ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានី
ភ្នំពេញ នាររសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៣ នាក់ និងបក្ខពួក ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅផ្លូវបេតុងលេខ៤២ ភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។
កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល ១៨ និង ៣០នាទី មានក្រុមក្មេងទំនើងមួយក្រុម មានរហស្សនាមថា ក្រុម RL ZIN (រំលេចស៊ីន) មានគ្នាចំនួន ០៦ នាក់ បានធ្វើសកម្មភាពនាំគ្នាជិះម៉ូតូទៅអែបពី ចំហៀងខាងឆ្វេងជនរងគ្រោះដែលកំពុងជិះម៉ូតូតែម្នាក់ឯង និងបានប្រើប្រាស់ពូថៅចំនួន ០១ដើម ធ្វើការកាប់ទៅលើ ជនរងគ្រោះ បណ្តាលឱ្យរងរបួសក្បាលផ្នែកខាងក្រោយ ដេរចំនួន ០៥ផ្ទេរ នៅចំណុចផ្លូវបេតុងលេខ៤២ ភូមិតាគល់ សង្កាត់ពន្សោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួចក្រុមក្មេងទំនើងខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនអស់។ រហូតមកដល់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣ នាក់ ១.ឈ្មោះ ចំរើន ករុណា ហៅ វែង ភេទប្រុស អាយុ១៧ឆ្នាំ ២.ឈ្មោះ ហឿន ហៀង ភេទប្រុស អាយុ២១ឆ្នាំ និង ៣.ឈ្មោះ សម្បត្តិ សួរ ភេទប្រុស អាយុ២១ឆ្នាំ។ ចំណែកឯបក្ខពួកដែលពាក់ព័ន្ធនឹងករណីខាងលើនេះសមត្ថកិច្ច បាននឹងកំពុងស្រាវជ្រាវបន្ត។
បច្ចុប្បន្ន ជនត្រូវចោទដែលជាក្មេងទំនើង កំពុងស្ថិតក្នុងដំណាក់កាលចៅក្រមស៊ើបសួរបន្ត៕ ដោយ៖ រ៉ារ៉ា