដើម្បីចូលរួមជំរុញសម្ទុះនៃកំណើនសេដ្ឋកិច្ចជាតិ និងកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់កម្ពុជា ឆ្នាំ២០៥០ ៕ដោយ៖ស តារា