សម្តេចធិបតី ជំរុញឱ្យក្រសួងពាក់ព័​ន្ធ​ន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បី​ការពារ​លំហ​សាយប័រ​នៅ​កម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ បានថ្លែង​ជំរុញឱ្យក្រសួងពាក់ព័​ន្ធ​ន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ (Cybersecurity Law) ឱ្យបានឆាប់រហ័ស ដើម្បី​ការពារ​លំហ​សាយប័រ​នៅ​កម្ពុជា កសាង​ទំនុក​ចិត្ត ​និង​ភាព​ជឿជាក់​លើ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​ដែល​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ឌីជីថល។

ជាក់ស្ដែង​ក្នុងឱកាសចូលរួមពិធីបិទ “សន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍” នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យពន្លឿនការររៀបចំសេចក្តីព្រៀងគោលនយោបាយ ច្បាប់ លិខិតបទដ្ឋាន គតិយុត្ត និងគោលការណ៍ណែនាំ ពាក់ព័ន្ធក្នុងវិស័យប្រៃសណីយ៍ និងទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល។ ជាពិសេស បច្ចេកវិទ្យាឈានមុនថ្មីៗ រួមមានបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ម៉ាស៊ីនស្វ័យសិក្សា ទិន្នន័យធំ និងបច្ចេកវិទ្យាអ៊ីនធឺណិត ដើម្បីធ្វើបដិវត្តន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។

សម្តេចធិបតី​នាយករដ្ឋមន្ត្រី បានជំរុញថា៖«ខ្ញុំសូមឱ្យក្រសួងពាក់ព័ន្ធ ពន្លឿនការរៀបចំនូវច្បាប់សន្តិសុខ សាយប័រ សូមសហការគ្នាដើម្បីពន្លឿនច្បាប់នេះចេញ ដើម្បីជាមូលដ្ឋានគតិយុត្ត ដើម្បីបន្តដំណើរទៅមុខឱ្យបានឆាប់ទៅតាមសំណូមដែលឯកឧត្តម ជា វ៉ាន់ដេត ដែលបានលើកឡើង»។

បន្ថែមពីនេះ​ សម្តេចធិបតី ក៏បានជំរុញឱ្យបន្តគុណភាពសេវាប្រៃសណីយ៍ លើកកម្ពស់ទំនុកចិត្ត និងការអភិវឌ្ឍវិស័យប្រៃសណីយ៍បន្តទៀត ដើម្បីគាំទ្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ​

សូមជម្រាបថា​ ដំណើរការនៃឌីជីថលភាវូបនីយកម្មនៅប្រទេសកម្ពុជា​ បានចាប់ផ្តើមរយៈពេលពីរទសវត្សមកហើយ និងបានផ្លាស់ប្តូរខ្លួនយ៉ាងឆាប់រហ័សក្នុងវិស័យសង្គម នយោបាយ និងសេដ្ឋកិច្ច ក្នុងការអភិវឌ្ឍប្រទេស។ ទោះយ៉ាងណាក៏ដោយ ភាពពេញនិយមនៃការប្រើប្រាសអ៊ីនធឺណិត ឧបករណ៍ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្សេងៗក៏នាំមកនូវបញ្ហាប្រឈម ថ្មីៗផងដែរ ពោលគឺបញ្ហាសន្តិសុខនៅក្នុងវិស័យឌីជីថល។

ដើម្បីដោះស្រាយបញ្ហាដែលកើតមាន ក្នុងយុគសម័យឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការផ្លូវច្បាប់ថ្មី ដើម្បីដោះស្រាយឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត និងធ្វើឱ្យលំហឌីជីថលកាន់តែមានសុវត្ថិភាពជាងមុន។

ដូចនេះ ការមានច្បាប់សន្តិសុខសាយប័រ វាមានសារៈសំខាន់ណាស់សម្រាប់ស្ថាប័ន និងប្រព័ន្ធ របស់រដ្ឋាភិបាលដើម្បី ការពារព័ត៌មានរសើប រក្សាការជឿទុកចិត្តសាធារណៈ ធានាប្រតិបត្តិការរបស់រាជរដ្ឋាភិបាល ការពារការក្លែងបន្លំ និងការគំរាមកំហែងតាមអ៊ីនធឺណិត៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print