ភ្នំពេញ ៖ ជារួម ថ្វីត្បិតតែមូលដ្ឋានសេដ្ឋកិច្ចកម្ពុជាត្រូវបានពង្រឹងចាប់តាំងពី ឆ្នាំ១៩៩៣ តាមរយៈការបង្កើតឡើងនូវរាជរដ្ឋាភិបាលនីតិកាលទីមួយ ការ អភិវឌ្ឍសេដ្ឋកិច្ចពិតប្រាកដទើបតែចាប់ផ្តើមនៅក្នុងឆ្នាំ១៩៩៩ប៉ុណ្ណោះ ដោយកម្ពុជាបានធ្វើសមាហរណកម្មរូបវន្តនូវតំបន់ផ្សេងៗដែលពីពេលមុន ស្ថិតនៅក្នុងការត្រួតត្រារបស់ពួកខ្មែរក្រហម និងការកសាងឡើងវិញនូវ បណ្តាញផ្លូវ ដើម្បីផ្សារភ្ជាប់សេដ្ឋកិច្ចកម្ពុជាឱ្យក្លាយទៅជាសរីរាង្គតែមួយ។ នៅផ្នែកខាងក្រោមនេះ យើងនឹងវិភាគពីការផ្លាស់ប្តូររចនាសម្ព័ន្ធនៃសេដ្ឋកិច្ច កម្ពុជានៅក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយផ្តោតជាសំខាន់ លើដំណាក់កាលមួយទសវត្សរ៍ចុងក្រោយនៃកំណើនសេដ្ឋកិច្ច។
ក-សេដ្ឋកិច្ចកម្ពុជា
ចាប់តាំងពីឆ្នាំ១៩៩៤មកដល់ឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាសម្រេចបាន កំណើនខ្ពស់ប្រកបដោយចីរភាព ដោយមានកំណើនសេដ្ឋកិច្ចជាមធ្យម៧% ក្នុងមួយឆ្នាំ ហើយកម្ពុជាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ជាងគេ ក្នុងចំណោមប្រទេសចំនួន១០លើសកលលោក។ សេដ្ឋកិច្ចកម្ពុជាមាន មូលដ្ឋានសំខាន់ៗដូចជា ៖ វិស័យកសិកម្ម ឧស្សាហកម្មកាត់ដេរ វិស័យ សំណង់ និងវិស័យទេសចរណ៍។
កសិកម្ម ៖ វិស័យកសិកម្មនៅតែជាវិស័យចម្បងនៃសេដ្ឋកិច្ចកម្ពុជា និងជាប្រភពនៃការបង្កើតការងារនៅកម្ពុជា។ នៅឆ្នាំ២០១៨ កសិកម្មមាន ចំណែកស្មើនឹង៣០%នៃផលិតផលសរុបក្នុងស្រុក និងបង្កើតការងារសម្រាប់ ប្រជាពលរដ្ឋកម្ពុជាចំនួន៤០%។ វិស័យកសិកម្មសំខាន់ៗមាន ដំណាំស្រូវ កៅស៊ូ ពោត សណ្តែក ល្ង ដំឡូងមី ម្រេច ស្វាយចន្ទី ដំណាំហូបផ្លែ និងដំណាំ បន្លែ។ លក្ខណៈសំខាន់នៃវិស័យកសិកម្មក្នុងឆ្នាំ២០១៨ គឺការប្រើប្រាស់ គ្រឿងយន្តកសិកម្មជំនួសសត្វពាហនៈ ការកាត់បន្ថយចំនួនកម្លាំងពលកម្ម ក្នុងវិស័យកសិកម្ម ដើម្បីរំដោះកម្លាំងពលកម្មឱ្យទៅធ្វើការនៅក្នុងរោងចក្រកាត់ដេរវិញ។ ក្នុងន័យនេះ វិស័យកសិកម្មក្នុងពេលអនាគតនឹងលែងបង្កើត ទីកន្លែងការងារដ៏ច្រើនលើសលប់ ដូចពេលមុនទៀតហើយ។
ឧស្សាហកម្ម ៖ នៅកម្ពុជាមានសហគ្រាសប្រមាណជាកន្លះលាន ដែលដំណើរការក្នុងគ្រប់វិស័យ ដែលភាគច្រើន គឺជាសហគ្រាសមីក្រូ និង សហគ្រាសតូច និងមធ្យម។ នៅឆ្នាំ២០១៨ នៅកម្ពុជាមានរោងចក្រឧស្សា ហកម្មទាំងអស់ចំនួនប្រមាណជា១៥០០ ដែលក្នុងនោះរោងចក្រកាត់ដេរ មានចំនួន១០០០ ដែលបង្កើតការងារធ្វើដល់កម្មករជិត១លាននាក់ ដែល ក្នុងនោះមានស្ត្រីប្រមាណជាជិត៩០%។ ក្រៅពីរោងចក្រកាត់ដេរ គេឃើញ មានរោងចក្រផលិតអាហារ ភេសជ្ជៈ បារី ប្លាស្ទិច និងឧស្សាហកម្មគីមីជាដើម។ កម្ពុជានាំចេញផលិតផលកាត់ដេរចំនួន៧ពាន់លានដុល្លារ ដែលមានចំណែក ស្មើនឹង៨០%នៃការនាំចេញទំនិញសរុប។
