អគ្គិភ័យឆាប់ឆេះផ្ទះជនជាតិអ៊ិស្លាមនៅខណ្ឌឬស្សីកែវ​ អស់ចំនួន០១ខ្នង

ចែករំលែក៖

ភ្នំពេញ៖ ផ្ទះជនជាតិអ៊ីស្លាមមួយខ្នងនៅសង្កាត់ច្រាំងចំរេះទី១ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅបណ្តាលឱ្យរងការខូចខាតទាំងស្រុង ខណៈពេលដែលម្ចាស់ផ្ទះចាក់សោទុកចោល។  ហេតុការនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥នៅចំណុចផ្លូវលំ ភូមិ២ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះឈ្មោះម៉ាន រ៉ូសហានី ភេទស្រី  អាយុ ៤៣ឆ្នាំ ជនជាតិ ខ្មែរអ៊ិស្លាម ។

   តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម្ចាស់ផ្ទះបានចាក់សោរទុកចោលហើយគេឮសូរសំឡេងផ្ទុះ ភ្លើងក៏បានឆាប់ឆេះយ៉ាងសន្ធោសន្ធៅចេញពីជាន់លើបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរខាងនាំគ្នាទៅធាក់ទ្វារជួយពន្លត់និងទាក់ទងរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅអន្តរាគមន៍ផងដែរ។

   យោងតាមនគរបាលការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះនៃស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅក្នុងហេតុការណ៍អគ្គីភ័យនេះរថយន្តពន្លត់អគ្គីភ័យចំនួន៧ គ្រឿងក្នុងនោះរថយន្តការិយាល័យពន្លត់អគ្គីភ័យចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើរនឹង  ១២ម៉ែត្រគូប និងរថយន្តអគ្គិភ័យរបស់សាលាខណ្ឌឬស្សីកែវ ចំនួន ០១គ្រឿង ,ទូកកាណូតពន្លត់អគ្គិភ័យ ចំនួន០២ទូក បានទៅអន្តរាគមន៍បាញ់ពន្លត់ហើយភ្លើងបានរលត់ទៅវិញនៅវេលាម៉ោង ១និង ៤០នាទីរសៀលថ្ងៃដដែល។ 

   តាមនគរបាលឲ្យដឹងទៀតថា អគ្គីភ័យនេះបណ្ដាឲ្យផ្ទះមួយខ្នងធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៦ម៉ែត្រ x ១០ម៉ែត្រត្រូវភ្លើងឆេះរងការខូចខាតទាំងស្រុងរួមជាមួយសម្ភារៈមួយចំនួនទៀត។តែពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។មូលហេតុដែលកើតមានអគ្គីភ័យនេះបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី៕ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print