ខេត្តបាត់ដំបង៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយមន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ បានអញ្ជើញចុះជំរុញពន្លឿនការងារដោះមីន ដើម្បីធ្វើផ្លូវដឹកគ្រឿងចក្រចូលការដ្ឋានសាងសង់សំណង់ស្ទាក់ទឹកស្ទឹង ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។
សូមជម្រាបថា ដំណើរចុះពិនិត្យការងារនាពេលនេះមានការចូលរួមពីអាជ្ញាធរថ្នាក់ក្រោមជាតិ សាលាស្រុកសំឡូត មេឃុំនិងមេភូមិពាក់ព័ន្ធទាំងអស់ ពលទាហាន នាយទាហាននៃតំបន់ប្រតិបត្តិការសឹករងស្រុកសំឡូត និងកងដោះមីន ជាច្រើនរូបផងដែរ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា ការងារធ្វើផ្លូវគឺដើម្បីនាំគ្រឿងចក្រនិងសម្ភារៈចូលទៅកាន់ការដ្ឋានសាងសង់ទំនប់ស្ទាក់ទឹកស្ទឹងក្រញូង ក្បាលស្ទឹងសង្កែដែលជាចំណុចប្រសព្វនៃកំពូលស្ទឹងទាំងបួនគឺស្ទឹងរនោង ស្ទឹងក្រូច ស្ទឹងវាលរលឹម និងស្ទឹងតាតោក ស្ថិតក្នុងភូមិសាស្ត្រស្រុករតនមណ្ឌល និងស្រុកសំឡូត ខេត្តបាត់ដំបង។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ការកសាងសំណង់ស្ទាក់ទឹកស្ទឹង ព្រមទាំងមានការទប់ភ្នំចំនួនពីរ គឺមិនត្រឹមតែដើម្បីរក្សាស្តុកទឹកទុករាប់លានម៉ែត្រគូបកុំឱ្យហូរទៅប្រទេសជិតខាង ធានានូវសន្តិសុខទឹក ប៉ុណ្ណោះទេ ប៉ុន្តែដើម្បីទប់ទល់នឹងគ្រោះមហន្តរាយដែលបង្កឡើងដោយទឹកជំនន់គ្រប់ប្រភេទនិងគ្រោះរាំងស្ងួតដែលតែងយាយីខេត្តបាត់ដំបងជាប្រចាំ ពីការប្រែប្រួលអាកាសធាតុដ៏ខ្លាំង។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋលេខាធិការក៏បាននាំយកអំណោយរបស់លោករដ្ឋមន្ដ្រី ថោ ជេដ្ឋា ជូនដល់ក្រុមគ្រួសារកងទ័ព នាយទាហាន និងពលទាហានដែលឈរជើងការពារនិងដោះមីនក្នុងតំបន់ការដ្ឋានកសាងទំនប់ទឹកខាងលើផងដែរ៕
ដោយ៖តារា