ទេសចរណ៍ ៖ ទេសចរណ៍ជាវិស័យដ៏សំខាន់សម្រាប់សេដ្ឋកិច្ចកម្ពុជា។ នៅកម្ពុជាមានរមណីយដ្ឋានទេសចរណ៍វប្បធម៌ និងធម្មជាតិជាច្រើនឥត គណនា។ នៅឆ្នាំ២០១៨ មានភ្ញៀវទេសចរចំនួន៦លាននាក់មកទស្សនា កម្ពុជា ហើយបង្កើតការងារធ្វើបានរហូតដល់ជិតកន្លះលាននាក់។
ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ៖ កម្ពុជាសម្រេចបានវឌ្ឍនភាពសេដ្ឋកិច្ចគួរ ជាទីមោទនក្នុងរយៈពេល២ទសវត្សរ៍កន្លងទៅ ជាមួយនឹងកំណើនផលិត ផលសរុបក្នុងស្រុកពិត ផលសរុបក្នុងស្រុកពិត (ផសស) ជាមធ្យមប្រចាំឆ្នាំប្រមាណជា៧,៨% ក្នុង រវាងឆ្នាំ១៩៩៨ដល់២០១៨។ ផលិតផលសរុបក្នុងស្រុកបានកើនឡើងជិត ប្រាំបីដងពី៣,១ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ១៩៩៨ដល់២៤,៥ពាន់ លានដុល្លារនៅក្នុងឆ្នាំ២០១៨។ ជាមួយគ្នានេះដែរ ចំណូលប្រជាជនម្នាក់ៗ បានកើនឡើងជាងប្រាំមួយដងពី២៥៣ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅក្នុង ឆ្នាំ១៩៩៨ដល់១ ៥៥៥ដុល្លារអាមេរិកក្នុងមួយឆ្នាំ នៅក្នុងឆ្នាំ២០១៨។ ក្រៅ ពីកំណើនសេដ្ឋកិច្ចខ្ពស់ រាជរដ្ឋាភិបាលកម្ពុជាក៏ទទួលបានជោគជ័យក្នុង ការគ្រប់គ្រងអតិផរណាឱ្យស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបាន ពោលគឺពីអត្រា១៤,៧% ក្នុងឆ្នាំ១៩៩៨ មកត្រឹម២,៩% ក្នុងឆ្នាំ២០១៨។ ទន្ទឹមនេះ អត្រាភាពក្រីក្របានថយចុះជាបន្តបន្ទាប់ពី៥៣,២%មកត្រឹម១៣,៥%។ កម្ពុជាក៏បានពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់ខ្លួនគួរឱ្យកត់សម្គាល់។ ក្នុងនោះ ការនាំចេញសរុបបានកើនឡើង១៦ដងពី៨០០លានដុល្លារអាមេរិកក្នុងឆ្នាំ ១៩៩៨ដល់១២ ៧៦៨លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ជាលទ្ធផល ទុនបម្រុងអន្តរជាតិបានកើនឡើងពី៣៩០លានដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៨ ដល់១០០៥២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។ ក្រៅពីនេះ ចំណូល ជាតិសរុបបានកើនឡើងពី២៤៧លានដុល្លារអាមេរិកក្នុងឆ្នាំ១៩៩៨រហូត ដល់៤ ៧៣២លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៨។
ជំនួយសម្រាប់ការអភិវឌ្ឍប្រទេស ៖ ហិរញ្ញប្បទានខាងក្រៅ ជា ពិសេសជំនួយអភិវឌ្ឍន៍ផ្លូវការបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត មូលដ្ឋានគ្រឹះ សម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា។ ជំនួយអភិវឌ្ឍន៍ផ្លូវការរួម មាន ជំនួយឥតសំណង ឥណទាន និងជំនួយបច្ចេកទេសបានកើតឡើងពី ៦លានដុល្លារក្នុងឆ្នាំ១៩៩៣ដល់៧០០លានដុល្លារក្នុងឆ្នាំ២០០៨ និង ដល់ប្រមាណ១៥០០លានដុល្លារក្នុងឆ្នាំ២០១៨។ អ្នកដែលផ្តល់ជំនួយសំខាន់ៗ មាន អង្គការសហប្រជាជាតិ ធនាគារអភិវឌ្ឍអាស៊ី ធនាគារពិភពលោក អង្គការរូបិយវត្ថុអន្តរជាតិ ជប៉ុន សហភាពអឺរ៉ុប ចិន បែលហ្សិក ដាណឺម៉ាក ហ្វាំងឡង់ បារាំង សហរដ្ឋអាមេរិក អាឡឺម៉ង់ ហុល្លង់ អេស្ប៉ាញ ស៊ុយអែត ចក្រភពអង់គ្លេស អូស្ត្រាលី កាណាដា ណូវ៉ែលហស្សឡង់ ន័រវែស សាធា-រណរដ្ឋកូរ៉េ ស្វីស អង្គការក្រៅរដ្ឋាភិបាល និងប្រទេសដទៃទៀត។
ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ៖ ក្រោយពីសង្គ្រាមស៊ីវិល ដែល បានអូសបន្លាយអស់រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បានទទួលសន្តិភាពចាប់តាំងពីឆ្នាំ១៩៩៨ និងបាននិងកំពុងស្ថាបនាឡើង វិញនូវហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងរចនាសម្ព័ន្ធជាមូលដ្ឋានរបស់សង្គម និងកំពុងផ្តល់លទ្ធភាពឱ្យប្រទេសអាចបង្វែរទិសនៃធនធាន និងកម្លាំងរបស់ខ្លួនឆ្ពោះទៅរកទិសដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងស្មើភាពគ្នា។ សមិទ្ធិរបស់ប្រទេសក្នុងរយៈពេលម្ភៃឆ្នាំចុងក្រោយនេះ (១៩៩៨-២០១៨) បង្ហាញនូវអ្វីដែលប្រជាជនកម្ពុជាមានលទ្ធភាពធ្វើបាន នៅពេលដែលខ្លួន យកទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់ខ្លួនមកប្រើប្រាស់ដើម្បីបុព្វហេតុ សន្តិភាព។ ឥឡូវនេះ ប្រទេសកម្ពុជាបានងាកមករកគន្លងដ៏ត្រឹមត្រូវ ដើម្បី ទទួលបានភាពជាប្រទេសនាំមុខគេមួយក្នុងចំណោមសហគមន៍ប្រជាជាតិ។ រាជរដ្ឋាភិបាលកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រដែលមានប្រសិទ្ធភាព មួយ ដើម្បីកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ជាពិសេសផ្លូវថ្នល់ និងស្ពាន ដែលជាមូលដ្ឋានគ្រឹះសំខាន់នៃសេដ្ឋកិច្ចជាតិ សម្រាប់បង្កើតបណ្តាញប្រតិ បត្តិការផ្លូវថ្នល់ទូលំទូលាយ ដែលអាចឱ្យកម្ពុជាជំរុញសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ សម្របសម្រួលចរាចរទំនិញនិងសេវា លើកស្ទួយការ វិនិយោគក្នុងស្រុក និងពីក្រៅប្រទេស និងពង្រីកសក្តានុពលនៃសេដ្ឋកិច្ច ជនបទ។ ការកាត់បន្ថយថ្លៃដឹកជញ្ជូននឹងជំរុញការវិនិយោគពាណិជ្ជកម្ម ឯកជន និងការងារធ្វើ។
ការអភិវឌ្ឍវិស័យអប់រំ ៖ បន្ទាប់ពិសម្រេចបាននូវសន្តិភាពពេញ លេញទូទាំងប្រទេស រាជរដ្ឋាភិបាលកម្ពុជាបានផ្តោតការយកចិត្តទុកដាក់ លើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដោយកាត់បន្ថយចំណាយលើវិស័យយោធា និងសន្តិសុខ ដើម្បីបង្កើនចំណាយលើវិស័យសង្គមកិច្ច ជាពិសេសវិស័យ អប់រំ និងសុខាភិបាល។ វិស័យអប់រំសម្រេចបាននូវសមិទ្ធផលយ៉ាងធំធេង ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ ជាអាទិ៍ ៖ (១) ចំនួនសាលារៀនបានកើនឡើងពី៧ ០០០រហូតដល់១៣ ០០០សាលា (២) ចំនួនសិស្សបានកើនឡើងពី២លាននាក់ដល់៣លាននាក់ (៣) អត្រា សិស្សចូលរៀនកម្រិតមត្តេយ្យសិក្សាបានកើនឡើងចំនួន៦០%ពី៧% ដល់ ៦៧% (៤) អត្រាសិស្សចូលរៀនកម្រិតបឋមសិក្សាបានកើនឡើងចំនួន ២០%ពី៧៨%ដល់៩៨% គឺសិស្សមានចំនួនជាង២លាននាក់ក្នុងឆ្នាំ២០១៨៕