ប្រវត្តិសាស្រ្តខ្មែរក្នុងបរិបទសកលលោកការបើកសករាជថ្មី និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា (ត)

ចែករំលែក៖

ភ្នំពេញ ៖ សមិទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជានៅក្នុងឆ្នាំ ១៩៨៩-២០១៨

កំណែទម្រង់ ៖ មុំទីបីនៃ«យុទ្ធសាស្រ្តត្រីកោណ»របស់រដ្ឋាភិបាល កម្ពុជា គឺការជំរុញការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈកម្មវិធីកំណែ ទម្រង់ទូលំទូលាយ ដែលពាក់ព័ន្ធនឹងកំណែទម្រង់សាធារណៈ វិមជ្ឈការ ការកាត់បន្ថយចំនួនកងទ័ព កំណែទម្រង់ច្បាប់និងតុលាការ សមភាព យេនឌ័រ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ ការលុបបំបាត់អំពើពុករលួយ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព។

ការអភិវឌ្ឍសេដ្ឋកិច្ច ៖ យើងអាចបែងចែកការវិវត្តសេដ្ឋកិច្ចកម្ពុជា ជាដំណាក់កាលសំខាន់ៗដូចតទៅ ៖ (១) ដំណាក់កាលស្ដារឡើងវិញ ពី ឆ្នាំ១៩៧៩-១៩៨៨ (២) ដំណាក់កាលអន្តរកាល ពីឆ្នាំ១៩៨៩-១៩៩២ (៣) ដំណាក់កាលនៃការស្ថាបនាឡើងវិញ ពីឆ្នាំ១៩៩៣-១៩៩៨ និង (៤) ដំណាក់កាលអភិវឌ្ឍន៍ចាប់ផ្តើមពីឆ្នាំ១៩៩៩មក។ សេដ្ឋកិច្ចកម្ពុជា កើនឡើងជាលំដាប់ ក្នុងដំណាក់ទាំងបួននេះ ៖

ឆ្នាំ១៩៧៩-១៩៨៨ ៖ កម្ពុជាត្រូវចាប់ផ្តើមកសាងប្រទេសពីបាតដៃ ទទេ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមរួចមក។ នៅក្នុងដំណាក់កាល ស្តារឡើងវិញ ពីឆ្នាំ១៩៧៩-១៩៩០ ប្រទសកម្ពុជាត្រូវប្រឈមនឹងផលវិបាក នៃការដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច។ អត្រាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំកើន ឡើងមិនលើស៣,៤%ក្នុង១៩៨៨-១៩៩១ ទោះបីជាកំណើនមធ្យមប្រចាំ ឆ្នាំក្នុងវិស័យរោងចក្រកើនឡើងដល់៦,៣%ក៏ដោយ។

ឆ្នាំ១៩៨៩ ៨៩-១៩៩២ ៖ គឺជាដំណាក់កាលអន្តរកាល ដើម្បីង្កើតមូល-ដ្ឋានសេដ្ឋកិច្ចទីផ្សារ ដូចជាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅឆ្នាំ១៩៨៩ ដើម្បីទទួលស្គាល់នូវកម្មសិទ្ធិឯកជន ឯកជនភាវូបនីយកម្មនៃសហគ្រាស រដ្ឋ ការរំលាយចោលនូវក្រុមសាមគ្គីបង្កបង្កើនផលក្នុងវិស័យកសិកម្ម និង ការរៀបចំការបោះឆ្នោតសេរី ពហុបក្ស ដើម្បីបង្កើតឡើងនូវមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យជាដើម។

ឆ្នាំ១៩៩៣-១៩៩៨ ៖ គឺជាដំណាក់កាលពង្រឹងមូលដ្ឋានសេដ្ឋកិច្ច ទីផ្សារ និងការកសាងឡើងវិញ តាមរយៈការអនុវត្តនូវកំណែទម្រង់ហិរញ្ញ វត្ថុសាធារណៈលើកទីមួយ ក្នុងគោលដៅពង្រឹងមូលដ្ឋាននៃការគ្រប់គ្រង ម៉ាក្រូសេដ្ឋកិច្ច ការរៀបចំប្រព័ន្ធថវិកាជាតិ និងប្រព័ន្ធប្រមូលពន្ធប្រមូលផ្តុំ នៅរដ្ឋបាលកណ្តាល និងការរៀបចំក្របខ័ណ្ឌគតិយុត្តិសម្រាប់សហគ្រាស សាធារណៈ និងឯកជន។ នៅក្នុងដំណាក់កាលនេះ កម្ពុជាសម្រេចបាន អត្រាមធ្យមប្រចាំឆ្នាំ៦,៣% ទោះបីជាមានវិបល្លាស ដែលបណ្តាលមកពី វិបត្តិហិរញ្ញវត្ថុនៅអាស៊ីនៅឆ្នាំ១៩៩៧-១៩៩៨យ៉ាងណាក្តី។

ឆ្នាំ១៩៩៩-បច្ចុប្បន្ន ៖ គឺជាដំណាក់កាលអភិវឌ្ឍន៍ ដែលចាប់ផ្តើម ពីការអនុវត្ត«យុទ្ធសាស្រ្តត្រីកោណ» ដើម្បីពង្រឹងសុខសន្តិភាព និងធ្វើ សមាហរណកម្មចូលក្នុងតំបន់ និងពិភពលោក។ ការបោះឆ្នោតនៅឆ្នាំ ១៩៩៨ បានបង្កើតនូវលក្ខខណ្ឌចាំបាច់នានាសម្រាប់បង្កើតស្ថិរភាពនយោ-បាយនៅក្នុងប្រទេស និងអាចឱ្យរដ្ឋាភិបាលផ្តោតលើការគ្រប់គ្រងម៉ាក្រូ សេដ្ឋកិច្ច។ ចាប់ពីឆ្នាំ២០០៤មក គឺជាដំណាក់កាលអនុវត្ត«យុទ្ធសាស្ត្រ ចតុកោណ» ដោយផ្តោតជាសំខាន់លើការពង្រឹងការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធធនាគារ និងការកសាង ឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាពិសេសការកសាងឡើងវិញនៃ ប្រព័ន្ធផ្លូវជាតិ។ ដំណាក់កាលនេះ គឺជាដំណាក់កាលហក់ឡើងនៃសេដ្ឋកិច្ច កម្ពុជា និងការអនុវត្តកំណែទម្រង់ដំណាក់កាលទី២ ជាពិសេសការអនុវត្ត នូវយុទ្ធសាស្រ្តចតុកោណ ការចាប់ផ្តើមអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញ វត្ថុសាធារណៈដំណាក់កាលទីមួយ និងការកសាងនូវប្រព័ន្ធផ្លូវខេត្ត និង ផ្លូវលំ។ នៅក្នុងដំណាក់កាលនេះ សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើន ខ្ពស់ និងការវិនិយោគទុនកើនឡើង ការគ្រប់គ្រងរូបិយវត្ថុ និងសារពើពន្ធ បានប្រសើរជាងមុន ដែលជាលទ្ធផលនាំឱ្យមានអតិផរណាទាប និងទុន
បម្រុងអត្រាប្តូរប្រាក់ខ្លាំង លំហូរចូលនៃការផ្ទេររូបិយវត្ថុបរទេសផ្លូវការ និង មូលធនឯកជនច្រើនជាងមុន និងការអភិវឌ្ឍវិស័យឯកជនបានលឿន។ កម្ពុជាទទួលបាននូវជំនួយពីក្រៅប្រទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ សម្រាប់ ការអភិវឌ្ឍប្រទេសជាតិ។

យុទ្ធសាស្រ្តចតុកោណ ៖ នៅឆ្នាំ២០០៣ ប្រទេសកម្ពុជាបានដើរដល់ ចំណុចផ្លូវប្រសព្វមួយនៅចុងអាណត្តិនយោបាយទី២របស់រដ្ឋាភិបាល។ ក្រោយការបោះឆ្នោតឆ្នាំ២០០៣ ប្រទេសកម្ពុជាពិតជាចង់ធ្វើដំណើរឱ្យបាន លឿនលើវិថីនៃទំនើបភាវូបនីយកម្ម។ នៅពេលចាប់ផ្តើមពិធីបើកកិច្ចប្រជុំ គណៈរដ្ឋមន្ត្រី នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០០៤ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនដាក់ចេញនូវ«យុទ្ធសាស្រ្តចតុកោណ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាពនៅកម្ពុជា»។ ចំណុចស្នូលនៃយុទ្ធសាស្ត្រនេះគឺ អភិបាលកិច្ចល្អ។ ជោគជ័យនៃការអនុវត្តយុទ្ធសាស្ត្រនេះ គឺអាស្រ័យលើ ការបង្កើតនូវបរិយាកាសអំណោយផលមួយក្នុង ផ្នែកសំខាន់ៗទាំងបួន ៖ (១) សន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម (២) ភាព ជាដៃគូសម្រាប់ការអភិវឌ្ឍ ជាពិសេសភាពជាដៃគូជាមួយវិស័យឯកជន សហគមន៍ម្ចាស់ជំនួយ និងសង្គមស៊ីវិល (៣) ស្ថិរភាពសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ និង (៤) សមាហរណកម្មកម្ពុជាចូលទៅក្នុងតំបន់ និងពិភពលោក។

មុំទាំងបួននៃចតុកោណដែល ផ្តោតលើកំណែទម្រង់មាន ៖ (១) ការលុបបំបាត់អំពើពុករលួយ (២) កំណែទម្រង់ច្បាប់ និងតុលាការ (៣) កំណែទម្រង់រដ្ឋបាលសាធារណៈ រួមទាំងវិមជ្ឈការ និងសហវិមជ្ឈការ និង (៤) កំណែទម្រង់កងកម្លាំងប្រដាប់អាវុធ ជាពិសេសការកាត់រំសាយទ័ព។ ចុងក្រោយ មុំទាំងបួននៃចតុកោណសម្រាប់ការបង្កើតកំណើនគឺ ៖ (១) ការជំរុញវិស័យកសិកម្ម (២) ការអភិវឌ្ឍវិស័យឯកជន និងការបង្កើត ការងារ (៣) ការស្តារនីតិសម្បទា និងការស្ថាបនាឡើងវិញនូវហេដ្ឋារចនា សម្ព័ន្ធ និង (៤) ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ៕

...


ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print